Wednesday, April 24, 2024
Homeព័ត៌មានជាតិប្រុសលួងលោមស្នេហ៍ស្បថមុខព្រះអង្គដងកើ ប៉ុន្តែស្រីលង់ស្នេហ៍ហើយ បែរជាចង់ដោះដៃទៅវិញ

ប្រុសលួងលោមស្នេហ៍ស្បថមុខព្រះអង្គដងកើ ប៉ុន្តែស្រីលង់ស្នេហ៍ហើយ បែរជាចង់ដោះដៃទៅវិញ

ខេត្តសៀមរាប ៖ នារីម្នាក់បានអះអាងថា នាងត្រូវបានបុរសកំហូចជាមន្ត្រីយោធាម្នាក់ដែលបានស្គាល់គ្នាតាមហ្វេសប៊ុកឆាតប្រលោមសុំស្នេហ៍រហូតដល់នាងទន់ចិត្តណាត់ជួបមុខគ្នា ទីបំផុត ក៏ត្រូវខាងប្រុសលួងលោមនាំឡើងសណ្ឋាគារ គំរាមរួមរ័ករហូតដល់បានសម្រេច រួចក៏សន្យាថា នឹងចូលស្តីដណ្តឹងរូបនាងធ្វើជាគូអនាគត។

ប៉ុន្តែទីបំផុត ក្រោយពីបានប្រាណនាងចំនួន២ដងរួចហើយ ស្រាប់តែប្រុសថ្លៃចង់ដោះដៃមិនទទួលខុសត្រូវ លុះនាងស៊ើបសួរទើបបែកធ្លាយដឹងថា តាមពិតប្រុសព្រានកំហូចរូបនេះមានប្រពន្ធកូនរួចទៅហើយ ទើបធ្វើឱ្យនាងកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្ត។

នារីរងគ្រោះខាងលើមានឈ្មោះ វ.ស.ភ អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ចំណែកខាងប្រុស មានឈ្មោះកង ម៉េង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីយោធា មានលំនៅផ្ទះលេខ ៤៧E2 ផ្លូវលេខ១៧០ ក្រុម១ ភូមិ១ សង្កាត់ អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ “នគរធំ“ តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ថា រវាងនាងនិងភាគីខាងប្រុស បានស្គាល់គ្នាតាមរយៈការលេងហ្វេសប៊ុក ដោយពួកនាងបានស្គាល់គ្នាដំបូង នៅអំឡុងខែមិថុនា ឆ្នាំ២០១៩។

បន្ទាប់មក ខាងប្រុសបានព្យាយាមឆាតមករកនាងជារៀងរាល់ថ្ងៃ ដោយសួរសុខទុក្ខផងសួរនាំពីនេះពីនោះផង និងប្រាប់ថា រូបគេធ្វើការនៅក្នុងក្រុមហ៊ុនចិនមួយ ផ្នែកខាងគួកជេរដីនៅរាជធានីភ្នំពេញ រហូតក្រោយមកក៏ឈានដល់ការប្រើពាក្យពេចន៍លួងលោមសុំស្នេហ៍នាងត្រង់ៗតែម្តង ដោយដំបូងឡើយ គេបានអះអាងប្រាប់នាងថា គាត់មិនទាន់មានប្រពន្ធកូននោះទេ សូម្បីតែសង្សារក៏មិនទាន់ មានផង ពោលគឺសព្វថ្ងៃនៅខ្លួនមួយលំបាកខ្លាំងណាស់។

មិនតែប៉ុណ្ណោះ បុរសរូបនោះនៅថែមទាំងហ៊ានស្បថស្បែជាមួយនាងនៅចំពោះមុខព្រះអង្គដងកើទៀតផង ទើបធ្វើឱ្យនាងទន់ចិត្តជឿលង់សម្តីដ៏ផ្អែមល្ហែមរបស់គេ។

