តារាចម្រៀងសេន យូរី ហៅយូរី រាងផ្អើលៗកាមេរ៉ាអ្នកកាសែតរយៈពេលចុងក្រោយនេះ ដោយសារតែនាងឡើងគីឡូជ្រុលយ៉ាងប្លែក ទើបធ្វើឱ្យតារាលេងក្បាច់រាំរូបនេះប្រែក្លាយពីរាងតូចច្រឡឹងទៅជាកាម៉ាប់ៗតែម្តង។

យ៉ាងណា ការឡើងគីឡូជ្រុលទៅជាម៉ាប់ៗ Cute នេះ ធ្វើឱ្យគូស្នេហ៍នាង លោកប៊ីម៉ូ កាន់តែស្រលាញ់ថ្នាក់ថ្នមថែមទៀត ខណៈដែលដំណឹងរៀបការនៅតែស្ងាត់សូន្យឈឹង…។

យូរី មិនចង់ឱ្យអ្នកកាសែតថតឡើយតាមរយៈការបង្ហាញខ្លួនទៅចូលរួមមង្គលការមិត្តភក្តិកាលពីពេលថ្មីៗនេះ ដោយនាងថា ខ្លាចមិនស្អាត ព្រោះមួយរយៈនេះនាងធាត់ឡើងគីឡូជ្រុលពេក។

យូរី អឹមអៀមអេះអុញមិនចង់ឈរពីមុខកាមេរ៉ានោះទេ ហើយប្រាប់ថា ការប្រែប្រួលនៃរាងកាយរបស់នាងនៅពេលនេះ ដោយសារតែនាងទៅកូរ៉េ១អាទិត្យ កាលពីខែមុន មកវិញស្រាប់តែឡើងគីឡូអ៊ីចឹងហ្មង។

ទោះជាយ៉ាងណា នៅពេលដែលយូរី កាន់តែមានព្រលឹងទ្រលុកទ្រលន់នេះ គេឃើញគូស្នេហ៍នាង លោកប៊ីម៉ូ ហាក់បង្ហាញកាយវិការគ្រឺតក្នាញ់ជាងមុនទៅទៀត ដោយបណ្តើរគ្នាត្រសងគ្រប់ជំហានតែម្តង។

មិត្តភក្តិតារារួមអាជីពបានជំរុញឱ្យយូរី និងសង្សារ គួរតែដឹកដៃគ្នារៀបការឱ្យបានឆាប់ៗទៅ កុំនៅបង្អង់យូរពេក ព្រោះទុកយូនាំជូរជ្រេញ។ ប៉ុន្តែទាំងយូរី និងប៊ីម៉ូ តែងតែអះអាងថា ពួកគេមិនចង់រៀបការឆាប់ៗនេះទេ គឺរង់ចាំឱ្យមុខជំនួញបានជោគជ័យជាមុនសិន។

យូរី ថា ទាំងរូបនាងនិងប៊ីម៉ូ សុទ្ធតែមិនពឹងទាំងស្រុងទៅលើមុខរបរសិល្បៈមួយមុខឡើយសម្រាប់ថ្ងៃអនាគត អ៊ីចឹងត្រូវតែប្រឹងរកលុយឱ្យហើយ និងបង្កើតមុខរបរមួយទុកមុន ទើបគិតគូររឿងរៀបការតាមក្រោយ។ ប៉ុន្តែនាងនិយាយបង្វែងដានថា មនុស្សប្រុសដែលជាគូស្នេហ៍របស់នាង មិនមែនជាប៊ីម៉ូ នោះទេ ព្រោះលោកប៊ីម៉ូ គ្រាន់តែជាការផ្គូផ្គងរបស់គេដូចរឿងនាងជាមួយលោកអាន គុណកូឡា ដែរ។

យ៉ាងណា ការអះអាងរបស់យូរី ថា នាងមិនមែនជាគូស្នេហ៍របស់ប៊ីម៉ូ នោះ មិនសូវត្រូវបានគេជឿជាក់ឡើយ ព្រោះពួកគេយល់ថា ទំនាក់ទំនងរវាងយូរី និងប្រុសសង្ហារូបនេះមិនខុសពីប្តីប្រពន្ធទើប រៀបការហើយថ្មោងថ្មីនោះទេ អ៊ីចឹងបើថា ពួកគេមិនមែនជាគូស្នេហ៍នោះអាចជាការលងបិទពួនប៉ុណ្ណោះ៕