តារាសម្ដែងស៊ីណាវ៉ាត្រា វិលរកអាជីពចាស់ ក្រោយពន្យារពេលរៀបការ

0
123

ក្រោយបាត់មុខជិត១០ខែ តារាសម្ដែងដែលស្រុកកំណើតនៅខេត្តបាត់ដំបង និងធ្លាប់មានប្រវត្តិកម្សត់ជាក្មេងធ្លាប់ទួលនំកងលក់តាមផ្សារ លោកស៊ីណាវ៉ាត្រា បានអះអាងថា ពេលនេះលោកត្រៀមថតភាពយន្ដថ្មីមួយក្នុងពេលឆាប់ៗនេះ ក្រោយពេលអាក់ខានសម្ដែងខារ៉ាអូខេជាច្រើនខែមកហើយ។

អ្នកសម្ដែងរូបនេះថា ភរិយារបស់លោកមិនបានហាមឃាត់ក្នុងការវិលត្រឡប់មករកអាជីពចាស់វិញនេះទេ ហើយថែមទាំងមានការលើកទឹកចិត្តឲ្យលោកបន្ដការងារសិល្បៈឡើងវិញដូចមុនទៀតផង។

ប៉ុន្ដែយ៉ាងណា នៅពេលដែលសួររឿងរៀបការ ស៊ីណាវ៉ាត្រា ថា នៅតែមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បានទេ ព្រោះពេលនេះលោកកំពុងជាប់មើលខុសត្រូវលើមុខរបរមួយ ក្រៅពីសិល្បៈផងដែរ។

ដោយឡែក ទាក់ទងការថតសម្ដែងភាពយន្ដវិញ តារាដែលកំព្រាឪពុកតាំងពីនៅក្នុងផ្ទៃម្ដាយរូបនេះ អះអាងថា មានបណ្ដាផលិតករមួយចំនួនបានហៅថតរឿងដែរ ប៉ុន្តែលោករវល់ការងារមួយចំនួន ទើបនៅដើមឆ្នាំ២០២០នេះ សម្រេចចិត្តទទួលថត១រឿងសិន ព្រោះខ្លាចគ្មានពេលគ្រប់គ្រាន់ឲ្យគេ។

គួររំលឹកថា ក្រោយប្រឡូកអាជីពសម្ដែងខារ៉ាអូខេមួយរយៈ ពិសេសត្រូវបានគេចាប់អារម្មណ៍ MV របស់តារាចម្រៀងធា រ៉ានី បទ ”អូនដឹង” ព្រោះតែលោកណាវ៉ាត្រា លេងឈុតឱបថើបស្រីស្អាតខ្លឹម ស្រីគា មួយអស់ដៃនោះ អ្នកសម្ដែងរូបនេះក៏បានភ្ជាប់ពាក្យជាមួយនារីម្នាក់ក្រៅរង្វង់សិល្បៈ គឺកញ្ញាសឿន ស្រីវីន កាលពីថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៩។ ប៉ុន្ដែក្រោយក្លាយជាគូដណ្ដឹងគ្នាជិត១០ខែនេះមក​ពួកគេមិនទាន់កំណត់ពេលវេលារៀបការឡើយ ខណៈដែលណាវ៉ាត្រា វិលមករកអាជីពចាស់វិញ៕