Friday, March 29, 2024
Homeនយោបាយក្រុមប្រឆាំង ពោលអរគុណសន្តិភាព អនុញ្ញាតឱ្យលោកកឹម សុខា បញ្ចេញវាចា

ក្រុមប្រឆាំង ពោលអរគុណសន្តិភាព អនុញ្ញាតឱ្យលោកកឹម សុខា បញ្ចេញវាចា

ភ្នំពេញ ៖ នៅពេលដែលលោកកឹម សុខា បញ្ចេញវាចាថា ពេលមានសោកនាដកម្មមិនមែនពេលត្រូវចោទគ្នាឡើយនោះក្រុមប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានលើកឡើងថា អរគុណសន្តិភាព ដែលអនុញ្ញាតឱ្យលោកកឹម សុខា អាចបញ្ចោញវាចាបាន។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ថា “សូមលោកប្រធានកុំបារម្ភ ស្ថានភាពនេះគ្មាននរណាហ៊ានចោទប្រកាន់គ្នាទេ ផ្ទុយទៅវិញមានតែអរគុណសន្តិភាពដែលបានអនុញ្ញាតឱ្យលោកប្រធានមានវាចាតាមសារព័ត៌មានបានដូចពេលនេះ”។

សំណេររបស់កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ខាងលើនេះ បានផ្សារភ្ជាប់ទៅនឹងសារព័ត៌មានដែលបានចុះផ្សាយសម្តីលោកកឹម សុខា ប្រាប់ទៅសហការីឱ្យចូលរួមដោយសប្បុរសចំពោះប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះបាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ព្រោះជារឿងសោកនាដកម្មរបស់ខ្មែរ មិនមែនជាពេលវេលាចោទគ្នាទេ គឺជាពេលសង្គ្រោះជាតិ។

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ លោកមុត ចន្ថា ជំនួយការរបស់លោកកឹម សុខា ក៏បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនពីជំហររបស់លោកកឹម សុខា ដូចខាងលើនេះថា “សោកនាដកម្មរបស់ខ្មែរ មិនមែនជាពេលវេលាចោទគ្នាទេ គឺជាពេលសង្គ្រោះ!

ក្រោយពីបានទទួលដំណឹងយ៉ាងរន្ធត់និងដ៏ក្រៀមក្រំបំផុត ដែលទាក់ទិននឹងឧបទ្ទវហេតុរលំបាក់អគារនៅក្រុងកែប ខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា រួចមក ឯកឧត្តមកឹម សុខា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះនិងក្រុមគ្រួសារដែលបានបាត់បង់ជីវិត និងរងរបួសយ៉ាងអាណោចអាធ័មនៅក្នុងហេតុការណ៍នេះ។

បន្ថែមពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះជនរងគ្រោះ និងក្រុមគ្រួសារក្នុងហេតុការណ៍បាក់រលំអគារ ទោះបីជាតិចតួចក្តី ឯកឧត្តមកឹម សុខា បានចូលរួមចំណែកជាថវិកាដោយទឹកចិត្តសប្បុរស និងដោយក្តីអាណិតអាសូរដ៏រន្ធត់ នូវទឹកប្រាក់ចំនួន២០០០ដុល្លារ សម្រាប់ចូលរួមជួយដល់ជនរងគ្រោះ។

ឯកឧត្តមកឹម សុខា បានប្រាប់ទៅសហការីឱ្យចូលរួមដោយសប្បុរស ព្រោះជារឿងសោកនាដកម្ម របស់ខ្មែរ មិនមែនជាពេលវេលាចោទគ្នាទេ គឺជាពេលសង្គ្រោះ។

អស់រយៈពេលបីថ្ងៃនេះ ទោះបីមិនបានទៅដោយផ្ទាល់ដល់ទីកន្លែងកើតហេតុ ឯកឧត្តមកឹម សុខា បានសង្កេតឃើញសមត្ថកិច្ចបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងគួរឱ្យកោតសរសើរក្នុងប្រតិបត្តិការជួយសង្គ្រោះ”។

លោកកឹម សុខា ផ្ទាល់ក៏បានសរសេរនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២០ ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះនិងក្រុមគ្រួសារដែលបានបាត់បង់ជីវិត និងរងរបួសយ៉ាងអាណោចអាធ័មក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ”។

ដោយឡែក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងការបិទបញ្ចប់ការរុករកជនរងគ្រោះពីការបាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នោះ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា បានសរសើរនិងស្វាគមន៍ចំពោះការជួយជាថវិការបស់លោក កឹម សុខា។

សម្តេចបញ្ជាក់ថា  លោកកឹម សុខា ល្អជាងមន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាលមួយចំនួន ព្រោះមន្ត្រីទាំងនោះ នៅពេលមានហេតុការណ៍នេះកើតឡើង បែរជាមិនចូលរួមសោកស្តាយទេ តែបែរជាផ្ញើមកតាមបណ្តាញសង្គមក្នុងន័យរិះគន់ទៅវិញ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំគិតថា លោកកឹម សុខា គិតត្រូវជាងមនុស្សមួយចំនួននៅក្នុងជួររាជរដ្ឋាភិបាល ដោយគាត់មិនមែនថ្កោលទោសរាជរដ្ឋាភិបាល។ គាត់សម្តែងការសោកស្តាយ។ អ៊ីចឹងលោកកឹម សុខា ប្រសើរជាងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលមួយចំនួន”៕

កុលបុត្រ

RELATED ARTICLES