Wednesday, April 24, 2024
Homeតារាខ្មែរភិន សុដាលីស ឆក់បានតំណែងតួឯក "លោកឪពុក"

ភិន សុដាលីស ឆក់បានតំណែងតួឯក “លោកឪពុក”

រឿង “លោកឪពុក” របស់ផលិតកម្មមហាហង្ស បានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប City Mall 1 ដោយមានតារាល្បីៗនិងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

លោកអ៊ិន សុភិន

ក្រៅពីមានតារាសម្តែងល្បីៗជាច្រើនដួងលេចមុខក្នុងរឿង “លោកឪពុក” ភាពយន្តនេះក៏មានការចូលរួមសម្តែងពីអតីតតារាសម្តែងល្បីល្បាញ លោកយស បូវណ្ណៈ ផងដែរ ដែលធ្វើឱ្យរឿងនេះកាន់តែមានភាពទាក់ទាញ។

លោកយស បូវណ្ណៈ

ខណៈដែលតួឯកស្រីវិញបានធ្លាក់ទៅលើភិន សុដាលីស ចាប់ដៃតារាជាច្រើនដួងទៀតសម្តែងរឿងនេះ ដូចជា ហម ឈរ៉ា, ម៉េង សាវុធ, ភឹម តារាវិបុល, សុវណ្ណ ចាន់រតនា, ឈាង ហ៊ុយឡេង, ស្វែង សុជាតា, និន សុធារ៉ា, លឹម គិរី, សំអុល សុម៉ានា និងជី ឈិងលីន ជាដើម ស្របពេលដែលអ្នកដឹកនាំសម្តែងគឺលោកឡុង សុភាព។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នកនិពន្ធរឿង “លោកឪពុក” បានឱ្យដឹងថា “រឿងនេះបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមបច្ចុប្បន្ន អំពីគុណលោកឪពុកដែលលោកហ៊ានបូជាជីវិត លះបង់អាយុសង្ខា ញើសឈាម ពេលវេលា សុខភាព កិត្តិយស ឥតអៀនខ្មាសដើម្បីកូនៗគ្រប់រូប”។

លោកបានបន្តថា “គុណសម្បត្តិរបស់លោកឪពុកខ្ពង់ខ្ពស់ឧត្តមគ្មានអ្វីមកប្រៀបផ្ទឹមបានទេ ទោះជាកូនដើរខុសច្បាប់សង្គម កូនរឹងរូសមិនស្តាប់ការទូន្មានរបស់លោក ក៏លោកមិនដែលគិតថា បោះបង់កូនចោលម្តងណាឡើយ”។

ភិន សុដាលីស បានបង្ហាញអារម្មណ៍រីករាយចំពោះការគ្រងតំណែងតួឯក “លោកឪពុក” នេះ ហើយនាងថា រឿងនេះនឹងដាក់បញ្ចាំងនៅគ្រប់រោងកុនទាំងអស់នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះតទៅ៕

RELATED ARTICLES