Tuesday, April 23, 2024
Homeតារាខ្មែររិន សាវ៉េត ជិតដល់ថ្ងៃចូលរោងការ ជប់លៀង៨០តុ អនាគតភរិយាថ្លែងសារថា "ឲ្យអូនសុំទោសប្តីសម្លាញ់..."

រិន សាវ៉េត ជិតដល់ថ្ងៃចូលរោងការ ជប់លៀង៨០តុ អនាគតភរិយាថ្លែងសារថា “ឲ្យអូនសុំទោសប្តីសម្លាញ់…”

ខុសពីការសន្យាដែលតារាចម្រៀងរិន សាវ៉េត ធ្លាប់អះអាងថា នឹងរៀបការនៅឆ្នាំ២០២០នោះ ស្រាប់តែពេលនេះម្ចាស់បទ “មើលច័ន្ទនឹកអូន” បានសម្រេចចិត្តដឹកដៃគូស្នេហ៍ថ្មី អ្នកនាងលឹម គីមហ្គេច រៀបការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះហើយ ដែលកម្មវិធីជប់លៀងធំធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ នៅវិមានពិភពថ្មី សែនសុខ អគារ “E” រាជធានីភ្នំពេញ។

យ៉ាងណា រិន សាវ៉េត មិនទាន់អាចសន្និដ្ឋានបានទេថា តើមង្គលការ របស់ខ្លួននឹងចំណាយប្រាក់អស់ប៉ុន្មានឡើយ  ប៉ុន្តែតារាហង្សមាស រូបនេះ ថាបានត្រៀមធ្វើពិធីជប់លៀង៨០តុ ខណៈដែលអនាគតភរិយាកំពុងតែរស់នៅប្រទេសបារាំង នៅឡើយ។

រិន សាវ៉េត ហៅតារាកម្សត់ ថ្លែងថា  “ខ្ញុំគ្រោងធ្វើពិធីជប់លៀង៨០តុ ប៉ុន្តែមិនទាន់អាចនិយាយថា ចំណាយលុយអស់ប៉ុន្មានទេ។ ចំពោះភ្ញៀវអ្នកសិល្បៈវិញ យើងគ្រោងហៅអ្នកដែលស្និទ្ធស្នាល ឥឡូវរាងពិបាកបន្តិចដោយសារតែខ្ញុំមិនអាចចាំឈ្មោះមិត្តភក្តិ ព្រោះខានជួបគ្នាយូរពេក។ ចំពោះគូដណ្តឹងខ្ញុំ គាត់ជាប់រវល់នៅបារាំងនៅឡើយ ប៉ុន្តែគាត់នឹងត្រឡប់មកស្រុកខ្មែរវិញ នៅថ្ងៃទី០១ ខែធ្នូ ហ្នឹងហើយ”។

រិន សាវ៉េត បានប្រាប់ពីមូលហេតុដែលលោកត្រូវរៀបការមុនកំណត់ ព្រោះដោយសារតែគិតថា ពេលនេះ លោកនិងភិយាមានវ័យច្រើនទៅហើយ និងមិនចង់ឱ្យកូនប្រុសនៅម្នាក់ឯងទៀត ទើបត្រូវ រៀបការនៅពេលនេះតែម្តងទៅ។ ដោយឡែក ក្រោយរៀបការរួច សាវ៉េត ថានឹងនៅតែបន្តអាជីព ចម្រៀងដដែលទេ តែគ្រោងបង្កើតមុខរបរផ្ទាល់ខ្លួនមួយ ហើយថែមទាំងត្រៀមចេញទៅច្រៀងសម្តែងនៅបរទេសទៀតផង។

គួរបញ្ជាក់ រិន សាវ៉េត ធ្លាប់មានប្រពន្ធទី១ អ្នកនាងគង់ សាវី ដោយទទួលបានចំណងដៃកូនប្រុសម្នាក់ អាយុជិត១០ឆ្នាំ តែអ្នកស្រី សាវី ក៏ទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយជំងឺមហារីក។

រស់នៅក្នុងជីវិតពោះម៉ាយជិត២ឆ្នាំ រិន សាវ៉េត ក៏បានភ្ជាប់ពាក្យកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ជាមួយអ្នកនាងលឹម គីមហ្គេច ដែលជាអ្នកច្នៃម៉ូដកាបូប ហើយពេលនេះពួកគេក៏សម្រេចចិត្តដឹកដៃគ្នាក្រាបផ្ទឹមតែម្តង។

ដោយឡែក អ្នកនាងគីមហ្គេច អនាគតភរិយារបស់លោករិន សាវេត បានបង្ហោះសារកាលពីម្សិលមិញថា ” អោយអូនសូមទោសប្ដីសម្លាញ់​! អូនដឹងថាបងហត់ដែលបងដេីរហៅភ្ញៀវម្នាក់ឯង (ចាប់ពីរថ្ងៃទី១ទៅអូននិងកំដរបងដេីរហៅភ្ញៀវទាំងអស់គ្នាណាបង) អូននឹកបង! ស្រលាញ់បងពេញបេះដូ️️ង​ ❤️️ រិន សាវេត (Je t’aime de tout mon cœur ❤️) “។

ប៉ុន្តែយ៉ាងណា គេជឿថា គីមហ្គេច នឹងធ្វើឱ្យស្វាមីសាវ៉េត លែងជាប់ងារជាតារាកម្សត់ទៀតហើយ គឺពួកគេនឹងរំភើបជាមួយគ្នារហូតដល់ទប់ទឹកភ្នែកមិនជាប់ជាមិនខាន នៅថ្ងៃពិសេសរបស់គេ ដែលនៅសល់តែជាង ២សប្តាហ៍ទៀតនេះ៕

RELATED ARTICLES