Thursday, April 25, 2024
Homeតារាខ្មែរនាយចឺម ដើរចោលសំណព្វចិត្ត អូនហ្វា ៣ខែ

នាយចឺម ដើរចោលសំណព្វចិត្ត អូនហ្វា ៣ខែ

តារាចម្រៀងសុខ មេសា ហៅនាយចឺម បានស្ពាយបង្វេចចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក ជាលើកទី១ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ដែលតាមគម្រោង នាយចឺម ត្រូវបាត់មុខពីឆាកតន្ត្រីក្នុងស្រុករយៈពេល៣ខែ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នាយចឺម មុនឈានជើងឡើងកាំជណ្តើរយន្តហោះនោះ អតីតតារាកំប្លែង CTN រូបនេះ ត្រូវបានសង្សារបណ្តូលចិត្ត នាងប៊េលឡា ហៅអូនហ្វា ទៅផ្តល់ថ្នាំកម្លាំងឱ្យដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្តង ធ្វើឱ្យលោកមេសា ហៅនាយចឺម រីករាយយ៉ាងខ្លាំង។

យ៉ាងណា គូស្នេហ៍តារាយុវវ័យ១គូ នាយចឺម និងអូនហ្វា នេះ មើលទៅពួកគេដូចជាមិនចង់បែកចេញពីគ្នា១វិនាទីឡើយ តែធ្វើម៉េចដើម្បីទៅរកលុយសម្រាប់ផ្គត់ផ្គង់ជីវភាព និងដើម្បីទុកសម្រាប់ រៀបការ គឺនាយចឺម ត្រូវតែហោះឆ្លងទ្វីបឃ្លាតកាយាអូនហ្វា មួយរយៈពេលសិនហើយ។

តាមព័ត៌មានថា  ការចេញទៅច្រៀងសម្តែងនៅអាមេរិកលើកដំបូងនេះ នាយចឺម ទៅតាមរយៈម្ចាស់ Sponsor មួយ ដែលជាឪក្មេករបស់តារាចម្រៀងសេន រ៉ានុត ហើយតាមគម្រោងម្ចាស់បទ “នរក១៨ជាន់” រូបនេះ នឹងត្រូវចេញសម្តែងបើកឆាកនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ។

តារាសិល្បៈមួយចំនួនមានការភ្ញាក់ផ្អើលចំពោះនាយចឺម ដែលទើបល្បីសោះ តែបានចេញទៅច្រៀងនៅអាមេរិក ដោយងាយ ខណៈដែលតារាខ្លះប្រឡូកសិល្បៈរាប់ឆ្នាំ មុននាយចឺម តែពួកគេខ្លះសម្ភាសន៍នៅទូតអាមេរិក ធ្លាក់ជាង១០ដងទៅហើយក៏មានដែរ។

ចំពោះបញ្ហាតារាខ្លះងាយសម្ភាសន៍ជាប់ទៅអាមេរិក ប៉ុន្តែតារាខ្លះទៀតចេញទៅមិនរួចនេះ ត្រូវបានប្រភពពីតារាចម្រៀងជើងចាស់ម្នាក់ដែលចេញចូលសម្តែងនៅអាមេរិក ជាញឹកញាប់ បានបង្ហើបឱ្យដឹងថា សម្រាប់តារាដែលពិបាកទៅអាមេរិក គឺមានតែតារាដែលសកម្មក្នុងការឃោសនានិងហែបក្សមួយ តែបើតារាអាជីពពិតប្រាកដ មិនជាពិបាកចេញទៅទេ។

នាយចឺម បានបោះបង់អាជីពកំប្លែងនៅ CTN ដោយស្រវាចាប់អាជីពចម្រៀងនៅផលិតកម្មសាន់ដេ ហើយអំឡុងពេលដែលខេមរៈ សិរីមន្ត បានដើរចេញពីសាន់ដេ ចូលហង្សមាស កាលពីឆ្នាំ២០១៧ នោះ  នាយចឺម  បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទដល់អ្នកយកព័ត៌មានយើងដោយនាយប្រកាសថា ត្រូវការប្រើពេល១ឆ្នាំទៀតប៉ុណ្ណោះ នឹងតាមល្បីឱ្យស្មើសិរីមន្ត។

ប៉ុន្តែថ្មីៗនេះ លោកនូ ស៊ឹប បានឱ្យដឹងថា នាយចឺម អាចតាមទាន់ខេមរៈ សិរីមន្ត បាននៅពេលខាងមុខ តែត្រូវទាមទារការច្រៀងប្រើសំឡេងឱ្យបានត្រឹមត្រូវ ហើយនាយត្រូវចេះមើលពីបច្ចេកទេសច្រៀងរបស់ព្រាប សុវត្ថិ ពិសេសគឺអត្តចរិតតែម្តង។

ការសម្ងំកើបលុយនៅអាមេរិក៣ខែ របស់នាយចឺម ពេលនេះ ប្រាកដជាធ្វើឱ្យស្រីស្អាតអូនហ្វា រងាកាយាតែម្នាក់ឯងជាមិនខានឡើយ ខណៈដែលអតីតសង្សារនាយចឺម ស្រីស្អាត២រូប គឺកញ្ញាពុធ ស្រីខួច និងអូនម៉ីម៉ី ពេលនេះ ពួកគេមានប្រុសស្នេហ៍ថ្មីឱបរៀងៗខ្លួនទៅហើយ៕

RELATED ARTICLES