ទើបតែរយៈពេលថ្មីនេះទេ នាងមានបញ្ហាក្នុងគ្រួសារ តែមិនមាននរណាចាប់អារម្មណ៍

0
50

ខេត្តកោះកុង ៖ ស្ត្រីម្នាក់ព្រោះតែកើតមានវិបត្តិក្នុងគ្រួសារក៏សម្រេចចិត្តគិតខ្លីលេបថ្នាំសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា។

ស្ត្រីគិតខ្លីដែលលេបថ្នាំសម្លាប់ខ្លួន មានឈ្មោះសែម ធឿន អាយុ៣៥ឆ្នាំ មានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា មួយរយៈថ្មីៗនេះ ស្ត្រីរងគ្រោះបានកើតមានបញ្ហាខ្លះៗក្នុងគ្រួសារ តែគ្មានអ្នកណាម្នាក់នឹកស្មានដល់សោះថា ស្ត្រីរងគ្រោះអាចនឹងមានគំនិតខ្លីដល់ម៉្លឹងសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយល្ងាចជុំគ្រួសាររួច ស្ត្រីរងគ្រោះបានចូលទៅសម្ងំនៅក្នុងបន្ទប់បាត់ លុះក្រោយមកក្រុមគ្រួសារក៏បានឮសំឡេងស្ត្រីរងគ្រោះក្អួតចង្អោរយ៉ាងខ្លាំង ទើបនឹកឆ្ងល់ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះបែកពពុះមាត់ និងមានថ្នាំជាច្រើននៅក្បែរនោះ ទើបមានការភ្ញាក់ផ្អើលថា ស្ត្រីរងគ្រោះបានលេបថ្នាំសម្លាប់ខ្លួន រួចក៏ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដែរ តែអកុសលស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារលេបថ្នាំសម្លាប់ខ្លួនប្រាកដមែន។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