Friday, March 29, 2024
Homeព័ត៌មានជាតិយី!!! ហ៊ានឆ្លើយថា បាត់កូនសោម៉ូតូទៀត តាមពិតលួចគេសោះ

យី!!! ហ៊ានឆ្លើយថា បាត់កូនសោម៉ូតូទៀត តាមពិតលួចគេសោះ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូងទី១ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងអំពើលួច បន្ទាប់ពីជននេះធ្វើសកម្មភាពលួចម៉ូតូចេញពីបន្ទប់ជួលបានសម្រេច តែអកុសល​ ម៉ូតូអត់ឆេះបណ្តើរតាមផ្លូវ ត្រូវនគរបាលឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍តែម្តង។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៤៥៦ ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហឹល ថុល ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលផ្ទះលេខ៣៩C តាមផ្លូវលេខ៤៥៤ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះសុខ ភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅផ្ទះលេខ២៥០ ផ្លូវផ្សារស្អាង ស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (លួចម៉ូតូ) ដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CC-3295។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ជិះម៉ូតូចេញពីធ្វើការមកដល់បន្ទប់ជួល ម៉ោង៧យប់ ហើយក៏បានចាក់សោកម៉ូតូត្រឹមត្រូវទុកនៅខាងក្រោម ហើយដើរចូលបន្ទប់ដេក។

លុះព្រឹកឡើងថ្ងៃទី១៧ ចេញទៅធ្វើការ ស្រាប់តែបាត់ម៉ូតូសង្ស័យថាចោរលួច។ ទើបប្រញាប់រត់ទៅដាក់ពាក្យបណ្តឹង តែអ្វីនឹកសានមិនដល់បែរជាឃើញម៉ូតូខ្លួននៅប៉ុស្តិ៍ទួលទំពូងទី១ ទៅវិញ ហើយសួរនាំនគរបាល ទើបដឹងថា ចោរលួចម៉ូតូគាត់តាំងពីយប់ម៉្លេះ។

ជាចុងក្រោយ ជនរងគ្រោះអរគុណដល់នគរបាលប៉ុស្តិ៍ គ្មានអ្វីក្រៅពីលើកម្រាមដៃដប់នោះទេ កុំអីច្បាស់ជាគ្មានអ្វីជិះទៅធ្វើការឡើយ។

មន្ត្រីនគរបាលប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានល្បាតក្នុងមូលដ្ឋន្ឋា ដើម្បីបង្ការបទល្មើសលួចឆក់ផ្សេងៗ ក៏ប្រទះឃើញបុរសម្នាក់បណ្តើរម៉ូតូម៉ាកស្កុបពី ពណ៌ស ដោយមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យនាំយកមកស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរ ហើយបុរសនេះ បានឆ្លើយកុហកថា ម៉ូតូបាត់កូនសោ រួចក៏សួររកកាតគ្រី គេឆ្លើយថា នៅផ្ទះ។

រហូតមេឃភ្លឺ ក៏មានស្ត្រីម្នាក់បានមកដាក់ពាក្យបណ្តឹងថា បាត់ម៉ូតូនៅមុខបន្ទប់ជួល រួចស្តាប់ការរៀបរាប់ត្រូវនឹងម៉ូតូដែលនគរបាលឃាត់បាន ឱ្យស្ត្រីជាម្ចាស់មើលម៉ូតូគាត់ ក៏អរផងយំផងថា ជាម៉ូតូគាត់ពិតមែន។

យោងតាមកាតគ្រីម៉ូតូ បញ្ជាក់ និងបានសួរនាំបុរសអ្នកបណ្តើរម៉ូតូម្តងទៀត ទើបសារភាពថាខ្លួនជាអ្នកលួចនៅមុខបន្ទប់ជួល ដោយម៉ូតូជាប់សោកហើយប្រើជើងធាក់ ទើបបាក់សោក និងបណ្តើរចេញមកចាំភ្លឺយកទៅជាងឱ្យធ្វើសោ តែមកតាមផ្លូវក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕

RELATED ARTICLES