Friday, March 29, 2024
Homeតារាខ្មែរលោកជំទាវហ៊ុន សុីណាត ផ្តល់ថវិការ២០០ដុល្លារ ជួយសង្គ្រោះជីវិតលោកសែម សង្វាត

លោកជំទាវហ៊ុន សុីណាត ផ្តល់ថវិការ២០០ដុល្លារ ជួយសង្គ្រោះជីវិតលោកសែម សង្វាត

ភ្នំពេញ ៖ លោកសែម សង្វាត តារាចម្រៀងដែលមានជីវភាពលំបាករស់នៅផ្ទះជួល ព្រមទាំងមានជំងឺថ្លើម ក្រពះ ពោះវៀនធ្ងន់នោះ បានក្អួតឈាមសន្លប់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជោរី ភ្នំពេញ។

យោងតាមអ្នកស្រីនួន ស៊ុន្ទរី ដែលបានផ្តល់ថវិកាមួយចំនួនជួយដល់ការព្យាបាលជំងឺលោកសែម សង្វាត បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា លោកសែម សង្វាត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរីភ្នំពេញ បន្ទាប់ពីលោកបានក្អួតឈាមរហូតសន្លប់ដោយសារផ្ទុះសរសៃក្រពះ និងត្រូវការឈាមបន្ទាន់ផងដែរ ខណះដែលគ្រួសារកំពុងជួបការខ្វះខាតថវិកា។

គួរបញ្ជាក់ថា លោកសែម សង្វាត ជាតារាចម្រៀងដែលមានជីវភាពលំបាកនិងមានជំងឺថ្លើម ក្រពះ ពោះវៀនធ្ងន់ទៀតផង។ លោកមានកូនប្រុស៣នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ននេះកំពុងស្នាក់នៅផ្ទះជួល ស្ថិតនៅសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានផ្តល់អំណោយជួយសម្រាលការលំបាកដល់លោកសែម សង្វាត ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលនិងផ្តល់អំណោយកាកបាទក្រហមកម្ពុជា ជូនលោកសែម សង្វាត នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នោះ លោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខលោកសែម សង្វាត ព្រមទាំងផ្តាំផ្ញើដល់លោក ឱ្យថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យនិងផ្តាំផ្ញើដល់កូនៗទាំងអស់ត្រូវកតញ្ញូថែទាំឪពុកឱ្យបានល្អ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីអនាគតភ្លឺស្វាង។

ជាកិច្ចឆ្លើយតប នៅពេលនោះ លោក សែម សង្វាត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ។

ដោយឡែក កាលពីម្សិលមិញនេះ ប្រធានសមគមសិល្បៈខ្មែរ គឺអ្នកនាងចន ច័ន្ទលក្ខិណា បាននាំយកថវិការរបស់លោកស្រីហ៊ុន សុីណាត ចំនួន២០០ដុល្លារ យកជូនលោកសែម សង្វាត ដែលកំពុងសម្រាកព្យាបាលជំងឺនៅពេទ្យជោរីភ្នំពេញ៕

RELATED ARTICLES