Wednesday, April 24, 2024
Homeព័ត៌មានជាតិកំពង់ចាមយើងហ្នឹង!!! គូស្នេហ៍ប្រុសដូចគ្នា រៀបការផ្អើលក្រមុំមេម៉ាយ

កំពង់ចាមយើងហ្នឹង!!! គូស្នេហ៍ប្រុសដូចគ្នា រៀបការផ្អើលក្រមុំមេម៉ាយ

ខេត្តកំពង់ចាម ៖ គូស្នេហ៍ប្រុសដូចគ្នាមួយគូបានដឹកដៃគ្នាសំពះផ្ទឹមរៀបការ ធ្វើឱ្យមានការភ្ញាក់ផ្អើលអស់អ្នកភូមិស្រុក ពិសេសក្រមុំៗ រួមទាំងមេម៉ាយនាំគ្នាខ្សឹបខ្សៀវថា បើតែយ៉ាងនេះក្រមុំមេម៉ាយអេអស់ហើយ រកប្តីឯណាបាន បើប្រុសៗគេរៀបការតែជាមួយប្រុសដូចគ្នាបែបនេះ?

គូស្នេហ៍ភេទដូចគ្នា (ប្រុស និងប្រុស) ដែលរៀបការជាមួយគ្នាផ្អើលស្រុកនេះ សាមីខ្លួនដែលដើរតួជាកូនក្រមុំឈ្មោះ ឈ.ម អាយុជាង២០ឆ្នាំ ចំណែកសាមីខ្លួនប្រុសដែលដើរតួជាកូនកំលោះមានឈ្មោះ ស.ស អាយុជាង២០ឆ្នាំដូចគ្នា។

គូស្នេហ៍ភេទដូចគ្នានេះបានរៀបការតាមប្រពៃណីខ្មែរ ដូចគូស្នេហ៍ភេទផ្ទុយគ្នាទូទៅដែរ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

យោងតាមសាច់ញាតិរបស់គូស្នេហ៍ភេទដូចគ្នាខាងលើ បានឱ្យដឹងថា សាមីខ្លួនកូនកំលោះក្រមុំ ប្រុសដូចគ្នាខាងលើមានការស្រឡាញ់គ្នាផ្អែមស្អិតជាងគូស្នេហ៍ប្រុសនិងស្រីទៅទៀត ហើយមុនពេលឈានដល់ការរៀបការនេះ ពួកគេបានព្យាយាមតស៊ូមតិជាមួយក្រុមគ្រួសារទាំងសងខាង យ៉ាងស្វិតស្វាញបំផុត រហូតចុងក្រោយដោយមិនអាចបំបែកស្នេហ៍ភេទដូចគ្នារបស់ពួកគេបាន ទើបចាស់ទុំទាំងសងខាងបានសម្រេចឱ្យពួកគេរៀបការតាមប្រពៃណីតែម្តង។

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បុរសម្នាក់ត្រូវជាសាច់ញាតិរបស់គូស្នេហ៍ប្រុសដូចគ្នាខាងលើ បានបង្ហោះរូបភាពរៀបការរបស់កូនកំលោះក្រមុំប្រុសដូចគ្នាខាងលើ ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនជាមួយសំណេរថា “អត់យល់សោះម៉ង លើលោកនេះមានអ៊ីចឹងដែរ!!! អ្នកកំពង់ចាម បងប្អូនខ្ញុំ!!! បងប្អូនកុំជេរខ្ញុំណា នេះជាបងប្អូនខ្ញុំ ទើបខ្ញុំផុស!!!”។

បន្ទាប់ពីមានការបង្ហោះរូបភាពស្តីពីមង្គលការរបស់គូស្នេហ៍ប្រុសដូចគ្នាខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានអបអរសាទរឱ្យគូស្នេហ៍ភេទដូចគ្នានេះស្រឡាញ់គ្នាបានយូរអង្វែង ដោយពួកគេយល់ថា វាជារឿងធម្មជាតិពុំមែនផ្ទុយពីធម្មជាតិអ្វីនោះទេ ព្រោះមានគូស្នេហ៍ភេទដូចគ្នាបែបនេះមិនតិចទេនាសម័យសព្វថ្ងៃ ទាំងគូស្នេហ៍ស្រីនិងស្រី ឬប្រុសនិងប្រុស ដែលគូខ្លះបានរៀបការតាមប្រពៃណីដូចគ្នានេះដែរ ឯគូខ្លះបានត្រឹមសែនព្រេនឬមិនបានសែនព្រេន ឬរៀបការក៏មាន។

ជាមួយគ្នានេះ មានក្រមុំៗ រួមទាំងមេម៉ាយមួយចំនួនបានកេះគ្នានិយាយខ្សឹបខ្សៀវថា ឱ្យតែបែបនេះចុះក្រមុំៗច្បាស់ជាអេនៅព្រៅអស់ហើយ រកប្តីមិនបានទេ ចុះទម្រាំមេម៉ាយដូចពួកគាត់ទៀត ច្បាស់ជាលែងបានស្គាល់ជាតិឋានសួគ៌ទៀតហើយ បើប្រុសៗគេរៀបការតែជាមួយភេទដូចគ្នាមិនអាសូរទ្រូងក្រមុំមេម៉ាយកាយរងាយ៉ាងនេះ។

ប៉ុន្តែក្រៅពីនេះ មានមនុស្សមួយចំនួនមិនជឿថា ការរៀបការរបស់ប្រុសនិងប្រុសខាងលើ ជាការពិតនោះទេ ដោយលើកឡើងថា អាចជាការលេងសើច ឬថាជាការរៀបចំថតលេង។

ទោះជាយ៉ាងណា បុរសជាសាច់ញាតិរបស់គូអាពាហ៍ពិពាហ៍ប្រុសដូចគ្នាខាងលើ បានអះអាងថា ពុំមែនជាការកុហក ឬលេងសើចនោះទេ គឺជាការពិតដែលសូម្បីរូបគេជាបងប្អូនរបស់សាមីខ្លួនគូស្នេហ៍ប្រុសទាំង២ខាងលើ ក៏មិនយល់ដែរថា ហេតុអ្វីប្រុសដូចគ្នាស្រឡាញ់គ្នារហូតរៀបការបែបនេះទៅកើត?

បុរសជាសាច់ញាតិរបស់គូស្នេហ៍ប្រុសដូចគ្នាខាងលើដដែលបានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដដែលនោះថា “បងប្អូនខ្លះថា ខ្ញុំកុហក ខ្ញុំអត់កុហកទេ នេះពិតមែនបងប្អូនមើលទៅ! សូម្បីតែខ្ញុំក៏អត់យល់ដែរ!!! អ្នកកំពង់ចាម”៕

RELATED ARTICLES