Friday, April 19, 2024
Homeតារាខ្មែរពេជ្រ សុវណ្ណវិជ្ជរ៉ា ដកឃ្លាពីជំនួញ វិលប្រឡូកសិល្បៈវិញហើយ

ពេជ្រ សុវណ្ណវិជ្ជរ៉ា ដកឃ្លាពីជំនួញ វិលប្រឡូកសិល្បៈវិញហើយ

តារាសម្ដែងវ័យក្មេងធ្មេញច្រពើស កញ្ញាពេជ្រ សុវណ្ណវិជ្ជរ៉ា ដែលបាត់មុខពីការសម្ដែង និងបង្ហាញម៉ូដមួយរយៈធំនោះ ពេលនេះស្រីស្អាតរូបនេះបានប្រកាសថា នាងនឹងត្រឡប់មកទទួលការងារសិល្បៈពេញទំហឹងដូចមុនវិញហើយ ចាប់ពីពេលនេះតទៅ។

ការថ្លែងរបស់សុវណ្ណវិជ្ជរ៉ា នៅពេលនេះ ក្រោយពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធរឿង ”នាឡិកាដាស់វិញ្ញាណ” របស់ផលិតកម្ម LD កាលពីពេលថ្មីៗនេះ ធ្វើឲ្យទស្សនិកជននិងតារារួមអាជីពមានការចាប់អារម្មណ៍នាងខ្លាំង ហើយពួកគេថែមទាំងសរសើរថា វិជ្ជរ៉ា នៅតែមានរូបសម្រស់ស្អាតដូចមុនដដែល។

ដោយឡែក ការតាំងចិត្តថាវិលវិញរបស់សុវណ្ណវិជ្ជរ៉ា នៅពេលនេះ ក៏មានប្អូនស្រីរបស់នាង កញ្ញាពេជ្រ រតនាទេវី ដែរ ដោយស្រីស្អាតទាំងពីរដួងបានតាំងចិត្តដូចគ្នាថា នឹងបន្ដប្រឡូកសិល្បៈ ដោយទទួលថតសម្ដែងដូចមុនវិញព្រមគ្នាតែម្ដង។

តាមព័ត៌មានថា ការដែលពេជ្រ សុវណ្ណវិជ្ជរ៉ា បាត់មុខពីអាជីពសម្ដែងនិងបង្ហាញម៉ូដមួយរយៈធំនេះ ដោយសារតែនាងជាប់ជូនម្ដាយរបស់នាងទៅអូស្ដា្រលី ទាក់ទងការកស៊ី ទើបនាងគ្មានពេលវេលាគ្រប់គ្រាន់ជាមួយការងារសិល្បៈ។ ប៉ុន្ដែចាប់ពីពេលនេះទៅ សុវណ្ណវិជ្ជរ៉ា ថា នាងបន្ដរអាជីពចាស់នេះដូចដើម។

ដោយឡែក ប្អូនស្រីរបស់សុវណ្ណវិជ្ជរ៉ា កញ្ញារតនាទេវី ដែលធ្លាប់លេចមុខភាពយន្ដរឿង ”ឋានសួគ៌ស្នេហ៍” និងរឿង” គ្រាប់បាល់អង្រួនបេះដូង” របស់ LD ចាក់ផ្សាយនៅ CTN នោះ បានវាចាថា នាងនៅតែបន្ដរការសម្ដែងភាពយន្ដតទៅទៀត ព្រោះនេះជាអាជីពដែលនាងស្រលាញ់ជាយូរមកហើយ។

គួរបញ្ជាក់ថា ពេជ្រ សុវណ្ណវិជ្ជរ៉ា ជាអតីតកញ្ញាឯកទេសចរណ៍កាលពីឆ្នាំ២០០៨ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៩ ហើយកន្លងមក គេឃើញនាងសម្ដែង MV បទល្បីៗមួយចំនួន និងលេចមុខតាមរយៈបណ្ដារស្ពតពាណិជ្ជកម្មជាច្រើនផងដែរ៕

RELATED ARTICLES