Friday, April 19, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចសួរនាំជនជាតិចិន ធ្លាយរឿងដល់ជនជាតិខ្មែរ ២នាក់ទៀត

សមត្ថកិច្ចសួរនាំជនជាតិចិន ធ្លាយរឿងដល់ជនជាតិខ្មែរ ២នាក់ទៀត

ខេត្តព្រះសីហនុ ៖ បុរសជនជាតិខ្មែរចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវរកឃើញថា ជនទាំង២នាក់នេះបានលក់អាវុធ (កាំភ្លើង) ទៅឱ្យក្រុមឃាតករជាជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់សម្លាប់ជនជាតិចិនដូចគ្នាទម្លាក់ពីលើរថយន្តនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់បានភ្លាមៗក្រោយពេលកើតហេតុ។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បញ្ជាក់ថា ជនសង្ស័យជាជនជាតិចិន២នាក់ ក្រោយនេះជាបក្ខពួកក្រុមឃាតករដែលបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា (សរុប៤នាក់ស្រីម្នាក់) ត្រូវបានចាប់ខ្លួនអស់ហើយ។

ស្នងការរងបានបន្តថា ដោយឡែក ជនសង្ស័យជាជនជាតិខ្មែរ២នាក់ មុខរបរធ្វើការនៅកាស៊ីណូ ដែលនគរបាលចាប់ខ្លួនដែរនេះ បើតាមលោកស្នងការរងអះអាងថា អ្នកទាំង២ពាក់ព័ន្ធនឹងបទផ្សំគំនិត (លក់អាវុធឱ្យក្រុមជនសង្ស័យ) យកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមមាន ៖

ទី១-ឈ្មោះ YI XIN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។

ទី២-ឈ្មោះ CHEN HAO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។

ទី៣-ឈ្មោះនាង សានិត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ អតីតបុគ្គលិកកាស៊ីណូ។

និងទី៤-ឈ្មោះកែវ ប៊ុនណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នបុគ្គលិកកាស៊ីណូ។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES