Tuesday, April 16, 2024
Homeព័ត៌មានជាតិយី ញ៉ាមម៉្លេះ!!! មួយមិនឆ្អែត ថែមមួយទៀត ចុងក្រោយជាប់ខ្នោះ

យី ញ៉ាមម៉្លេះ!!! មួយមិនឆ្អែត ថែមមួយទៀត ចុងក្រោយជាប់ខ្នោះ

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាន​ រួមទាំង កម្លាំងមូលដ្ឋាន និងប្រជាការពារស្ទាក់ចាប់ បន្ទាប់ពីជននេះលួចម៉ូតូប្រជាពលរដ្ឋបានមួយគ្រឿងយកទៅផ្ញើទុក ហើយដើរលួចបានមួយគ្រឿងទៀត តែគេចមិនរួច។ ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ គឺនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងក្រុងដូនកែវ។

សមតកិច្ចនគរបាលដែលបានចុះប្រតិបត្តិការក្នុងករណីនេះ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ និង៣០នាទីរសៀល ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ  ខេត្តតាកែវ ថាមានករណីបាត់ម៉ូតូមួយករណី កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរកាក្រៅ និងកម្លាំងប្រជាការពារចេញល្បាតពួនស្ទាក់តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ខណៈនោះក៏បានប្រទះឃើញជនសង្ស័យ ទើបសមត្ថកិច្ចបានឃាត់នាំយកមកសាកសួរនៅអធិការដ្ឋាន។

មន្ត្រីដដែលឱ្យដឹងដែរថា ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូចំនួន២គ្រឿង  ដោយទី១ លួចនៅចំណុចភូមិសូចាន់ សង្កាត់រកាក្រៅ ម៉ូតូម៉ាកហុងដាគុបជ្រុង និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម លួចនៅចំណុចភូមិគោកឃ្មោង ឃុំអង្កាញ់ ស្រុកទ្រាំង ដោយបានលួចម្តងមួយៗ ដែលម៉ូតូគុបជ្រុងយកទៅផ្ញើកន្លែងផ្ញើម៉ូតូនៅជិតវត្តខ្សឹង និងលើទី២ លួចម៉ូតូហុងដា ដ្រីម ខណៈកំពុងជិះគេចខ្លួន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

 ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងអំពើចោរកម្មនេះ មានឈ្មោះអ៊ុង ឌឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិ អង្កាញ់ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។ បច្ចុប្នបន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញទាំង២គ្រឿង៕

RELATED ARTICLES