Friday, April 26, 2024
Homeព័ត៌មានជាតិប្តីប្រពន្ធស្រីដូចគ្នា ឆ្លើយតបអ្នកឆ្ងល់ចង់ដឹង រួមរ័កតាមណា?

ប្តីប្រពន្ធស្រីដូចគ្នា ឆ្លើយតបអ្នកឆ្ងល់ចង់ដឹង រួមរ័កតាមណា?

ខេត្តកំពង់ឆ្នាំង ៖ គូស្នេហ៍ភេទដូចគ្នា (ស្រីស្រលាញ់ស្រី) មួយគូ បានធ្វើឱ្យមានការចាប់អារម្មណ៍ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីពួកគេបានដឹកដៃគ្នាចូលរោងការក្រាបក្បាលដល់កន្ទេលតាមប្រពៃណីខ្មែរ មិនខុសពីគូស្នេហ៍ប្រុសស្រីនោះឡើយ ជាមួយគ្នានេះក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើកឡើងរិះគន់ចំពោះចំណងស្នេហ៍ភេទដូចគ្នានេះ រហូតមានអ្នកខ្លះមានចម្ងល់ចង់ដឹងថា ប្តីប្រពន្ធស្រីដូចគ្នារួមរ័កតាមណា? ធ្វើឱ្យប្តីប្រពន្ធស្រីដូចគ្នានេះ ក្តៅស្លឹកត្រចៀកពេក ក៏បញ្ចោញសារឆ្លើយតបចំៗឱ្យអ្នកពូកែឆ្ងល់កប់យោបល់តែម្តង។

ប្តីប្រពន្ធភេទដូចគ្នាខាងលើនេះ ភាគីដើរតួជាប្តី មានឈ្មោះយ៉ាន សុខហេង ចំណែកភាគីដើរតួជាប្រពន្ធ មានឈ្មោះ ច្រឹង ច័ន្ទូសុផាណារ័ត្ន។ គូស្វាមីភរិយាខាងលើនេះបានរៀបការកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។

ក្រោយពីរូបភាពមង្គលការរបស់អ្នកទាំងពីរខាងលើត្រូវបានបង្ហោះ និងចែករំលែក (share) ពេញបណ្តាញសង្គមហ្វេសប៊ុក ក៏មានអ្នកបញ្ចោញយោបល់ការយល់ឃើញ  (Comment) ផ្សេងៗគ្នា រហូតមានអ្នកខ្លះឆ្ងល់ចង់ដឹងថា បើប្តីប្រពន្ធស្រីដូចគ្នាបែបនេះ តើរួមរ័កគ្នាតាមណា ?

ឆ្លើយតបទៅនឹងចម្ងល់របស់អ្នកពូកែឆ្ងល់ពូកែចង់ដឹងរឿងគេខាងលើនេះ សាមីខ្លួនជាប្រពន្ធឈ្មោះច្រឹង ច័ន្ទសុផាណារ័ត្ន ហៅស្រីណា កំពង់ឆ្នាំង បានសរសេរឆ្លើយតបតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ថា “ឃើញ Comment បងប្អូនដែលបាន comment តាម Page សារព័ត៌មានមួយចំនួនដែលបាន Post រឿងមង្គលការរបស់ពួកខ្ញុំ (ស្រីស្រលាញ់ស្រី) ស្ទើរមិនជឿថា មានមនុស្សដែលចូលចិត្តមើលងាយគេច្រើនយ៉ាងនេះសោះ សម្តីនិយាយមកគ្មានក្រមសីលធម៌អីតិចសោះ និយាយមួយម៉ាត់ទៅ ដូចអត់មានអាណាប្រដៅ អ៊ីចឹងចង់ប្រាប់ថា ប្រភេទមនុស្សប្រុសខ្លះ សារីដូចអ្នកឯងនេះបំពេញតួនាទីជាប្តីល្អ មិនបានមួយចំណិតរោមជើងប្តីរបស់ខ្ញុំផង សូមជ្រាប! ទុកពាក្យមើលងាយរបស់អ្នកឯងមកលើពួកខ្ញុំ ទៅមើលថែគ្រួសារនិងប្រពន្ធកូនអ្នកឯងឱ្យមានក្តីសុខទៅចុះ កុំខ្វល់រឿងខ្ញុំអត់អ្នកបន្តពូជ ខ្ញុំមានកូនស្រី២នាក់ហើយ បើខ្វល់ចង់ដឹងខ្ញុំរួមរ័កតាមណា មើលម៉ែឪអ្នកឯងទៅ Style មិនខុសគ្នាទេ (អញក្តៅណាស់) ដៀលខ្ញុំសុទ្ធតែខុសសីលធម៌ (ខ្ញុំស្រីនិងស្រី តែខ្ញុំរៀបការក្រាបក្បាលដល់កន្ទេលណា៎) អ្នកឯងធ្វើបានដូចប្តីខ្ញុំនៅ? បាតដៃទទេ ការមិនបានសុំលុយម៉ែឪមួយរៀលទេ រកដោយដៃ និងសមត្ថភាពគាត់ សូមកុំមើលងាយគេ បើអ្នកធ្វើមិនបានដូចគេ ឈប់បានឈប់ បើច្រណែនគេ ប្រឹងកែខ្លួនឯងឱ្យល្អជាងគេ…”។

