Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីតូចចិត្ត និងខ្មាសមិត្តភក្តិពេក... ដោយសារតែប្រពន្ធស្តីបន្ទោស

ប្តីតូចចិត្ត និងខ្មាសមិត្តភក្តិពេក… ដោយសារតែប្រពន្ធស្តីបន្ទោស

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់កំពុងអង្គុយផឹកស៊ីជុំមិត្តភក្តិ ស្រាប់តែស្ត្រីជាប្រពន្ធបានស្តីបន្ទោសឃាត់កុំឱ្យផឹកស្រាច្រើនពេក ជាហេតុធ្វើឱ្យបុរសជាប្តីតូចចិត្តថាប្រពន្ធស្តីបន្ទោសមិនមើលពេលវេលា ធ្វើឱ្យខ្មាសមិត្តភក្តិក៏រត់ចូលទៅសម្ងំក្នុងបន្ទប់ចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូនប្រុសស្រី៣នាក់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធហាមមិនឱ្យផឹកស្រា មានឈ្មោះសុខ សាយ អាយុ៥៩ឆ្នាំ មុខរបរជាងសំណង់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិដើមភូមិ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមសម្តីស្ត្រីឈ្មោះឈឹម ថារី អាយុ៥៤ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ក្រុមគ្រួសារគាត់បាននាំគ្នាចាកចេញពីស្រុកកំណើតឯខេត្តកណ្តាល មកស្នាក់នៅនិងធ្វើការនៅក្នុងមូលដ្ឋានភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយប្រកបមុខរបរជាជាងសំណង់។

លុះដល់ថ្ងៃកើតហេតុ ប្តីរបស់គាត់ឈ្មោះសុខ សាយ (ជនរងគ្រោះ) ក្រោយពីបញ្ចប់ការងារសំណង់ ក៏បានជួបជុំគ្នាផឹកស៊ីជាមួយមិត្តភក្តិ ពេលនោះគាត់ជាប្រពន្ធក៏ណែនាំកុំឱ្យប្តីផឹកច្រើនពេក ព្រោះគាត់ធ្វើការធ្ងន់ខ្លាចឈឺ ប្រកបការងារមិនបាន។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះពេលឮគាត់ជាប្រពន្ធបន្ទោសនៅចំពោះមុខមិត្តភក្តិដែលកំពុងផឹកស៊ីជុំគ្នាបែបនេះ ប្តីរបស់គាត់ក៏អន់ចិត្ត រួចក៏ចូលទៅសម្ងំក្នុងបន្ទប់ផ្ទះជួលដោយបិទទ្វារចាក់គន្លឹះពីក្នុងជាប់ ខណៈនោះគាត់ជាប្រពន្ធនិងកូន៣នាក់បាននាំគ្នាគោះទ្វារហៅប្តីពីខាងក្រៅដែរ តែប្តីមិនព្រមបើកទ្វារឱ្យសោះ។

លុះក្រោយមកដោយសង្ស័យថាប្តីគិតអ្វីមិនល្អ ទើបគាត់ជាប្រពន្ធនិងកូនប្រុសស្រីក៏ស្រែកហៅឱ្យ អ្នកស្រុកជួយគាស់ទ្វារបន្ទប់ចូលទៅមើលប្តី លុះគាស់ចូលទៅដល់ក៏ប្រទះឃើញប្តីរបស់គាត់បានចងកស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។

លោកសុខ មេសា អធិការរងនៃអធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ថា ក្រោយពេលចុះដល់កន្លែងកើតហេតុ សមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យពិនិត្យលើករណីធ្វើអត្តឃាតរបស់ជនរងគ្រោះឈ្មោះសុខ សាយ នៅកន្លែងកើតហេតុ រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនព្រោះខឹងប្រពន្ធស្តីបន្ទោសបន្តិចបន្តួច។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES