Thursday, April 25, 2024
Homeព័ត៌មានជាតិសល់២ខែទៀតរៀបការ ប្រុសទួញយំឱបសពសង្សារ ហើយដង្ហោយហៅ "តោះពួកយើងទៅផ្ទះណា៎អូនណា៎"

សល់២ខែទៀតរៀបការ ប្រុសទួញយំឱបសពសង្សារ ហើយដង្ហោយហៅ “តោះពួកយើងទៅផ្ទះណា៎អូនណា៎”

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យសោកសង្រេងនិងរន្ធត់ចិត្តបំផុត ខណៈដែលបុរសម្នាក់បានចេញមុខរៀបរាប់បង្ហាញពីក្តីឈឺចាប់របស់ខ្លួនដែលនៅសល់តែ២ខែទៀតប៉ុណ្ណោះ ត្រូវដល់ថ្ងៃរៀបការទៅហើយ ស្រាប់តែបាត់បង់នារីជាទីស្រលាញ់ត្រឹមតែមួយប៉ប្រិចភ្នែកទាំងគ្មានពាក្យលាសូម្បីមួយម៉ាត់ ធ្វើឱ្យភាគីប្រុសទួញយំឱបសពដង្ហោយហៅ អូនអើយម៉េចទៅ ចោលបងបែបនេះ!។

បុរសអភ័ព្វស្នេហ៍ដែលសល់តែ២ខែទៀតដល់ថ្ងៃរៀបការ បែរជាគូស្នេហ៍ជួបគ្រោះអកុសលក្រឡាប់រថយន្តស្លាប់យ៉ាងអាណោចអាធ័មនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Marada Tobe។

ចំណែកនារីជាគូស្នេហ៍ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ៥នាក់ ដែលបានជួបឧបទ្ទវហេតុក្រឡាប់រថយន្តស្លាប់កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិព្រៃតាហ៊ូ និងសេរីវង្ស N6 (ផ្លូវអាស៊ានវាងក្រុង) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។

កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បុរសអភ័ព្វស្នេហ៍ដែលទួញយំសោកស្តាយគូដណ្តឹងនោះបានសរសេរថា “អូនអើយអូនឆាប់ក្រោកឡើងអូន បងមកយកអូនទៅផ្ទះយើងវិញហើយ បងមិនអាចទទួលយកបានទេ ម្តេចឆាប់ទៅចោលបងយ៉ាងនេះ ក្រែងពួកយើងសន្យាថានឹងដើរផ្លូវរួមគ្នាអស់មួយជីវិតអី នៅសល់តែ២ខែទៀតទេពួកយើងដល់ថ្ងៃចូលរោងការហើយ ម្តេចអូនទៅចោលបងអ៊ីចឹង តោះពួកយើងទៅផ្ទះណា៎អូនណា៎…”។

ក្រោយការបង្ហោះសារទុក្ខសោកខាងលើនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក មានសាច់ញាតិមិត្តភក្តិ រួមនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងនូវអារម្មណ៍តក់ស្លុត រន្ធត់ចិត្ត និងអាណិតអាសូរជាពន់ពេកដល់បុរសខាងលើដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ ខណៈកៀកដល់ថ្ងៃចូលរោងការជាមួយគ្នាទៅហើយ មិនគួរកម្មកាចអប្រិយតាមមកពង្រាត់អ្នកទាំងពីរឱ្យព្រាត់គ្នាបែបនេះសោះ។

គួររំលឹកថា កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅត្រង់ចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិព្រៃតាហ៊ូ និងសេរីវង្ស N6 (ផ្លូវអាស៊ានវាងក្រុង) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។

ដោយនារីម្នាក់បានបើករថយន្ត១គ្រឿង មានអ្នករួមដំណើរចំនួន៤នាក់ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន លុះមិនដឹងជាជួបឧបសគ្គអ្វី ឬទំនងជាតៃកុងងោកមួយភាំងក៏មិនដឹង ធ្វើឱ្យរេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យនារីទាំង៥នាក់ដែលជិះក្នុងរថយន្តបានបាត់បង់ជីវិតទាំងអស់។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-6715 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចផ្លូវកោង រថយន្តបានរេចង្កូតមកឆ្វេងដៃធ្លាក់ថ្នល់ក្រឡាប់ជាច្រើនត្រឡប់ ធ្វើឱ្យមនុស្សស្រីទាំងអស់សរុប៥នាក់ ដែលជិះក្នុងរថយន្តបានស្លាប់គ្មានសល់។

ជនរងគ្រោះទាំង៥នាក់ដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្ត ដោយខ្លួនឯងនេះ រួមមាន ៖

ទី១-អ្នកបើកបររថយន្ត ឈ្មោះ ឌុក វល្ល័ក្ខ ភេទស្រី ជាមន្ត្រីនគរបាលនៅនាយកដ្ឋាននៃក្រសួងមហាផ្ទៃ មានលំនៅឯរាជធានីភ្នំពេញ។

ទី២-ឈ្មោះអួន ចាន់ធារី ភេទស្រី អាយុ៣៤ឆ្នាំ មានលំនៅភូមិទី៤ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ទី៣- ឈ្មោះឡាច ស្រីម៉ុម ភេទស្រី អាយុ២៦ឆ្នាំ មានលំនៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

ទី៤-ឈ្មោះដុក ចាន់វលក្ខ័ណ៍ ភេទស្រី អាយុ២៦ឆ្នាំ មានលំនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

និងទី៥- មិនទាន់ស្គាល់អត្តសញ្ញាណ។

លោកញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ថា ករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រឡាប់ដោយខ្លួនឯងនេះត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណអ្នកបើកបរបាន គឺឈ្មោះឌុក វល្ល័ក្ខ ភេទស្រី ជាមន្ត្រីនគរបាលនៅនាយកដ្ឋាន នៃក្រសួងមហាផ្ទៃ៕

RELATED ARTICLES