Tuesday, April 23, 2024
Homeព័ត៌មានជាតិសង្វៀនមាន់កណ្តាលក្រុង សមត្ថកិច្ចអត់អើពើ

សង្វៀនមាន់កណ្តាលក្រុង សមត្ថកិច្ចអត់អើពើ

ភ្នំពេញ ៖ សង្វៀនបញ្ជល់មាន់ខុសច្បាប់១កន្លែង មានទីតាំងនៅក្បែររបងសួនកាណាឌីយ៉ា ត្រូវបានគេដឹងថា បានបើកទ្វារទទួលក្រុមអ្នកវក់ល្បែងរាប់ឆ្នាំមកហើយ ខណៈដែលសង្វៀនមាន់មួយនេះគឺស្ថិតនៅចំណុចតំបន់ស រវាងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងព្រំប្រទល់ខណ្ឌសែនសុខ។

សង្វៀនបញ្ជល់មាន់អត់ច្បាប់១កន្លែងនេះ មានទីតាំងនៅចំណុចត្រពាំងឈូកដើមកាស្យា ក្បែរដើមត្នោត ខាងក្រោយជាប់នឹងរបងសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២ ខាងកើតឆៀងខាងត្បូងវត្តអង្គតាមិញ មានម្ចាស់ឈ្មោះម៉ាប់ និងអាខេសាន់ និងបានបើកដំណើរការលេងយ៉ាងទ្រហឹងអឺកងជាយូរណាស់មកហើយ គេមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរចុះមកចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានម្តងណាឡើយ។

ជាក់ស្តែង គេឃើញក្រុមអ្នកជល់មាន់បានណាត់ជួបគ្នាយ៉ាងគគ្រឹកគគ្រេង ដោយមានអ្នកស្ពាយកន្ត្រកមាន់ជល់ចុះពីលើរថយន្តនិងម៉ូតូ ហើយចតផ្ញើនៅម្តុំចិញ្ចើមផ្លូវក្បែរគល់ស្ពាន មាត់លូ និងផ្ញើម៉ូតូនៅកន្លែងលក់បាយ លក់ចាប់ហួយ ដែលមានម៉ូតូនិងរថយន្តជាច្រើនគ្រឿង រួចដើរចូលទៅលេងនៅសង្វៀនខាងលើនេះ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ សង្វៀនជល់មាន់កណ្តាលក្រុងភ្នំពេញ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា គេឃើញនៅតែមានសកម្មភាពក្រុមអ្នកញៀនល្បែងស៊ីសង ភ្នាល់ជល់មាន់ បានមកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនយកមាន់មកភ្នាល់លេងដាក់លុយយ៉ាងអស់ដៃដោយសេរី ដោយគ្មានការរំខានពីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ ជាពិសេសគេឃើញសមត្ថកិច្ចមួយចំនួនទៅទទួលលាភសក្ការៈផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ពោលគឺហាក់គ្មានវិធានការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនេះទាល់តែសោះ។

ជុំវិញករណីសង្វៀនបញ្ជល់មាន់យ៉ាងជ្រងោកណ្តាលរាជធានីភ្នំពេញ ខាងលើនេះ “នគរធំ“ នៅពុំទាន់អាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរដែនដីបាននៅឡើយ កាលពីម្សិលមិញ។

យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES