Thursday, March 28, 2024
Homeតារាខ្មែរអាណារ៉ូស និងលោកយុទ្ធ ឋានៈ សន្យាឈប់ធ្វើឲ្យប៉ះពាល់តម្លៃវប្បធម៌ជាតិ

អាណារ៉ូស និងលោកយុទ្ធ ឋានៈ សន្យាឈប់ធ្វើឲ្យប៉ះពាល់តម្លៃវប្បធម៌ជាតិ

បន្ទាប់ពីក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានកោះហៅនាងអាណារ៉ូស និងងលោកយុទ្ធ ឋានៈ រួមជាមួយខាងផលិតកម្ម P-Production ដើម្បីចូលរួមប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយ ទប់ស្កាត់ចំពោះផលប៉ះពាល់ចំពោះប្រពៃណីវប្បធម៌ជាតិនិងសីលធម៌សង្គមក្នុងវិស័យភាពយន្ត ទីបំផុត នាងអាណារ៉ូស និងលោកយុទ្ធ ឋានៈ រួមជាមួយខាងផលិតកម្ម បានធ្វើការសុំទោសនិងសន្យាលែងឲ្យមានករណីបែបនេះកើតឡើងម្តងទៀត ដែលនាំឲ្យប៉ះពាល់តម្លៃវប្បធម៌ជាតិ។

យោងតាមគណនីហ្វេសប៊ុកលោកហេង ឡុង បង្ហោះសារថា “ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទីព្រឹក ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តមហាប់ ទូច រដ្ឋលេខាធិការនិងជាតំណាងប្រធានក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ឯកឧត្តមចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួង លោកជំទាវហ៊ូ និមេត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចនារី ព្រមទាំងលោក-លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សា បានជួបជាមួយកញ្ញាអាណារ៉ូស លោកយុទ្ធ ឋានៈ និងអ្នកគ្រប់គ្រងផលិតកម្ម P Production ដើម្បីសម្របសម្រួលដោះស្រាយបញ្ហា និងផ្តល់ការណែនាំអំពីសកម្មភាពនៃការថតវីដេអូបទចម្រៀងដែលធ្វើប៉ះពាល់ដល់សីលធម៌ ប្រពៃណី ទំនៀមទំលាប់ និងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិ។

លោកបានបន្តថា ភាគីពាក់ព័ន្ធទាំង៣ (P-Production, កញ្ញា អាណា រ៉ូស, លោក យុទ្ធ ឋានៈ) បានទទួលកំហុស និងសុំអភ័យទោសនូវរាល់ទង្វើមិនសមរម្យ និងការប្រព្រឹត្តខុសទាំងនោះដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ ក៏សូមសន្យាថា នឹងមិនធ្វើឱ្យមានកំហុសឆ្គងសម្រាប់ពេលខាងមុខឡើយ។

លោកបានបន្ថែមថា ភាគីពាក់ព័ន្ធទាំង៣ សូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរដែលបានសម្រុះសម្រួល ពន្យល់ ផ្តល់អនុសាសន៍ណែនាំ និងប្ដេជ្ញាថានឹងចូលរួមលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិឡើងវិញ។

ប្រធានសមាគមសិល្បកម្ពុជា បានបន្ថែមទៀតថា “ក្រុមប្រឹក្សាពិន័យ÷ កំហុសឆ្គងដែលកន្លងហួសហើយ អាចចាត់ទុកជាបទពិសោធន៍ តែសូមយកបទពិសោធន៍នេះ កែប្រែខ្លួនមកជា យុវជនល្អ កូនល្អ សិល្បករគំរូ ដែលសង្គមជាតិត្រូវការ ចូរខិតខំសាងកេរ្តិ៍ឈ្មោះដើម្បីខ្លួនឯង កិត្តិយសដើម្បីក្រុមគ្រួសារ និងភាពថ្លៃថ្នូរសម្រាប់សង្គមជាតិខ្មែរ”៕

RELATED ARTICLES