Friday, April 26, 2024
Homeតារាខ្មែរសុខ សុជាតា បង្ហាញរាងលើឆាក អ្នកទស្សនាសរសើរសម្រស់កាន់តែស្អាត

សុខ សុជាតា បង្ហាញរាងលើឆាក អ្នកទស្សនាសរសើរសម្រស់កាន់តែស្អាត

អតីតបេក្ខភាព The Voice kids Cambodia រដូវកាលទី១ សុខ សុជាតា ពេលនេះមានវ័យ១៤ឆ្នាំ ឡើងពេញក្រមុំស្តូកទៅហើយ ដែលតាមរយៈការបង្ហាញខ្លួនលើឆាកតន្ត្រី Carabao នៅទូរទស្សន៍ហង្សមាស ថ្ងៃបុណ្យអុំទូកទី៣នោះ សុជាតា ពិតជាធ្វើឱ្យអ្នកទស្សនាមានការចាប់អារម្មណ៍ខ្លាំងនៅពេល ដែលនាងច្រៀងបទ “ខ្ទមស្រែសម្ងាត់” ចាប់ដៃជាមួយទេព ពិសិដ្ឋ។

សុខ សុជាតា ត្រូវបានអ្នកទស្សនាផ្ទាល់សរសើរថា នាងមានទេពកោសល្យសិល្បៈចម្រៀងល្អនិងសម្តែងកាយវិការរស់រវើកតែម្តង ពិសេសការចាប់ដៃគូជាមួយពិសិដ្ឋ កាន់តែស័ក្តិសមគ្នាថែមទៀត។

ទោះជាយ៉ាងណា សុជាតា មិនមែនចាប់ដៃតែជាមួយពិសិដ្ឋ ម្នាក់ទេ គឺនាងអាចច្រៀងសម្តែងជាមួយនី រតនា និងឡុង លីគ្គ័ង ក៏បានដែរ ហើយកន្លងមកស្រីស្រស់តូចច្រឡឹងនេះត្រូវបានពេជ្រ សូលីកា អះអាងថា មានត្រេមុខស្រដៀងនាងទៀតផង។

ដោយសារតែមានរូបសម្រស់គួរឱ្យទាក់ទាញទឹកដមសំឡេងមធ្យមនោះ ទើបកន្លងមក ហង្សមាស បានផលិតបទចម្រៀងសម្រាប់សុខ សុជាតា មានដូចជាបទ “ចាប់ចាប”, “ខ្ញុំស្រលាញ់អ្នកម្តាយខ្ញុំ”និងបទឆ្លងឆ្លើយជាមួយរ៉េត ស៊ូហ្សាណា “មនុស្សគ្មានអ្នកណាឥតខ្ចោះ” ជាដើម។

មហាជនបានលើកឡើងថា ទោះជាសុជាតា មិនអាចប្រជែងឈ្នះពេជ្រ ថៃ លើកពាន The Voice kids Cambodia រដូវកាលទី១មែន ប៉ុន្តែនាងត្រូវបានហង្សមាស យកចិត្តទុកដាក់និងប្រឹងលើកស្ទួយឱ្យមានឈ្មោះតាមរយៈការនិពន្ធបទថ្មីឱ្យច្រៀងនិងផ្តល់ឱកាសឱ្យឡើងឆាកតន្ត្រីធំៗជាច្រើនមកហើយ រយៈពេលជាង២ឆ្នាំនេះ ដែលអាចនិយាយថា នាងជាគ្រាប់ពេជ្ររបស់ផលិតកម្មមួយនេះនាពេលខាងមុខ។

ប៉ុន្តែយ៉ាងណា សុជាតា នៅមិនទាន់ប្រើប្រាស់សំឡេងគ្រប់គ្រាន់ជាតារាចម្រៀងអាជីពនោះទេ ប៉ុន្តែដោយសារនាងនៅក្មេង ហេតុនេះហើយសំឡេងរបស់ស្រីតូចនេះនឹងមានការប្រែប្រួលជាងនេះ នៅ ពេលដែលនាងធំពេញវ័យជាមិនខានឡើយ។

ដោយឡែក ភាពក្លាហានរបស់សុជាតា ដែលអាចចាប់ដៃច្រៀងជាមួយតារារៀមច្បង នី រតនា និង រ៉េត ស៊ូហ្សាណា ជាដើមនោះ ត្រូវបានទស្សនិកជនមើលឃើញថា សុជាតា ជាតារាវ័យក្មេងម្នាក់ដែលស្ថិតក្នុងការឡង់សេរបស់ហង្សមាស នាពេលអនាគត៕

RELATED ARTICLES