Friday, April 19, 2024
Homeព័ត៌មានជាតិប្រកបរបរដូចគ្នាសោះ តែលើកនេះចាប់ម៉ូយជាន់លេងរៀងគ្នា ក៏មានរឿងតែម្តង

ប្រកបរបរដូចគ្នាសោះ តែលើកនេះចាប់ម៉ូយជាន់លេងរៀងគ្នា ក៏មានរឿងតែម្តង

ខេត្តបន្ទាយមានជ័យ ៖ បុរសជាអ្នកចាប់ម៉ូយឱ្យក្រុមហ៊ុនដឹកអ្នកដំណើរចំនួន2នាក់ បានកើតមានជម្លោះតឹងសរសៃកដាក់គ្នាពីរឿងចាប់ម៉ូយជាន់លេខរៀងគ្នា (ហៅភ្ញៀវមកពីប្រទេសថៃ ឱ្យជិះរថយន្តក្រុមហ៊ុនរបស់ខ្លួន) រហូតដល់ភាគីម្ខាងទប់កំហឹងមិនបានក៏ទាញកូនកាំបិតចិតបន្លែចាក់ប្រហារទៅលើគូទំនាស់ចំក្រោមគល់ដោះ បណ្តាលឱ្យរងរបួសធ្ងន់និងដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង11និង45នាទីព្រីកឹ ថ្ងៃទី20 ខែកញ្ញា  ឆ្នាំ2019 នៅចំណុចបរិវេណរង្វង់មូលក្រុងប៉ោយប៉ែត ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលត្រូវគូទំនាស់ចាក់សម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះឈុន អៀត ហៅស អាយុ51ឆ្នាំ មុខរបរជាអ្នកចាប់ម៉ូយឱ្យក្រុមហ៊ុនដឹកជញ្ជូនសំអាង មានស្រុកកំណើតនៅភូមិអង្គជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានប្រពន្ធឈ្មោះភិន ចាន់ហុន អាយុ41ឆ្នាំ និងមានកូន ស្រីអាយុ5ឆ្នាំម្នាក់ រស់នៅឯស្រុកកំណើត  ខេត្តត្បូងឃ្មុំ។

ចំណែកជនដៃដល់ជាឃាតករមានឈ្មោះហេង អាយុប្រមាណ30ឆ្នាំ មុខរបរជាអ្នកចាប់ម៉ូយឱ្យក្រុមហ៊ុន វិរៈប៊ុនថាំ ស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រវាងជនរងគ្រោះនិងជនដៃដល់ជាឃាតករ គឺសុទ្ធតែជាអ្នកចាប់ម៉ូយ (ហៅភ្ញៀវមកពីប្រទេសថៃ) ឱ្យក្រុមហ៊ុនដឹកអ្នកដំណើរប្រចាំនៅច្រកទ្វារព្រំដែនអន្តជាតិកម្ពុជា-ថៃ ដូចគ្នា ដោយជនរងគ្រោះហៅម៉ូយឱ្យក្រុមហ៊ុនដឹកជញ្ជូនសំអាង ចំណែកជនដៃដល់ហៅម៉ូយឱ្យក្រុមហ៊ុនវីរៈប៊ុនថាំ ដោយម្នាក់ៗព្យាយាមរត់ចាប់ដណ្តើមភ្ញៀវគ្នាឱ្យមកជិះរថយន្តក្រុមហ៊ុនរៀងខ្លួន ជាហេតុធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីជាញឹកញាប់។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនទាំងពីរបានហៅម៉ូយជាន់លេខរៀងគ្នា ទើបធ្វើឱ្យកើតមានជម្លោះតឹងសរសៃកដាក់គ្នារហូតដល់ភាគីជនដៃដល់ទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំបិតចិតបន្លែមកចាក់ប្រហារទៅលើជនរងគ្រោះ ត្រូវចំក្រោមគល់ដោះចំហៀងខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះដួលដេកលើដីហូរឈាមស្រោចខ្លួន។

បន្ទាប់ពីកើតហេតុ ភ្លាមៗនោះជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី ភ្លាមៗដែរ តែអកុសលដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័មនៅក្នុងមន្ទីរពេទ្យ។

ចំណែកជនដៃដល់ក្រោយចាក់ប្រហារគូទំនាស់រួចក៏ព្យាយាមរត់គេចខ្លួនដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចរួមនឹងប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរនិងចាត់ការតាមច្បាប់។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តត្បូងឃ្មុំ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

តាមប្រភពពីបុរសម្នាក់ដែលស្គាល់ជនរងគ្រោះច្បាស់ បានឱ្យដឹងថា ជនរងគ្រោះមានស្រុកកំណើតនៅភូមិអង្គជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តែបានមកស្នាក់នៅផ្ទះជួលក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នេះ ដើម្បីរកស៊ីចាប់ម៉ូយជាច្រើនឆ្នាំមកហើយ ដោយទុកប្រពន្ធនិងកូនតូចឱ្យរស់នៅស្រុកកំណើត។

គួរបញ្ជាក់ផងដែរថា កន្លងមកប្រជាពលរដ្ឋបាននាំគ្នារិះគន់អាជ្ញាធរច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ជាច្រើនលើកច្រើនសារហើយចំពោះការបណ្តែតបណ្តោយឱ្យក្រុមហ៊ុនរកស៊ីផ្នែកដឹកជញ្ជូនភ្ញៀវ ឱ្យភ្នាក់ងារចាប់ម៉ូយរបស់ខ្លួនរត់ដណ្តើមចាប់ម៉ូយគ្នាប្រសេកប្រសាចយ៉ាងអនាធិបតេយ្យ បង្កការរំខានដល់ភ្ញៀវជាតិ-អន្តរជាតិ ដែលធ្វើដំណើរចេញពីប្រទេសថៃចូលមកកម្ពុជា ប៉ុន្តែគេមិនដែលឃើញអាជ្ញាធរចុះចាត់វិធានការក្តៅណាមួយលើសកម្មជនក្រុមហ៊ុនរកស៊ីដឹកជញ្ជូនភ្ញៀវទាំងនោះឡើយ។

 ខណៈប្រភពពីប្រជាពលរដ្ឋខ្លះបានបង្ហើបប្រាប់ថា អាជ្ញាធរមិនអាចចុះបង្ក្រាបក្រុមភ្នាក់ងារចាប់ភ្ញៀវនោះបានទេ ព្រោះតែថៅកែក្រុមហ៊ុនទាំងនោះបានដាក់ថ្នាំសណ្តំឱ្យក្រុមអាជ្ញាធរវិលមុខស្រវាំងភ្នែក មើលលែងឃើញអស់ទៅហើយ ទោះបីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនរស់នៅក្រុងប៉ោយប៉ែត នេះយ៉ាងណាក៏ដោយ៕

RELATED ARTICLES