នារីរងគ្រោះបន្តថា លុះមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នាងក៏បានឡើងមកភ្នំពេញ គាប់ជួនក៏ត្រូវបុរសរូបនោះសុំណាត់ជួបមុខគ្នាដោយផ្ទាល់ និងបាននាំនាងទៅស្បថចំពោះមុខព្រះអង្គដងកើមុខព្រះបរមរាជវាំង ថាគាត់គ្មានប្រពន្ធកូនទេ ហើយស្រលាញ់នាងពិតចង់បាននាងធ្វើជាគូអនាគត (ប្រពន្ធ) រួមរស់នឹងគ្នាតទៅ។

បន្ទាប់មក បុរសរូបនោះក៏បាននាំនាងទៅដើរលេងពេញក្រុងភ្នំពេញ រួចក៏នាំនាងទៅហូបចុកនៅហាងមួយកន្លែង និងថែមទាំងផឹកស្រាស្រវឹងទៀតផង លុះដល់យប់ជ្រៅបុរសខាងលើក៏បានលួងលោមនាំនាងឡើងសណ្ឋាគារមួយ ស្រាប់តែពេលចូលដល់ក្នុងបន្ទប់ក៏ចាប់ផ្តើមលួងលោមសុំរួមរ័កជាមួយនាង ប៉ុន្តែនាងមិនព្រមដោយយល់ថា ចាំរៀបការរួចសិនទៅ បែរជាខាងប្រុសខឹងច្រឡោត សម្លុតគំរាមនាង ត្រូវតែដេកជាមួយគេ បើមិនព្រមគេនឹងបាញ់សម្លាប់នាងចោល។

ចំណែកនាងដោយសារតែជាស្រីភេទទន់ខ្សោយ ណាមួយឃើញបុរសនោះមានកាំភ្លើងផង ទើបមិនហ៊ានប្រកែក ក៏ត្រូវខាងប្រុសបានដៃ រួមរ័កបំផ្លាញព្រហ្មចារីរបស់នាងនៅយប់នោះទៅ។

នារីរងគ្រោះខាងលើ បានឱ្យដឹងទៀតថា លុះព្រឹកឡើងបុរសរូបនោះបានលួងលោមនាងកុំឱ្យប្តឹងផ្តល់ ហើយគាត់នឹងទទួលខុសត្រូវដោយឱ្យឪពុកម្តាយចូលស្តីដណ្តឹងនាងរៀបការតាមច្បាប់។ បន្ទាប់មកនៅពាក់កណ្តាលខែកក្កដា បុរសរូបនោះក៏បានមកលេងនាងនៅខេត្តសៀមរាប តែមិនព្រមចូលទៅជួបមុខឪពុកម្តាយនាងទេ គ្រាន់តែលួងលោមនាំនាងទៅគេងជាមួយគ្នាបានម្តងទៀត រួចក៏ប្រាប់ថា មានការរវល់ត្រូវឡើងទៅភ្នំពេញវិញបាត់ទៅ ដោយសន្យាថា នឹងឱ្យចាស់ទុំចូលស្តីដណ្តឹងនាងឆាប់ៗ។

ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ពេលនាងសួរនាំរឿងចូលស្តី បុរសរូបនោះចេះតែព្យាយាមលើកហេតុផល រកលេសនេះលេសនោះរហូតម្តងថាចាំថ្ងៃនេះ ម្តងថាចាំខែ៨ ម្តងថាជាប់រវល់ការងារដកឃ្លាមិនរួច ជាហេតុធ្វើឱ្យពួកនាងចាប់ផ្តើមមានទំនាស់ពាក្យសម្តីនឹងគ្នាជាបន្តបន្ទាប់ ដែលតាមពិតនេះគឺជាល្បិចដែលប្រុសថ្លៃចង់ដោះដៃពីនាងសោះ ពោលគឺចេះ តែរករឿងឈ្លោះប្រកែកគ្នាដើម្បីមានលេស ផ្តាច់ការទាក់ទងជាមួយនាង។

នារីខាងលើបានបញ្ជាក់ថា ក្រោយមកចាប់ពីអំឡុងខែ៨មក បុរសខាងលើក៏បានផ្តាច់ទំនាក់ទំនងជាមួយនាងដោយទាក់ទងតាមឆាតក៏មិនចូល ទូរស័ព្ទក៏មិនលើក ទើបនាងសម្រេចចិត្តឡើងមកភ្នំពេញ ដើម្បីតាមរកប្រុសថ្លៃដល់ផ្ទះ ក្នុងបំណងឱ្យគាត់មកទទួលខុសត្រូវរៀបការនឹងគ្នា ដោយនាងបានស៊ើបសួរស្រាវជ្រាវដឹងពីផ្ទះរបស់បុរសរូបនេះ។

លុះពេលមកដល់សួរនាំទៅ ទើបបែកធ្លាយដឹងរឿងថា តាមពិតបុរសខាងលើមានប្រពន្ធនិងមានកូនស្រីម្នាក់រួចទៅហើយ ធ្វើឱ្យនាងឈឺចាប់យ៉ាងខ្លាំងមិនគួរណាមកជួបស្នេហ៍ដំបូងក្នុងជីវិតប៉ះចំប្រុស ព្រានបោកប្រាស់បែបនេះសោះ ហើយអ្វីដែលធ្វើឱ្យនាងឈឺចាប់ខ្លាំងបំផុតនោះ មិនត្រឹមតែបោកប្រាស់ខ្លួនប្រាណរបស់នាងប៉ុណ្ណោះទេ តែនៅកុហកបោកប្រាស់ចិត្តរបស់នាងថានៅទំនេរខ្លួនមួយ មិនជាប់ពាក់ព័ន្ធជាមួយអ្នកណាទៀតផង ដែលតាមពិតគឺប្រុសរូបនេះមានទាំងប្រពន្ធមានទាំងកូនរួចទៅហើយ។

នារីរងគ្រោះបានបញ្ជាក់ពីជំហររបស់ខ្លួនថា អ្វីដែលនាងចង់បាននៅពេលនេះគឺមិនចង់បានប្រុសរូបនោះមកធ្វើជាគូអនាគតនោះទេ ព្រោះគេមានប្រពន្ធនិងកូនរួចទៅហើយ ហេតុនេះនាងគ្រាន់ចង់ឱ្យបុរសខាងលើចេញមុខទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងទាមទារនូវសំណងជំងឺចិត្តមួយចំនួនប៉ុណ្ណោះ។

នារីរងគ្រោះបានឱ្យដឹងទៀតថា កន្លងមកនេះនាងធ្លាប់បានទៅដាក់ពាក្យបណ្តឹងដល់សាលាសង្កាត់ខាងប្រុសដែរ និងត្រូវបានលោកចៅសង្កាត់កោះហៅបុរសរូបនោះឱ្យចូលមកជួបដោះស្រាយគ្នា ចំនួន៣ដងរួចមកហើយ តែត្រូវខាងប្រុសគេចវេសមិនព្រមចូលខ្លួនមក ដោះស្រាយជាមួយនាងទាល់តែសោះ។

យ៉ាងណាក្តី តាមរយៈ “នគរធំ” នារីរងគ្រោះបានអះអាងថា បើភាគីប្រុសមិនព្រមចេញមុខមកដោះស្រាយជាមួយនាងទេ នាងនឹងមិនសុខចិត្តដាច់ខាតនឹងធ្វើការប្តឹងផ្តល់ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯងឱ្យទាល់តែបាន ហេតុនេះបើយកល្អ បុគ្គលកង ម៉េង ឬម្តាយ ឬប្រពន្ធ ត្រូវចេញមុខមកជួបដោះស្រាយជាមួយនាងឱ្យបានឆាប់។

ដោយឡែក យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះដែលបានដាក់ចូលទៅលោកចៅសង្កាត់អូរឬស្សីទី១ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសឈ្មោះកង ម៉េង បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES