Friday, April 26, 2024
Homeព័ត៌មានជាតិប្តីរៀបរាប់អាការប្រពន្ធ ស្រាប់តែខាងក្រុមហ៊ុនប្រាប់មកវិញថា "ជាតិថ្នាំវាដេញជាតិពុលទេ ហើយឱ្យប្រើបន្តទៀត"

ប្តីរៀបរាប់អាការប្រពន្ធ ស្រាប់តែខាងក្រុមហ៊ុនប្រាប់មកវិញថា “ជាតិថ្នាំវាដេញជាតិពុលទេ ហើយឱ្យប្រើបន្តទៀត”

ខេត្តក្រចេះ ៖ បុរសម្នាក់បានអះអាងថាប្រពន្ធរបស់គាត់បានទិញផលិតផលឱសថព្យាបាលជំងឺពីក្រុមហ៊ុនមួយយកមកប្រើប្រាស់ ស្រាប់តែប្រើមិនត្រូវ បែរជាកើតមានអាការរាករូសខ្លាំងរហូតដល់ដុនដាប លុះទូរស័ព្ទសួរក្រុមហ៊ុនក៏ត្រូវគេឆ្លើយថា ជាតិថ្នាំវាដេញជាតិពុលទេ និងបានជំរុញឱ្យប្រើបន្តទៀតរហូតដល់ប្រពន្ធគាត់បានស្លាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ស្ត្រីរងគ្រោះដែលប្រើផលិតផលខុសរហូតដល់ស្លាប់ មានឈ្មោះទាង ស៊ីធាង អាយុ៣៨ឆ្នាំ មានប្តីឈ្មាះចន ខេង អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះចន ខេង ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ដែលបានប្តឹងក្រុមហ៊ុនយូស៊ីធី លក់ផលិតផលឱសថព្យាបាលជំងឺ ថាបានបណ្តាលឱ្យប្រពន្ធរបស់គាត់ឈ្មោះទាង ស៊ីធាង អាយុ៣៨ឆ្នាំ បានស្លាប់ក្នុងពេលកំពុងប្រើផលិតផលបានមួយរយៈ។

យោងតាមពាក្យបណ្តឹងរបស់បុរសជាប្តីខាងលើ បានរៀបរាប់ប្រាប់ថា កាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) មានជំងឺទន់ដៃជើងម្ខាងក៏បានទិញឱសថជាផលិតផលរបស់ក្រុមហ៊ុនយូស៊ីធី មានសាខានៅខេត្តក្រចេះ យកមកប្រើប្រាស់។

លុះពេលចាប់ផ្តើមប្រើប្រពន្ធគាត់មានអាការជំងឺរាករូសជាខ្លាំង ពេលនោះបានទំនាក់ទំនងទៅក្រុមហ៊ុននិងប្រាប់អំពីអាការរបស់ប្រពន្ធគាត់ តែត្រូវខាងក្រុមហ៊ុនបាននិយាយថា ជាតិថ្នាំវាដេញជាតិពុលទេ ហើយបានប្រាប់ឱ្យប្រើបន្តទៀត។

លុះមកដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដោយសារតែឃើញស្ថានភាពប្រពន្ធរបស់គាត់កាន់តែដុនដាបខ្លាំងទ្បើង ទើបគាត់ជាប្តីបានទូរស័ព្ទសួរទៅក្រុមហ៊ុនទៀត ពេលនោះក្រុមហ៊ុនបានប្រាប់ថា ឱ្យយកទៅមន្ទីរពេទ្យព្យាបាលសិនចុះ ចាំមានកម្លាំងចាំប្រើផលិតផលបន្តទៀត។

បន្ទាប់មកគាត់ក៏បញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យបង្អែកឆ្លូង តែត្រូវខាងមន្ទីរពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ជាអកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។

ករណីនេះ កម្លាំងជំនាញអធិការដ្ឋានស្រុកឆ្លូង សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំដំរីផុង បានចុះពិនិត្យស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវិញរឿងរ៉ាវខាងលើ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនលក់ផលិតផលឱសថព្យាបាលជំងឺ យូ ស៊ី ធី សាខានៅខេត្តក្រចេះ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES