មិនមានអ្នកណាដឹងនោះទេ ពេលចូលទៅដាស់ ហួសពេលទៅហើយ

0
51

ខេត្តកោះកុង ៖ បុរសជាកម្មករចិញ្ចឹមក្តាមនិងបង្គាម្នាក់ត្រូវបានអ្នករួមការងារប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលស្រែបង្គា បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចស្រែបង្គាមួយកន្លែង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

បុរសរងគ្រោះខាងលើ មានឈ្មោះសែន ចាន់ ហៅពេ អាយុ៤៧ឆ្នាំ មុខរបរកម្មករចិញ្ចឹមក្តាម និងបង្គា ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានកម្មកររួមការងារជាមួយគ្នា បានប្រទះឃើញជនរងគ្រោះដេកស្តូកស្តឹងនៅកណ្តាលស្រែបង្គា (ចំណុចកើតហេតុខាងលើ) ក៏ចូលទៅមើលទើបដឹងថា ជនរងគ្រោះបានដាច់ខ្យល់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះ អាចស្លាប់ដោយសារខ្យល់គដោយពុំមានមនុស្សឃើញ។

បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកស្វាយ៕