Wednesday, April 24, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា លេចធ្លោក្នុងកម្មវិធី X Factor Cambodia ជាមួយឈុតពោះធំ

ឱក សុគន្ធកញ្ញា លេចធ្លោក្នុងកម្មវិធី X Factor Cambodia ជាមួយឈុតពោះធំ

ឱក សុគន្ធកញ្ញា ធ្វើឱ្យលោកអ៊ឹង សុខលី ប្រហោងពោះដោយសារតែកម្មវិធីផ្សាយផ្ទាល់សប្តាហ៍ទី១ កម្មវិធីប្រលងចម្រៀង X Factor Cambodia រដូវកាលទី១នោះ សុគន្ធកញ្ញា ស្លៀករ៉ូបសស្តើងពោះធំ ហើយដើរទៅកាន់កៅអីគណៈកម្មការ ត្រូវបានអ្នកទស្សនាស្រែកហ៊ោនៅពេលដែលឃើញនាងមានផ្ទៃពោះកាន់តែខ្ទាតធំទៅៗ បញ្ចញក្បាលពោះមូលក្លំ ទោះជាដំណើររបស់នាងមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ។

អ្នកគាំទ្ររបស់នាងបានភ័យជំនួសតារាចម្រៀងរូបនេះ ព្រោះខ្លាចនាងរអិលដួលលើកម្រាលកញ្ចក់នោះ នាំឱ្យមានការប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ ខណៈដែលប្តីរបស់នាងដែលជាអ្នកបញ្ជាលើកម្មវិធីទាំងមូលនោះវិញ រឹតតែបុកពោះបារម្ភពីសុខភាពភរិយាដែលប្រឹងធ្វើការទាំងពោះធំបែបនេះ។

យ៉ាងណា សុគន្ធកញ្ញា នៅតែធ្វើជាគណៈកម្មការនោះដំណើរការដោយរលូន ហើយទោះជាពេលនេះនាងមានផ្ទៃពោះកាន់តែរីកធំមែន ប៉ុន្តែតារាចម្រៀងរូបនេះមិនបានផ្អាកពីកម្មវិធី ហើយត្រូវជំនួសដោយតារាផ្សេងៗទៀតឡើយ។

ឱក សុគន្ធកញ្ញា បានផ្អាកពីការច្រៀងរាំតាមបណ្តា Concert ធំៗស្ទើរតែទាំងស្រុង តាំងពីនាងពពោះ៣ខែម៉្លេះ ព្រោះមិនអាចសម្តែងបទញាក់ ហើយរាំដូចមុនទៀតឡើយ។ ចូលដល់ខែកញ្ញា នេះ សុគន្ធកញ្ញា កាន់តែមានផ្ទៃពោះធំទៅៗហើយ។

យ៉ាងណា ចំពោះកូនក្នុងផ្ទៃរបស់នាងជាប្រុសឬស្រី នាងនៅតែព្យាយាមលាក់ចំពោះអ្នកកាសែត ថ្វីត្បិតតែពេលនេះដឹងលទ្ធផលទៅហើយក្តី។ សុគន្ធកញ្ញា បានប្រាប់មិត្តភក្តិថា នាងចង់បានកូនស្រី។ ប៉ុន្តែក្រោយមក នាងថា ចង់បានកូនប្រុសវិញ ព្រោះកូនប្រុសជាអ្នករ៉ាប់រងគ្រួសារ និងក្រោយមកទៀត នាងថាកូនប្រុសក៏បាន ស្រីក៏បាន ឱ្យតែកូន គឺរីករាយជានិច្ច។

ដោយឡែក ស្វាមីរបស់នាង លោកអ៊ឹង សុខលី វិញ ថ្មីៗនេះទើបលើកទឹកចិត្តនាងតាមរយៈការដឹកដៃនាងទៅដើរលេងកម្សាន្តនៅប្រទេសសឹង្ហបុរី ផងដែរ ក្រោយពេលដែលប្តីប្រពន្ធនេះបានដឹកដៃគ្នាទៅក្រេបចន្ទទឹកឃ្មុំនៅប៉ែកអឺរ៉ុប ដល់ទៅ៧ប្រទេសឯណោះ។

ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ា អ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស។ ពេលនេះ សុគន្ធកញ្ញា ត្រូវបានគេចាត់ទុកថា នាងជាតារាចម្រៀងដែលជោគជ័យទាំងចម្រៀងនិងស្នេហាព្រមគ្នាតែម្តង ព្រោះក្រៅពីមានបងថ្លៃជាថៅកែហង្សមាស ស្វាមីរបស់នាង លោកសុខលី ឯណោះវិញ ជាអ្នកបញ្ជាលើបុគ្គលិករាប់រយនាក់នៅទូរទស្សន៍ហង្សមាស៕

RELATED ARTICLES