Tuesday, April 23, 2024
Homeព័ត៌មានជាតិស្នេហា១០ឆ្នាំនេះ ប្តីឲ្យស្គាល់គ្រប់រសជាតិ ចុងក្រោយដូចធ្លាក់នរក

ស្នេហា១០ឆ្នាំនេះ ប្តីឲ្យស្គាល់គ្រប់រសជាតិ ចុងក្រោយដូចធ្លាក់នរក

ខេត្តសៀមរាប ៖ គូស្នេហ៍មួយគូបានសម្ងំរួមរស់នឹងគ្នាអស់រយៈពេលប្រមាណ១០ឆ្នាំ បានកូនស្រី៣នាក់ ស្រាប់តែភាគីប្រុសប្រែចិត្ត ណាមួយកើតចិត្តប្រចណ្ឌផងបានបង្ករឿងឈ្លោះប្រកែកវាយដំច្រំធាក់ ចាប់ចងធ្វើទារុណកម្មដាក់ច្រវាក់ដៃជើងសម្រាតខោអាវ និងបានបង្ខាំងទុកក្នុងកូនខ្ទមងងឹតនៅលើភ្នំរស់នៅប្រៀបបាននឹងធ្លាក់នរកទាំងរស់ ទម្រាំអាចលួចរត់ចេញមកទាំងជាប់ច្រវាក់ដៃ អាក្រាតកាយ និងត្រូវបានអ្នកស្រុកជួយសង្គ្រោះជីវិត។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះតិញ ស្រីម៉ៅ មានប្តីឈ្មោះឆោម សុផៃ  មុខរបរម្ចាស់ផ្គត់ផ្គង់អគ្គិសនីបន្ត នៅផ្សារដំដែក ស្រុកសូទ្រនិគម។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះនិងប្តីបានរួមរស់នឹងគ្នាដោយលួចលាក់អស់រយៈពេល១០ឆ្នាំមកហើយ ដោយបង្កើតបានកូនស្រី៣នាក់ជាចំណងនិស្ស័យ។

ក្រោយមកដោយសារតែបុរសជាប្តីមានចិត្តប្រចណ្ឌបានដាក់ថ្នាំសណ្តំឱ្យប្រពន្ធលង់លក់មិនដឹងខ្លួន រួចនាំយកប្រពន្ធទៅបង្ខាំងទុកធ្វើទារុណកម្មនៅផ្ទះដ៏ងងឹតក្នុងចម្ការមួយកន្លែងនៅជើងភ្នំគូលែន ស្ថិតក្នុងភូមិថ្នល់ក្រហម ឃុំខ្នាតពោធិ៍ ស្រុកបន្ទាយស្រី ដោយថែមទាំងដាក់ច្រវាក់ដៃជើងចងជាប់នឹងចម្រឹងបង្អួចរួចធ្វើទារុណកម្មវាយដំរាងកាយសម្រាតខោអាវអស់គ្មានសល់និងបានបង្ខាំងទុកចោលនៅក្នុងកូនខ្ទមងងឹតនោះ ទុកឱ្យស្ត្រីជាប្រពន្ធរស់នៅលំបាកវេទនាដូចធ្លាក់នរកទាំងរស់។

ប្រភពដដែលបន្តថា ក្រោយមកស្ត្រីរងគ្រោះឈ្មោះតិញ ស្រីម៉ៅ បានរកឱកាសរត់គេចខ្លួនចេញពីកូនខ្ទមនោះទាំងជាប់ច្រវាក់ អូសទាំងចម្រឹងបង្អួចទៅជាមួយរូបរាងកាយអាក្រាត-គ្មានសម្លៀកបំពាក់ជាប់ខ្លួនសោះ និងព្យាយាមរត់ទៅរកអ្នកស្រុកឱ្យជួយ និងសឹងតែមិនមាន អ្នកហ៊ានជួយទេ ព្រោះឮតែឈ្មោះឆោម សុផៃ អ្នកស្រុកខ្លាចគ្រប់គ្នា។

ជុំវិញករណីខាងលើនេះ “នគរធំ“ មិនដឹងថា មានការពិតកម្រិតណានោះទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីបានទេ កាលពីម្សិលមិញ។

យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES