Friday, March 29, 2024
Homeព័ត៌មានជាតិចង់ចំណេញដាច់ចំណង ត្រឹមតែ១សប្តាហ៍ សមត្ថកិច្ចឃាត់ខ្លួនបាន

ចង់ចំណេញដាច់ចំណង ត្រឹមតែ១សប្តាហ៍ សមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសទទួលផលចោរកម្ម។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះវ៉ាន់ សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

សម្ភារដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ លេខតួលេខម៉ាស៊ីន 9753065 ពាក់ស្លាកលេខភ្នំពេញ 1GR-2176។ 

ចំណែកជនរងគ្រោះមានឈ្មោះគា សុភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះគា សុភារ៉ា បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1HI-0319 ទៅឌុបប្រពន្ធឈ្មោះយាន មុំ អាយុ២៨ឆ្នាំ ចេញពីធ្វើការខារ៉ាអូខេនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

លុះពេលជិះម៉ូតូឌុបប្រពន្ធមកដល់ចំណុចមុខរោងចក្រក្លេតភី ស្ថិតក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ (មិនចាំស្លាកលេខ) ចំនួន២គ្រឿង បានជិះមកក្រោយជនរងគ្រោះរួចបានធាក់ផ្តួលម៉ូតូ របស់ជនរងគ្រោះបណ្តាលឱ្យដួល រួចយកកាំបិតប៉័ងតោបម្រុងកាប់ជនរងគ្រោះជាប្តី ឃើញដូច្នេះជនរងគ្រោះនិងប្រពន្ធភ័យពេកក៏នាំរត់ចោលម៉ូតូ បន្ទាប់ពួកក្រុមជនសង្ស័យក៏បាននាំគ្នាលើកម៉ូតូរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់ឱ្យអស់។

ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមមាន ទី១-ឈ្មោះមួន ភីរ័ក្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ មានលំនៅភូមិកន្ទោក ជើងសង្កាត់កន្ទោក ខណ្ឌកំបូល និងទី២-ឈ្មោះគង់ ប៊ុនសី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងគល់ ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ប្រគល់ឱ្យជនរងគ្រោះឈ្មោះគា សុផារ៉ា វិញផងដែរ។

ចំណែកជនសង្ស័យនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឃុំបញ្ជូនឃុំខ្លួនបណ្តោះអាសន្នទៅព្រៃស “ម១”។

លុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ាន់ សាវឿន នាំមកសាកសួរនៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនពិតជាបានទិញម៉ូតូពីជនសង្ស័យឈ្មោះគង់ ប៊ុនសី ប្រាកដមែន។

ដោយមានចម្លើយសារភាពនិងដោយមានការឯកភាពពីលោកស្រីម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតិឱ្យសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ាន់ សាវឿន ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ចាត់ការាមផ្លូវច្បាប់៕

RELATED ARTICLES