Thursday, April 25, 2024
Homeព័ត៌មានជាតិមិនបើកទ្វារឲ្យ ប្រុសហ៊ានធ្វើរឿងបែបនេះ ស្រីប្តឹងប៉ូលិស

មិនបើកទ្វារឲ្យ ប្រុសហ៊ានធ្វើរឿងបែបនេះ ស្រីប្តឹងប៉ូលិស

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានជិះម៉ូតូស្កាត់មកពីខេត្តកណ្តាល ទៅជួបស្ត្រីម្នាក់ដល់ខេត្តកំពង់ស្ពឺ លុះទៅដល់កណ្តាលយប់ ក៏ផ្លោះរបងចូលទៅអង្រួនទ្វារហៅស្ត្រីជាម្ចាស់បន្ទប់ តែខាងស្រីមិនព្រមបើក ក៏ប្តឹងសមត្ថកិច្ចចុះចាប់ខ្លួន ដោយចោទប្រកាន់ថា បានលួចផ្លោះរបងចូលផ្ទះប៉ុនប៉ងចាប់រំលោភនាង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៨នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩  នៅចំណុចផ្ទះលក់ដូរមួយកន្លែង ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

ជនសង្ស័យដែលត្រូវខាងស្រីប្តឹងថាបានលួចផ្លោះរបងចូលផ្ទះប៉ុនប៉ងចាប់រំលោភ មានឈ្មោះឆន ក្តិប អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិព្រែកដាច់ ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល ជិះម៉ូតូ១គ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1Y-0412។

ចំណែកស្ត្រីរងគ្រោះ មានឈ្មោះច័ន្ទឧត្តម ស្រីពេជ្រ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះ នារៀបរាប់ប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងមកឈប់មុខផ្ទះរបស់នាង រួចលួចផ្លោះរបងចូលមកអង្រួនទ្វារផ្ទះរបស់នាង ក្នុងគោលបំណងធ្វើសកម្មភាពចាប់រំលោភ។ ប៉ុន្តែពេលនោះ នាងមិនបានបើកទ្វារឱ្យនោះទេ ហើយក៏បានរាយការណ៍មកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនតែម្តង។

ក្រោយទទួលសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចុះទៅឃាត់ខ្លួនជនសង្ស័យបាន ស្របពេលដែលជននោះកំពុងតែធ្វើសកម្មភាពតែម្តង។

ជនសង្ស័យខាងលើត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES