Thursday, April 25, 2024
Homeព័ត៌មានជាតិប្រាប់នាងថា "នៅកំលោះ មិនមានប្រពន្ធកូនទេ ពិបាកណាស់" ប៉ុន្តែតាមពិត...

ប្រាប់នាងថា “នៅកំលោះ មិនមានប្រពន្ធកូនទេ ពិបាកណាស់” ប៉ុន្តែតាមពិត…

ខេត្តសៀមរាប ៖ នារីម្នាក់បានអះអាងថា នាងបានចាញ់បោកបុរសជាមន្ត្រីយោធាម្នាក់តាមហ្វេសប៊ុក ឆាតប្រលោមសុំស្នេហ៍ រហូតដល់នាងទន់ចិត្ត ណាត់ជួបមុខគ្នា ទីបំផុត ក៏ត្រូវខាងប្រុសលួងលោមនាំឡើងសណ្ឋាគារ គំរាមរួមរ័ករហូតដល់បានសម្រេច រួចក៏សន្យាថា នឹងចូលស្តីដណ្តឹងរូបនាងធ្វើជាគូអនាគត។

ប៉ុន្តែទីបំផុត ក្រោយពីបានប្រាណនាងចំនួន២ដងរួចហើយ ស្រាប់តែប្រុសថ្លៃចង់ដោះដៃមិនទទួលខុសត្រូវ លុះនាងស៊ើបសួរ ទើបបែកធ្លាយដឹងថា តាមពិតប្រុសព្រានកំហូចរូបនេះមានប្រពន្ធកូនរួចទៅហើយ។

នារីរងគ្រោះខាងលើ មានឈ្មោះ វ.ស.ភ អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ចំណែកខាងប្រុសមានឈ្មោះកង ម៉េង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីយោធា មានលំនៅផ្ទះលេខ៤៧B2 ផ្លូវលេខ១៧០ ក្រុម១ ភូមិ១ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កាលពីព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៩  នារីរងគ្រោះបានរៀបរាប់ប្រាប់ “នគរធំ“ តាមទូរស័ព្ទថា រវាងនាងនិងភាគីខាងប្រុសបានស្គាល់គ្នាតាមរយៈការលេងហ្វេសប៊ុក ដោយពួកនាងបានស្គាល់គ្នាដំបូង នៅអំឡុងខែមិថុនា ឆ្នាំ២០១៩។

បន្ទាប់មកខាងប្រុសបានព្យាយាមឆាតមករកនាងជារៀងរាល់ថ្ងៃ និងប្រាប់ថា រូបគេធ្វើការនៅក្នុងក្រុមហ៊ុនចិនមួយ ផ្នែកខាងគួកជេរដី នៅរាជធានីភ្នំពេញ រហូតក្រោយមកក៏ឈានដល់ការលួងលោមសុំស្នេហ៍នាងត្រង់ៗតែម្តង ដោយគេប្រាប់នាងថា គាត់មិនទាន់មានប្រពន្ធកូននោះទេ សូម្បីតែសង្សារក៏មិនទាន់មានផង ពោលគឺសព្វថ្ងៃនៅខ្លួនមួយ លំបាកខ្លាំងណាស់។

លុះមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នាងក៏បានឡើងមកភ្នំពេញ គាប់ជួនក៏ត្រូវបុរសរូបនោះសុំណាត់ជួបមុខគ្នាដោយផ្ទាល់និងបាននាំនាងទៅស្បថចំពោះមុខព្រះអង្គដងកើមុខព្រះបរមរាជវាំង ថាគាត់គ្មានប្រពន្ធកូនទេ ហើយស្រលាញ់នាងពិតចង់បាននាងធ្វើជាគូអនាគត (ប្រពន្ធ) រួមរស់នឹង គ្នាតទៅ។

នាងបន្តថា បន្ទាប់មកបុរសរូបនោះក៏បាននាំនាងទៅដើរលេងពេញក្រុងភ្នំពេញ រួចក៏នាំនាងទៅហូបចុកនៅហាងមួយកន្លែង និងថែមទាំងផឹកស្រាស្រវឹងទៀតផង លុះដល់យប់ជ្រៅ បុរសខាងលើក៏បានលួងលោមនាំនាងឡើងសណ្ឋាគារមួយ ស្រាប់តែពេលចូលដល់ក្នុងបន្ទប់ក៏ចាប់ផ្តើមលួងលោមសុំរួមរ័កជាមួយនាង ប៉ុន្តែនាងមិនព្រម ដោយយល់ថាចាំរៀបការរួចសិនទៅ បែរជាខាងប្រុសខឹងច្រឡោតសម្លុតគំរាមនាង ត្រូវតែដេកជាមួយគេ បើមិនព្រម គេនឹងបាញ់សម្លាប់នាងចោល។ ចំណែកនាង ដោយសារតែជាស្រីភេទទន់ខ្សោយ មិនហ៊ានប្រកែកក៏ត្រូវខាងប្រុសបានដៃ រួមរ័កនៅយប់នោះទៅ។

មិនតែប៉ុណ្ណោះ នៅពាក់កណ្តាលខែកក្កដា បុរសរូបនោះក៏បានមកលេងនាងនៅខេត្តសៀមរាប តែមិនព្រមចូលទៅជួបមុខឪពុកម្តាយនាងទេ គ្រាន់តែលួងលោមនាំនាងទៅគេងជាមួយគ្នាបានម្តងទៀត រួចក៏ប្រាប់ថា មានការរវល់ត្រូវឡើងទៅភ្នំពេញវិញបាត់ទៅ ដោយសន្យាថា នឹងឱ្យចាស់ទុំចូលស្តីដណ្តឹងនាងឆាប់ៗ។

ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ពេលនាងសួរនាំរឿងចូលស្តី បុរសរូបនោះចេះតែព្យាយាមរកលេសនេះលេសនោះ ជាហេតុធ្វើឱ្យពួកនាងចាប់ផ្តើមមានទំនាស់ពាក្យសម្តីនឹងគ្នាជាបន្តបន្ទាប់ ដែលតាមពិត នេះគឺជាល្បិចដែលប្រុសថ្លៃចង់ដោះដៃពីនាងសោះ។

នារីខាងលើបានបញ្ជាក់ថា ក្រោយមកចាប់ពីអំឡុងខែ៨មក បុរសខាងលើក៏បានផ្តាច់ទំនាក់ទំនងជាមួយនាង ដោយទាក់ទងតាមឆាតក៏មិនចូល ទូរស័ព្ទក៏មិនលើក ទើបនាងសម្រេចចិត្តឡើងមកភ្នំពេញ ដើម្បីតាមរកប្រុសថ្លៃដល់ផ្ទះ នាងបានស៊ើបសួរស្រាវជ្រាវដឹងពីផ្ទះរបស់បុរសរូបនេះ លុះពេលមកដល់សួរនាំទៅ ទើបបែកធ្លាយដឹងរឿងថា តាមពិតបុរសខាងលើ មានប្រពន្ធ និងមានកូនស្រីម្នាក់រួចទៅហើយ ធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំង។

នារីរងគ្រោះបានបញ្ជាក់ពីជំហររបស់ខ្លួនថា អ្វីដែលនាងចង់បាននៅពេលនេះ គឺមិនចង់បានប្រុសរូបនោះមកធ្វើជាគូអនាគតនោះទេ ព្រោះគេមានប្រពន្ធនិងកូនរួចទៅហើយ ហេតុនេះនាងគ្រាន់ចង់ឱ្យបុរសខាងលើចេញមុខទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងទាមទារនូវសំណងជំងឺចិត្តមួយចំនួនប៉ុណ្ណោះ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា កន្លងមក នេះ នាងធ្លាប់បានទៅដាក់ពាក្យបណ្តឹងដល់ សាលាសង្កាត់ខាងប្រុសដែរ និងត្រូវបានលោកចៅសង្កាត់កោះហៅបុរសរូបនោះឱ្យចូលមកជួបដោះស្រាយគ្នាចំនួន៣ដងរួចមកហើយ តែត្រូវខាងប្រុសគេចវេសមិនព្រមចូលខ្លួនមក ដោះស្រាយជាមួយនាងទាល់តែសោះ។

យ៉ាងណាក្តី តាមរយៈ “នគរធំ” នារីរងគ្រោះបាន អះអាងថា បើភាគីប្រុសមិនព្រមចេញមុខមកដោះស្រាយជាមួយនាងទេ នាងនឹងមិនសុខចិត្តដាច់ខាតនឹងធ្វើការប្តឹងផ្តល់ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯងឱ្យទាល់តែបាន ហេតុនេះបើយកល្អ បុគ្គលកង ម៉េង ឬម្តាយ ឬប្រពន្ធ ត្រូវចេញមុខមកជួបដោះស្រាយ ជាមួយនាងឱ្យ បានឆាប់។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន បុរសឈ្មោះកង ម៉េង បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES