Friday, April 19, 2024
Homeព័ត៌មានជាតិគួរឲ្យអាណិតណាស់!!! ក្មេងប្រុសអាយុ១៣ឆ្នាំ ឆ្លៀតពីរៀន ទាញកង់លក់បន្លែតាមភូមិ

គួរឲ្យអាណិតណាស់!!! ក្មេងប្រុសអាយុ១៣ឆ្នាំ ឆ្លៀតពីរៀន ទាញកង់លក់បន្លែតាមភូមិ

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានឆ្លៀតពេលពីការសិក្សា ប្រឹងប្រែងរកសុី ដោយជិះកង់ដឹកបន្លែលក់តាមភូមិ ដើម្បីយកលុយមកជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈដែលឪពុកជាកម្មករសំណង់រកព្រឹកខ្វះល្ងាច ម្តាយមានជំងឺប្រចាំកាយ និងមានប្អូនៗដល់ទៅ៣នាក់។

លោកជំទាវ ហ៊ុន ម៉ាណា

គ្រួសារដ៏កម្សត់នេះ ឪពុកមានឈ្មោះ ទូច អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ និងម្តាយមានឈ្មោះ កែវ គឹមសាន អាយុ២៩ឆ្នាំ មានជំងឺប្រចាំកាយធ្វើការអ្វីមិនកើត (ហឺត) មានកូនក្នុងបន្ទុកចំនួន៤នាក់ សព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកក្មេងប្រុសដ៏កតញ្ញូនេះជាកូនច្បង មានឈ្មោះ នាង រដ្ឋនី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៣។

បន្ទាប់ពីបានឃើញនូវភាពកម្សត់របស់គ្រួសារខាងលើនេះ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន បានចាត់ឱ្យក្រុមការងារមនុស្សធម៌ចុះសាកសួរសុខទុក្ខ និងនាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនក្រុមគ្រួសារក្រីក្រមួយនេះ។

អំណោយសប្បុរសធម៌ រួមមាន ៖ អង្ករ១០០គីឡូក្រាមកន្ទេលពូកមុងភួយខ្នើយចានឆ្នាំង មី៥កេស ទឹកដោះគោ២កេសធំ ទឹកសុីអុីវ៣យួរ វិទ្យុ១គ្រឿង សំលៀកបំពាក់ កាតាប ប៊ិកសៀវភៅ ខ្មៅដៃ សម្ភារប្រើប្រាស់ប្រើក្នុងផ្ទះមួយចំនួនធំ និងថវិកាចំនួន៥០ម៉ឺនរៀលជារៀងរាល់ខែ គឺឧបត្ថម្ភពេញមួយឆ្នាំ ហើយថវិកាទាំងអស់នោះបានរៀបចំទុកដាក់នៅធនាគារ(ABA)។

ក្នុងឱកាសនោះដែរ ក្រុមការងារតំណាងឱ្យលោកជំទាវហ៊ុន ម៉ាណា បានទទួលការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឱ្យក្មួយៗ ចៅៗ ខិតខំរៀនសូត្រឱ្យបានពូកែ។

ចំណែកឯឪពុកម្តាយវិញត្រូវខិតខំផ្តល់ឱកាសឱ្យកូនបានទៅរៀនគ្រប់ៗគ្នា និងឈប់ឱ្យកូនដឹកបន្លែលក់ដូចមុនទៀត ដេីម្បីឱ្យកូនទាំង៤នាក់នេះមានឱកាសរៀនសូត្រឱ្យបានពេញលេញ៕

RELATED ARTICLES