Saturday, April 20, 2024
Homeព័ត៌មានជាតិនារីហ្វីលីពីន ដើររៃអង្គាសប្រាក់ ប៉ូលិសឃាត់សួរនាំ

នារីហ្វីលីពីន ដើររៃអង្គាសប្រាក់ ប៉ូលិសឃាត់សួរនាំ

ភ្នំពេញ ៖ នារីជនជាតិហ្វីលីពីន២នាក់ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វា ឃាត់ខ្លួន ខណៈដែលនារីទាំង២នាក់បានដើរចែកស្រោមសំបុត្រដើម្បីរកមូលនិធិជួយឧបត្ថម្ភដល់កុមារនៅតាមហាងនានា។

ការនាំខ្លួននារីជនជាតិហ្វីលីពីនខាងលើនេះ ធ្វើឡើងកាលពីម៉ោង១និង២០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចហាងលក់ដូរតាមមាត់ទន្លេសាប ក្បែរសណ្ឋាគារសុខា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

នារីទាំង២នាក់ខាងលើ រួមមាន ទី១-ឈ្មោះ Manuawan jessagrace អាយុ២៨ឆ្នាំ ជាជនជាតិហ្វីលីពីន និងទី២-ឈ្មោះ Torzar jane អាយុ៣៣ឆ្នាំ ជាជនជាតិហ្វីលីពីន។ នារីទាំងពីរនាក់ស្នាក់នៅម្តុំវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីជាជនបរទេសទាំង២នាក់ខាងលើបានដើរចូលនៅតាមហាងលក់ដូរនានានៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយបានចែកស្រោមសំបុត្រក្នុងគោលបំណងប្រមូលមូលនិធិជួយឧបត្ថម្ភដល់កុមារ។

ដោយមានការសង្ស័យ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វា ក៏បានរាយការណ៍ហើយទទួលបញ្ជាឱ្យនាំខ្លួនសាកសួរ ហើយបានបញ្ជូនទៅទីបញ្ជាការកម្រិតស្រាល A8 ដែលស្ថិតក្នុងសាលាបឋមសិក្សាជ្រោយចង្វា ដើម្បីឱ្យនគរបាលការិយាល័យគ្រប់គ្រងជនបរទេសត្រួតពិនិត្យ និងសាកសួររកលិខិតស្នាម។

តាមការសាកសួរ ជនជាតិបរទេសរូបនោះបានឱ្យដឹងថា ខ្លួនជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយ។ នៅពេលទំនេរក៏ស្ម័គ្រចិត្តដើរប្រមូលនិធិជួយឧបត្ថម្ភដល់កុមារនៅទ្វីបអាស៊ី នៅក្លឹបយុវជនជោគជ័យ។

បន្ទាប់ពីឃាត់ខ្លួន និងត្រួតពិនិត្យមានឯកសារត្រឹមត្រូវ តំណាងសាលាក៏បានមកធានា ទើបសមត្ថកិច្ចបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ៕

RELATED ARTICLES