Friday, April 19, 2024
Homeតារាខ្មែរពេជ្រ សោភា យ៉ាងណាទៅ ពេលចាប់ដៃជាមួយខេមរៈ សិរីមន្ត?

ពេជ្រ សោភា យ៉ាងណាទៅ ពេលចាប់ដៃជាមួយខេមរៈ សិរីមន្ត?

តារាចម្រៀងពេជ្រ សោភា បានចាប់ដៃគូច្រៀងឆ្លងឆ្លើយជាលើកទីមួយ ជាមួយអតីតតារាចម្រៀងផលិតកម្មសាន់ដេ លោកខេមរៈ សិរីមន្ត តាមរយៈបទ ”ប្រពន្ធបងមិនល្អមែនទេ?” ដែលមុននេះ MV ចេញជារូបតុក្កតាប៉ុណ្ណោះ ប៉ុន្ដែថ្មីៗនេះ សោភា បានចាប់ដៃសិរីមន្ដ ថត MV ជាមួយគ្នា ខណៈដែលនាងទើបចេញបទថ្មីមួយទៀតដែលជាសាច់រឿងតពីបទចម្រៀងនោះ មានចំណងជើងថា ”ខ្ញុំមិនអីទេ”។

នេះគឺជាការប្ដូរដៃគូថ្មីមួយទៀតរបស់អ្នកមេម៉ាយពេជ្រ សោភា ខណៈដែលកន្លងមក នាងធ្លាប់ចាប់ដៃគូជាមួយតារាចម្រៀងជាច្រើននាក់មកហើយ នៅហង្សមាស ដូចជា លោកព្រាប សុវត្ថិ , ឆន សុវណ្ណរាជ, សួន ពិសិដ្ឋ, ងួន ចាន់ដេវីត និងStep ជាដើម។

ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថា សោភា ធ្លាប់ចាប់ដៃគូដែលទទួលបានជោគជ័យបំផុតក្នុងអាជីពនោះ គឺជាមួយងួន ចាន់ដេវីត មិនមែនជាមួយព្រាប សុវត្ថិ ឬតារាផ្សេងទៀតទេ។

ការអះអាងបែបនេះ ដោយសារតែអំឡុងពេលដែលសោភា ចាប់ដៃគូជាមួយព្រាប សុវត្ថិ នោះគឺករ្ដិ៍ឈ្មោះរបស់នាងកំពុងតែល្បីដែរ ប៉ុន្ដែពេលដែលនាងចាប់ដៃគូជាមួយដេវីត កាលពីឆ្នាំ២០១៦នោះ អំឡុងពេលដែលកេរ្ដិ៍ឈ្មោះរបស់នាងកំពុងដុនដាបធ្លាក់ខ្លាំង ហើយក៏ស្ទុះឡើងមកវិញ រហូតមកដល់ពេលនេះទើបធ្វើឲ្យសោភា មានទីផ្សារចម្រៀងសារជាថ្មី ហេតុនេះហើយបានជាគេចាត់ទុកថា មានតែការចាប់ដៃគូជាមួយដេវីត ទេ ដែលធ្វើឲ្យសោភា ប្រែប្រួលទីផ្សារចម្រៀងទាំងមនុស្សជាច្រើនមិនធ្លាប់គិតថា នាងអាចងើបឡើងវិញបែបនេះឡើយ។

ទោះជាយ៉ាងណា ពេលនេះ ពេជ្រ សោភា និងងួន ចាន់ដេវីត មើលមុខគ្នាមិនចំទៀតឡើយ ក្រោយពេលដែលដេវីត ត្រូវនាងទេព បូព្រឹក្ស ដែលមិនត្រូវគ្នាជាមួយសោភា ទាល់តែសោះ  បានឆក់ម្ចាស់បទ ”រាំញីកែងជើង” នេះ ពីកណ្ដាប់ដៃនាងបាត់ទៅហើយ។

សោភា បានងាកមកចាប់ដៃជាមួយ Step ហើយធ្វើឲ្យទីផ្សារប្រុសក្មេងរូបនេះមានការហក់ឡើង ហើយនៅរយៈពេលចុងក្រោយនេះ នាងក៏បានចាប់ដៃគូជាមួយតារាកូន៣ លោកខេមរៈ សិរីមន្ត វិញម្ដង ប៉ុន្ដែគេនៅតែមិនទាន់អាចសន្និដ្ឋានបានទេ តើសោភា នឹងជោគជ័យដូចកាលនាងចាប់ដៃជាមួយងួន ចាន់ដេវីត ឬយ៉ាងណា?

ក្រៅពីនៅរក្សាទីផ្សារចម្រៀងពេជ្រ សោភា ត្រូវបានគេចាត់ទុកថា នាងជាតារាដែលឆ្វាក់តែការជួយសន្ដោងប្រុសក្មេងឲ្យឡើងកូដផងដែរ។ ងួន ចាន់ដេវីត , Step និងឆឹម សកក្កដា ជាដើម ដែលពីមុនគ្មានគេស្គាល់នោះ ស្រាប់តែពេលនេះពួកគេកំពុងអុកឡុកទីផ្សារសិល្បៈរៀងៗខ្លួន ក្រោយប៉ះជាមួយពេជ្រ សោភា មួយរយៈខ្លី៕

RELATED ARTICLES