Friday, March 29, 2024
Homeតារាខ្មែរពាក់មី បណ្តើរដាណេ ទៅប្រទេសអូស្ត្រាលី រយៈពេល២ខែ

ពាក់មី បណ្តើរដាណេ ទៅប្រទេសអូស្ត្រាលី រយៈពេល២ខែ

តារាកំប្លែង ចែម ចាន់តារា ហៅនាយពាក់មី បានដឹកដៃអ្នកកំប្លែងលន់ ដាណេ ចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី រយៈពេល២ខែ កាលពីថ្ងៃទី១៨ ខែកញ្ញា នៅក្នុងឱកាសដែលប្រជាជនកម្ពុជាកំពុងប្រារឰពិធីកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។

ក្រៅពីលន់ ដាណេ ពាក់មី ក៏រួមដំណើរជាមួយនេន ទុំ និងអ្នកនាងចំរើន ចរិយា ផងដែរ ហើយពួកគេនឹងចេញសម្តែងចំថ្ងៃបុណ្យភ្ជុំធំ គឺថ្ងៃទី២៨ ខែកញ្ញា។

គួរបញ្ជាក់ថា ពាក់មី ក្រៅពីជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN នោះ នាយក៏ជាអ្នកចម្រៀងរបស់ផលិតកម្មថោន ហើយក៏ជាអ្នកដឹកនាំសម្តែងរឿងម្នាក់ផងដែរ។

នាយពាក់មី ខុសពីប្អូនប្រុសរបស់ខ្លួន គឺនាយគ្រឿន ដែលមានគេទាក់ទងឱ្យចេញទៅច្រៀងសម្តែងនៅប្រទេសក្រៅជាញឹកញាប់ ប៉ុន្តែនាយគ្រឿន មិនហ៊ានចេញទៅសម្តែងនៅបរទេសឡើយ គឺដោយសាតែមិនហ៊ានជិះយន្តហោះ។

នាយពាក់មី ដែលប្រឡូកក្នុងអាជីពកំប្លែងជិត១០ឆ្នាំ បានធ្វើឱ្យនាយរួចផុតពីជីវភាពក្រលំបាក ហើយពេលនេះទិញបានផ្ទះតម្លៃរាប់សែនដុល្លារឯណោះ នៅបុរីមួយក្បែរ CTN ដែលខុសស្រឡះ បើប្រៀបធៀបស្ថានភាពរបស់នាយកាលនៅធ្វើសំណង់។

ប៉ុន្តែថ្មីៗនេះ លេចឭព័ត៌មានថា នាយពាក់មី ហាក់មានអារម្មណ៍ក្រៀមក្រំ ដោយសារតែតារាកំប្លែងរួមទ្រនំ អ្នកនាងខ្ញុង រៀបការជាមួយនាយកៃដ ចោល ព្រោះបើទោះជាពួកគេទាំងសងខាងព្យាយាមប្រកែកយ៉ាងណា ក៏ដំណឹងថា នាយពាក់មី ខូចចិត្តដោយសារខ្ញុង ការប្តីចោលនោះមិនស្ងាត់ដែរ។

តារាកំប្លែងរួមអាជីពជាមួយនាយពាក់មី ម្នាក់បានបង្ហើបឱ្យដឹងថា ពាក់មី ទៅអូស្ត្រាលីនេះ មិនមែនសំដៅតែកើបលុយនោះទេ ប៉ុន្តែនាយទៅដើម្បីលំហែអារម្មណ៍ដែលតុកស៊ិក ព្រោះអ្នកនាងខ្ញុង ការប្តីចោលនោះដែរ ខណៈដែលភរិយានាយពាក់មី ឯណោះវិញ ពេលនេះមានចិត្តសប្បាយរីករាយខ្លាំងណាស់ ក្រោយពីប្តីរបស់ខ្លួនលែងស្និទ្ធជាមួយអ្នកនាងខ្ញុង ទៀត៕

RELATED ARTICLES