Friday, March 29, 2024
Homeព័ត៌មានជាតិឲ្យមិត្តភក្តិទៅមុន ... ខ្លួនឯងបាត់ដំណឹងឈឹង ឃើញតែអាវនៅមាត់ទឹក

ឲ្យមិត្តភក្តិទៅមុន … ខ្លួនឯងបាត់ដំណឹងឈឹង ឃើញតែអាវនៅមាត់ទឹក

ខេត្តកំពង់ធំ ៖ ក្មេងប្រុសចំនួន៤នាក់រស់នៅភូមិជាមួយគ្នា បាននាំគ្នាដឹកគោចេញទៅឃ្វាលនៅវាលស្រែ លុះទៅដល់ចងគោរួច ក្មេងប្រុសម្នាក់ក្នុងចំណោមនោះក៏ប្រាប់មិត្តភក្តិថា ត្រឡប់ទៅផ្ទះមុនហើយ តែបែរជាចុះទៅលេងទឹកប្រឡាយតែម្នាក់ឯង បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះបានទាន់ពេលវេលានោះឡើយ។

ករណីក្មេងប្រុសលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិតាអាំ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្រះស្លាប់ មានឈ្មោះឈាង បញ្ញា អាយុ៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមការបំភ្លឺពីក្មេងប្រុសឈ្មោះរ៉ាន ចំរើន អាយុ១១ឆ្នាំ នៅភូមិជាមួយគ្នា បានរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ពួកគេមានគ្នាចំនួន៤នាក់ រួមមាន ៖

ទី១-រូបគេ (រ៉ាន ចំរើន)

ទី២-ឈ្មោះរ៉ាន ចន្ថា ភេទប្រុស អាយុ៦ឆ្នាំ

ទី៣-ឈ្មោះរឹទ្ធ ចេម ភេទប្រុស អាយុ៦ឆ្នាំ

និងទី៤-ក្មេងប្រុសរងគ្រោះ (ឈាងបញ្ញា) ដែលជាអ្នករស់នៅភូមិជាមួយគ្នាបានដេញគោទៅឃ្វាល នៅតំបន់អូរតាកង ខាងលិចភូមិតាអាំ ចម្ងាយប្រហែល១គីឡូម៉ែត្រ។

ក្មេងប្រុសខាងលើ បន្តថា លុះទៅដល់នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ថ្ងៃដដែល ក្មេងប្រុសរងគ្រោះឈ្មោះឈាង បញ្ញា បាននិយាយប្រាប់ថា វាទៅផ្ទះមុនហើយ ហើយឈ្មោះរ៉ាន ចន្ថា និងរូបគេ បាននាំគ្នាដើរសំដៅទៅម្លប់ដើមអំពិល រីឯឈ្មោះរឹទ្ធ ចេម ដើរទៅដេញគោ។

លុះដល់វេលាម៉ោងប្រហែល២រសៀលថ្ងៃដដែល ពួកគេទាំង៣នាក់នាំគ្នាដេញគោទៅផ្ទះវិញ ពេលទៅដល់ផ្ទះលោកយាយ ភៅ ខុន ត្រូវជាជីដូនរបស់ក្មេងប្រុសរងគ្រោះ បានសួររកចៅប្រុសគាត់ឈ្មោះឈាង បញ្ញា ទើបដឹងថាបាត់ចៅ ហើយក៏នាំគ្នាទៅរកកន្លែងឃ្វាលគោ ឃើញអាវនៅមាត់ទឹក ហើយនាំគ្នាចុះរាវរកក៏ឃើញក្មេងប្រុសរងគ្រោះ ឈ្មោះឈាង បញ្ញា បានលង់ទឹកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានរបាយការណ៍កម្លាំងប៉ុស្តិ៍ រដ្ឋអំណាចមូលដ្ឋាន និងគ្រូពេទ្យ បានចុះទៅពិនិត្យសាកសពឃើញពោះសពប៉ោងធំ ពុំមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធនឹងបទល្មើសឃាតកម្មឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES