Friday, March 29, 2024
Homeតារាខ្មែរស៊ឹម សូលិកា រៀបគម្រោងយកកូន

ស៊ឹម សូលិកា រៀបគម្រោងយកកូន

ស៊ឹម សូលិកា បានដឹកដៃប្តីថ្មីលោកអេង រិទ្ធី ទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅខេត្តកែប ហើយគូស្នេហ៍ដែលទើបក្លាយទៅជាប្តីប្រពន្ធស្របច្បាប់គ្នាថ្មោងថ្មីនេះ ថែមទាំងបង្ហាញភាពផ្អែមល្ហែមស្នេហ៍កាន់តែខ្លាំងលើសពីមុនទៅទៀត តាមរយៈការស្រូបយកខ្យល់អាកាសតាមវាលស្រែ ជំនួសឱ្យការទៅកម្សាន្តនៅអឺរ៉ុប។

ទោះជាយ៉ាងណា ដំណើរសាសងស្នេហ៍របស់សូលិកា-រិទ្ធី នេះគ្មានការអមដំណើរដោយអតីតប្តី លោកសៅ ភីរៈ ឡើយ បន្ទាប់ពីប្តីចាស់របស់នាងបានហត់នឿយខ្លាំងក្នុងការជួយសូលិកា នៅថ្ងៃរៀបការតាមរយៈការឈរទទួលភ្ញៀវជួសអតីតប្រពន្ធ។

ការទៅក្រេបចន្ទទឹកឃ្មុំនៅមាត់សមុទ្រក្រុងកែប របស់សូលិកា និងប្តី នៅពេលនេះ គឺជាការរៀបគម្រោងយកកូនប្រើឱ្យបានឆាប់ៗនេះហើយ ដើម្បីកុំឱ្យចាញ់អតីតគូស្នេហ៍របស់នាង លោកទិត ថាវរិទ្ធ ដែលពេលនេះកំពុងមានសេចក្តីសុខជាមួយប្រពន្ធក្មេង នៅ សុនិតា និងទើបបានកូនប្រុសម្នាក់បីប្រលែងលេង។

យ៉ាងណា សូលិកា ធ្លាប់ធ្វើឱ្យសង្សារចាស់ លោកទិត ថាវរិទ្ធ ស្រឡាំងកាំងម្តងរួចទៅហើយ តាមរយៈការស្លៀកពាក់ខោអាវរលុងៗដូចស្ត្រីមានផ្ទៃពោះ ហើយឱ្យលោករិទ្ធី ឱបពោះនាងបន្លំធ្វើមានកូន។ ប៉ុន្តែមិនយូរទេការចង់បានកូនង៉ាបីប្រលែងលេងរបស់ស៊ឹម សូលិកា នឹងក្លាយទៅជាការពិតជាមិនខាន ព្រោះពេលនេះនាងមានប្តីថ្មី អេង រិទ្ធី ស្របច្បាប់ទៅហើយ ហេតុនេះទោះជាចង់យកកូនប៉ុន្មាននាក់ថែមទៀតក៏មិនពិបាកដែរ។

គួរបញ្ជាក់ថា ស៊ឹម សូលិកា បានរៀបការជាមួយលោកម៉ែន អេង ហៅអេង រិទ្ធី ចំថ្ងៃពិសេសគឺថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ (៩-០៩-២០១៩) ហើយមង្គលការរបស់នាងនៅកោះពេជ្រអាគារ D នោះ ផ្អើលដល់កូនលោកនាយករដ្ឋមន្ត្រីដល់ទៅ២រូបចូលរួមទៀតផង គឺឯកឧត្តមហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គ-នាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងលោកជំទាវហ៊ុន ម៉ាណា អគ្គនាយកទូរទស្សន៍បាយ័ន រួមទាំងសិល្បករជាច្រើនទៀតបានទៅអបអរសាទរ។

ប៉ុន្តែគេមិនឃើញអតីតគូស្នេហ៍របស់នាង លោកទិត ថាវរិទ្ធ ចូលរួមឡើយ ដោយតាមព័ត៌មានថា សូលិកា មិនហៅឱ្យស៊ីការនាងទេ។

ដោយឡែក តារាសិល្បៈរួមអាជីពជាច្រើនបានស្ញប់ស្ញែងចំពោះស៊ឹម សូលិកា ដែលពេលនេះ នាងមិនត្រឹមតែបានប្តីថ្មីដោយរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវនោះទេ ប៉ុន្តែនាងក៏ក្លាយទៅជាជំទាវផងដែរ បន្ទាប់ពីលោកអេង រិទ្ធី បានឡើងឋានៈជាឯកឧត្តម និងជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ទៀតផង ខណៈដែលសូលិកា រស់នៅផ្ទះវីឡាស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរី ប៉េង ហួត (បឹងស្នោ) ហើយនាងលេងម៉ូដរថយន្តទំនើប៤គ្រឿង តម្លៃដល់ទៅជាងកន្លះលានដុល្លារឯណោះ។

គួរបញ្ជាក់ថា ស៊ឹម សូលិកា បានលែងលះប្តី លោកសៅ ភីរៈ ដោយបន្សល់បានកូនស្រី ស្រស់ស្អាតពេញវ័យក្រមុំឈ្មោះសុកាន ភីរៈណុច អាយុ២០ឆ្នាំ។

ក្រោយរៀបការប្តីថ្មីហើយនេះ សូលិកា និងអតីតប្តីនៅតែរាប់អានគ្នាធម្មតា ប៉ុន្តែទំនាក់ទំនងនាងជាមួយលោកទិត ថាវរិទ្ធ គឺបានក្លាយជាគូបដិបក្ខ ហើយជាញឹកញាប់គេឃើញ សូលិកា និងលោកថាវរិទ្ធ មានការកាច់កុងគ្នាកាន់តែខ្លាំងឡើងៗតាមរយៈការបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មីរៀងៗខ្លួន និងការសម្ញែងទ្រព្យ។

គេថាមិនយូរទេ សូលិកា នឹងពពោះដែលជាតំណក់ឈាមរបស់អេង រិទ្ធី ដើម្បីឱ្យលោកថាវរិទ្ធ កាន់តែភ្ញាក់ផ្អើលថែមទៀតជាមិនខាន៕

RELATED ARTICLES