Thursday, April 18, 2024
Homeតារាខ្មែរលោកសូ ស្រណោះ ប្រកាសរកម្ចាស់ពានជើងឯកផ្នែកតន្ត្រីនិងចម្រៀង ទៅប្រកួតនៅម៉ាឡេស៊ី

លោកសូ ស្រណោះ ប្រកាសរកម្ចាស់ពានជើងឯកផ្នែកតន្ត្រីនិងចម្រៀង ទៅប្រកួតនៅម៉ាឡេស៊ី

លោកសូ ស្រណោះ ដែលមានសញ្ញាបត្របណ្ឌិតព្យាណូ មកពីជប៉ុន បច្ចុប្បន្នជានាយក និងគ្រូបង្ហាត់ព្យាណូ នៅសាលាស្រណោះតន្រ្ដី (Srarnos Music School) នៅបឹងកេងកង នោះ បានប្រកាសបើកការប្រលងផ្នែកតន្រ្ដី និងចម្រៀង ដែលរៀបចំនៅសាលារបស់លោក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ដល់ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ចំពោះវិញ្ញាសារដែលបេក្ខជនត្រូវយកមកប្រកួតវិញ មានដូចជា ព្យាណូ វីយូឡុង ហ្គីតា និងខ្លុយ ជាដើម ខណៈដែលផ្នែកចម្រៀងវិញ គឺមានរាប់ទាំងចម្រៀងអូប៉េរ៉ា និងចម្រៀងទូទៅ ក៏អាចយកមកប្រកួតបានដែរ ហើយបេក្ខជននីមួយៗមានពេលបញ្ចេញសមត្ថភាពរយៈពេល៤នាទីដូចៗគ្នា។

លោកស្រណោះ ប្រាប់ថា សាលាតន្រ្ដីរបស់លោកបើកសិទ្ធិឲ្យបេក្ខជនមកពីសាលាតន្រ្ដីទូទៅ អាចមានសិទ្ធិមកទិញពាក្យចូលរួមប្រកួតបានចាប់ពីអាយុ៤ឆ្នាំឡើង ដោយពាក្យមានដាក់លក់ចាប់ពីថ្ងៃនេះតទៅ រហូតដល់ចុងខែកញ្ញា ហើយតម្លៃពាក្យមួយច្បាប់សម្រាប់សិស្សមកពីខាងក្រៅ ២០ដុល្លារ ចំណែកសិស្សសាលារបស់លោក លក់ជូនត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។

លោកបន្តថា អ្នកដែលក្លាយជាម្ចាស់ពានក្នុងកម្មវិធីនេះ ក្រៅពីបានពានប្រចាំសាលាតន្ត្រីរបស់លោកនោះ ក៏នឹងត្រូវជ្រើសឲ្យតំណាងកម្ពុជា ដើម្បីទៅប្រកួតកម្មវិធី “Asian Pacific Festival” ដែលរៀបចំនៅប្រទេសម៉ាឡេស៊ី នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ដែលមានការចូលរួមពីបេក្ខជនដទៃទៀត មកពីបណ្ដារប្រទេសអាស៊ាន ផងដែរ។

ដោយឡែក ទាក់ទងដល់គណៈកម្មការប្រលងផ្នែកតន្រ្ដី និងចម្រៀងដែលរៀបចំរយៈពេល៣ថ្ងៃ នៅដើមខែវិច្ឆិកា នេះវិញ ត្រូវបានលោកស្រណោះ ថា មានគណៈកម្មារការដល់ទៅ៦រូប គឺមានជនជាតិខ្មែរ, អាមេរិក, បារាំង, រុស្សី, និងជនជាតិកូរ៉េ ២រូប ជាអ្នកកាត់សេចក្ដីដោយយុត្តិធម៌បំផុត។

លោកស្រណោះ បន្តទៀតថា ចំពោះពានវិញ លោកបានត្រៀមពានដល់ទៅ៣ផ្នែកផ្សេងៗគ្នា គឺទី១. ម្ចាស់ពានផ្នែកឧបករណ៍តន្រ្ដី , ទី២. ម្ចាស់ពានផ្នែកចម្រៀង និងទី៣. គឺជើងឯក ដែលតម្រូវឲ្យអ្នកលេខ១ លើវិញ្ញាសារនីមួយៗប្រកួតគ្នាជាបន្ដ ដើម្បីរកអ្នកឈ្នះចុងក្រោយគេ។

លោកសូ ស្រណោះ បញ្ជាក់ថា ការដែលលោកបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្សព្វផ្សាយពីតន្រ្ដី Classical របស់កម្ពុជាឲ្យមានការរីចម្រើន ហើយកន្លងមក លោកធ្លាប់បានដឹកនាំយកកូនសិស្សរបស់លោកចេញទៅប្រកួតនៅប្រទេសចិន សាំងហ្គាពួរ និងវៀតណាម ផងដែរ៕

RELATED ARTICLES