ស្ត្រីជាប្រពន្ធដដែលបន្តថា “ខ្ញុំស្លូតតើចង់និយាយអីនិយាយទៅ ទាន់ខ្ញុំកំពុងតែរវល់ប្រយ័ត្នតែនិយាយចំពេលខ្ញុំទំនេរ ខ្ញុំឮ ខ្ញុំដឹងតែជេរហើយ អត់ចេះនិយាយស្រួលជាមួយទេ ព្រោះអ្នកឯងមើលងាយខ្ញុំមុន…”។

យ៉ាងណា ស្ត្រីដែលស្រលាញ់ស្រីដូចគ្នាខាងលើ ក៏បានបញ្ជាក់ឱ្យដឹងផងដែរ ពីហេតុផលដែលនាំឱ្យចំណងស្នេហ៍ភេទដូចគ្នារបស់ពួកនាងអាចឈានដល់ការរៀបការថា “ស្រីនិងស្រី រៀបការជាមួយគ្នាបានដែរ? ជីវិតគូមិនសំខាន់ (ភេទ) ឬលើការរៀបការទេ អ្វីដែលសំខាន់ តើយើងបានជ្រើសរើសមនុស្សត្រូវឬខុស? តើមនុស្សដែលយើងបានជ្រើសនោះ អាចមើលថែយើង ផ្តល់ក្តីសុខឱ្យយើងពិតប្រាកដ ច្បាស់លាស់បាននៅ? រៀនស្វែងយល់ពីគ្នា ចេះអត់ឱនឱ្យគ្នា ចេះទទួលកំហុស ព្រមចាញ់គ្នាផ្តល់ការស្រលាញ់ និងក្តីអាណិតឱ្យគ្នាឱ្យច្រើនជាងអ្នកដទៃ រាល់ថ្ងៃនេះខ្ញុំមានក្តីសុខផ្លូវចិត្ត លើសលប់អ្វីៗដែលខ្ញុំរំពឹងទុកទៅទៀត ស្ទើរមិនជឿថា នៅមានមនុស្សម្នាក់ ដែលអាចផ្តល់ឱ្យអូនបានគ្រប់យ៉ាងនេះ គ្មានចន្លោះបែបនេះសោះ អរគុណប្តីសម្លាញ់ Soriyan Sokheng ខ្លាំងៗ ដែលបានចូលមកបំពេញក្តីប្រាថ្នារបស់អូន ហើយព្រមកាន់ដៃអូនទៅសម្រេចក្តីបំណងរបស់យើងទាំងអស់គ្នា សុភមង្គលពិតរវាងស្នេហាស្រីនិងស្រី…”។

ដោយឡែក ភាគីនារីដែលដើរតួជាប្តី ក៏បានបញ្ជាក់ឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែរថា “មនុស្សស្រី ដែលអាចបំពេញក្តីសុខឱ្យខ្ញុំគ្រប់យ៉ាងបាន គឺមានតែស្ត្រីម្នាក់នេះម្នាក់គត់ បន្ទាប់ពីម្តាយខ្ញុំ ស្រីណា កំពង់ឆ្នាំង អរគុណដែលតស៊ូជាមួយគ្នាស្រលាញ់អូនស្មើ ជីវិត…”។

ទោះបីយ៉ាងណា ជុំវិញចំណងស្នេហ៍ប្តីប្រពន្ធភេទដូចគ្នាខាងលើនេះ ក្រៅពីអ្នករិះគន់ ពេប ចំអក ក៏មានអ្នកអបអរសាទរសរសើរថា ទោះបីជាស្នេហាភេទដូចគ្នា ប៉ុន្តែបានបំពេញមុខឪពុកម្តាយ រហូតដល់ដឹកដៃគ្នាចូលរោងការត្រឹមត្រូវតាមប្រពៃណីទៀតផង ហើយខ្លះទៀត ថែមទាំងបានជូនពរឱ្យចំណងស្នេហ៍អ្នកទាំងពីរឋិតថេរ គង់វង្សរហូតទៅ៕

RELATED ARTICLES