Thursday, April 25, 2024
Homeព័ត៌មានជាតិរំខានរកដេកពួនមិនបាន តាអស់ភាពអត់ធ្មត់ជាមួយ ពួយផ្អើលដំបូលផ្ទះ

រំខានរកដេកពួនមិនបាន តាអស់ភាពអត់ធ្មត់ជាមួយ ពួយផ្អើលដំបូលផ្ទះ

ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ម្នាក់ព្រោះតែខឹងសម្បានឹងរឿងអ្នកជិតខាងចាក់ធុងបាស់ដោយសំឡេងឮៗថ្លង់ខ្លាំងពេក រកដេកពួនមិនបាន ក៏ក្រោកទៅវ៉ៃរបងនិងទាញដុំថ្មគប់ដំបូលផ្ទះគេ លុះម្ចាស់ផ្ទះដាក់ពាក្យបណ្តឹងក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅសាកសួរ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកព្រៃឈរ បានទទួលបណ្តឹងពីឈ្មោះចូយ ម៉េងស៊្រាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

ប្រភពពីសមត្ថកិច្ចបន្តថា នៅក្នុងពាក្យបណ្តឹងនោះ បានប្តឹងឈ្មោះសង សែម ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាថានៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឈ្មោះសង សែម បានយកដុំថ្មជាច្រើនដុំគប់មកលើដំបូលឃ្លាំងកន្លែងលក់ដូររបស់គាត់ បណ្តាលឱ្យធ្លុះធ្លាយដំបូលសង្ក័សី១កន្លែង។

ជនរងគ្រោះជាដើមបណ្តឹង បានបន្តថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ឈ្មោះសង សែម នេះបានវាយរបងដែករបស់គាត់ ហើយកន្លងមកធ្លាប់គប់និងវាយដំបូលឃ្លាំង ព្រមទាំងរបងផ្ទះគាត់ជាច្រើនលើកច្រើនសារមកហើយ តែគាត់មិនដែលមាត់នោះទេ ទើបតែលើកនេះគាត់ទ្រាំមិនបានក៏ប្តឹងសុំឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌបានដឹកនាំកំលាំងប៉ុស្តិ៍ចុះដល់លំនៅដ្ឋានឈ្មោះសង សែម និងបានអញ្ជើញបុរសរូបនោះមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ។

នៅចំពោះមុខសមត្ថកិច្ច បុរសឈ្មោះសង សែម បានឆ្លើយសារភាពថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ គាត់ពិតជាបានយកដំបងឬស្សីពីងពុងមួយកំណាត់វាយទៅលើរបងដែករបស់ឈ្មោះស៊្រាន មែន ហើយបានបោះដំបងនោះចោលនៅកន្លែងកើតហេតុតែម្តង។

បុរសខាងលើបន្តថា លុះមកដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ គាត់មិនបានយកដុំថ្មគប់ទៅដំបូលផ្ទះឈ្មោះស៊្រាន ឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការបំភ្លឺនៅជុំវិញកន្លែងកើតហេតុ គឺឈ្មោះសង សែម ពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើដំបូលឃ្លាំងលក់ដូររបស់ឈ្មោះស្រ៊ាន ពិតប្រាកដមែន។

បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES