Friday, April 26, 2024
Homeព័ត៌មានជាតិក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា រួមគ្នាធ្វើឱ្យទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ទទួលបានការចាប់អារម្មណ៍នៅពិព័រណ៍ London Summit 2019

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា រួមគ្នាធ្វើឱ្យទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ទទួលបានការចាប់អារម្មណ៍នៅពិព័រណ៍ London Summit 2019

ក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បាននាំទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឆ្ពោះទៅមុខមួយជំហានទៀតតាមរយៈការចូលរួមយ៉ាងសកម្មនិងការផ្សព្វផ្សាយអំពីវាយ៉ាងទូលំទូលាយនៅពិព័រណ៍ London Summit 2019 ដែលជាពិព័រណ៍ហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ពិភពលោក។

ពិព័រណ៍ London Summit 2019 នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅសាល Old Billingsgate នៃប្រទេសអង់គ្លេស ហើយបានប្រមូលផ្ដុំអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរាប់ពាន់នាក់ក្នុងគោលបំណងបង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ចាប់យកឱកាសវិនិយោគផ្លាស់ប្ដូរបទពិសោធន៍ យុទ្ធសាស្រ្ត និងផ្ដល់ការអប់រំ។

ការចូលរួមនេះគឺជាលើកទី៣ ដែលក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានវត្តមាននៅក្នុងពិព័រណ៍ London Summit បន្ថែមទៅលើការចូលរួមរបស់ខ្លួនក្នុងពិព័រណ៍ iFX Expo International នៅប្រទេសសាយប្រឺស និងពិព័រណ៍ iFX Expo Asia នៅទីក្រុងហុងកុង។

សម្រាប់គណៈកម្មការមូលបត្រកម្ពុជាវិញ វាក៏ជាលើកទី២ ដែលស្ថាប័នមួយនេះបានចូលរួមពិព័រណ៍ហិរញ្ញវត្ថុបែបនេះ ក្រោយពីបានផ្សព្វផ្សាយអំពីប្រទេសកម្ពុជា នៅក្នុងពិព័រណ៍នៅទីក្រុងហុងកុង កាលពីខែមករា ដើមឆ្នាំ២០១៩នេះ។

គិតមកដល់បច្ចុប្បន្ន មិនមានក្រុមហ៊ុនឧបករណ៍និស្សន្ទ ជាពិសេសនិយ័តករច្រើននោះទេនៅក្នុងតំបន់អាស៊ាន ដែលអាចសម្រេចជោគជ័យដូច្នេះបាន។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងអ្នកតំណាងនិយ័តករកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ឯកឧត្តមមានប្រសាសន៍ថា “ពេលវេលាដែលប្រទេសកម្ពុជា និងទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជា មិនមានអ្នកស្គាល់នៅលើឆាកអន្តរជាតិនោះ ជិតដល់ទីបញ្ចប់ហើយ។ ក្នុងរយៈពេល២ថ្ងៃនេះ យើងបានជួបក្រុមហ៊ុនហិរញ្ញវត្ថុ និងអ្នកមកចូលរួមក្នុងពិព័រណ៍នេះជាច្រើននាក់”។

ឯកឧត្តមបន្តថា “បន្តិចម្ដងៗយើងបានឱ្យពួកគេដឹងពីទិដ្ឋភាពទូទៅនៃប្រទេសរបស់យើង ក៏ដូចជាទស្សនៈវិស័យនៃទីផ្សារឧបករណ៍និស្សន្ទរបស់យើង។ យើងពេញចិត្តនឹងការវិវត្តមួយនេះ ហើយយើងសប្បាយចិត្តនៅពេលដែលមានមនុស្សជាច្រើននិយាយអំពីយើង និងប្រទេសកម្ពុជាយើង”។

ក្នុងនាមជានិយ័តករនិងអ្នកគាំទ្រម្នាក់នៃពិព័រណ៍ London Summit 2019 លោកបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា មានជំនឿយ៉ាងមុតមាំថា ការធ្វើអ្វីមួយសម្រាប់ប្រទេសកម្ពុជានៅក្នុងពិព័រណ៍អន្តរជាតិ គឺជាសមិទ្ធិផលមួយគួរឱ្យមោទកភាព។

លោកបណ្ឌិត មានប្រសាសន៍ថា “យើងមកពិព័រណ៍ London Summit 2019 ដើម្បីប្រទេសកម្ពុជា។ យើងមកទីនេះដើម្បីទីផ្សារឧបករណ៍និស្សន្ទរបស់យើង ហើយយើងមកទីនេះដើម្បីវិស័យឧបករណ៍និស្សន្ទទាំងមូលជាសកល។ យើងមានមោទកភាពក្នុងការបង្ហាញប្រទេសរបស់យើងទៅកាន់ពិភពលោកនិងនាំយកបទពិសោធន៍គំនិតថ្មីៗត្រឡប់ទៅវិញសម្រាប់ភាពរីកចម្រើន ក៏ដូចជាយុគសម័យកាន់តែប្រសើរនៃទីផ្សារឧបករណ៍និស្សន្ទរបស់យើង”។

ដោយរក្សាបាននូវតំណែងរបស់ខ្លួនក្នុងនាមជាអ្នកផ្សព្វផ្សាយយ៉ាងសកម្មបំផុតនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រុមហ៊ុនខេមបូឌាន ដរីវ៉េទីវ អ៊ិចឆេង សម្រេចបាននូវយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់ប្រទេសកម្ពុជា និងវិនិយោគិនបរទេសផងដែរ។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានខិតខំផ្សព្វផ្សាយអំពីការយល់ដឹងពីទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានៅពិព័រណ៍ London Summit 2019 មានប្រសាសន៍ដែរថា “គុណសម្បត្តិជាច្រើនអាចត្រូវបានទាញយកមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់វិនិយោគិនបរទេសផងដែរ ដោយសារតែប្រទេសកម្ពុជានិងទីផ្សារឧបករណ៍និស្សន្ទរបស់ខ្លួនត្រូវបានគេស្គាល់កាន់តែច្បាស់ហើយវិនិយោគិនទាំងនោះបានដឹងពីឱកាសវិនិយោគល្អៗនៅកម្ពុជា”។

លោកLawrence Kook បានបន្តថា “នៅពេលដែលមានលំហូរចូលនៃវិនិយោគិនបរទេស ភាគីពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមានការកើនឡើងនៃសេដ្ឋកិច្ច ធនធានមនុស្សនិងការអប់រំ អត្រាការងារ អចលនទ្រព្យ និងផលត្រឡប់ពីការវិនិយោគ”។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យឧបករណ៍និស្សន្ទក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងបានអភិវឌ្ឍខ្លួនជាក្រុមហ៊ុនផ្ដល់សេវាកម្មគ្រប់លក្ខណៈ និងជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនឈ្មួញជើងសាទាំងអស់។

លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងបានឱ្យដឹងថា “យើងបានចាប់ផ្តើមបើកទ្វារទទួលក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ជាផ្លូវការនៅឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក យើងបាននិងកំពុងចូលរួមចំណែកជាបន្តបន្ទាប់ដល់ភាពរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា”។

លោកស្រីបន្ថែមថា “ការប្តេជ្ញាចិត្តនិងការពេញចិត្តក្នុងការបង្កើតប្រវត្តិសាស្រ្ត គឺជាកម្លាំងជំរុញដ៏ធំបំផុតរបស់យើង។ គុណភាពល្អឥតខ្ចោះ គឺជាការកំណត់ស្តង់ដារ ហើយភាពគង់វង្សគឺជាតម្លៃស្នូលរបស់យើង។ ដូច្នេះយើងបានបន្តអភិវឌ្ឍខ្លួន និងធ្វើឱ្យប្រាកដថា ក្រុមហ៊ុនឈ្មួញជើងសារបស់យើងទទួលបានសេវាកម្មល្អបំផុត”។

ចំពោះសកម្មភាពថ្មីៗនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេងបាននិងកំពុងសហការជាមួយគណៈកម្មការមូលបត្រកម្ពុជានិងរដ្ឋបាលខេត្តនានា ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ដែលជាការបន្តភាពជោគជ័យពីសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៨ ដើម្បីចែករំលែកចំណេះដឹងជំនាញ បទពិសោធន៍ បទប្បញ្ញត្តិ និងឱកាសវិនិយោគដល់សាធារណៈជនកម្ពុជា។

ដំណើរដ៏អស្ចារ្យទៅកាន់គ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា នឹងត្រូវបានបញ្ចប់នៅប៉ុន្មានខែខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមចូលទៅគេហទំព័រ www.cdx.com.kh (http://www.cdx.com.kh/)។

RELATED ARTICLES