Friday, March 29, 2024
Homeព័ត៌មានជាតិគាត់សរសេរអក្សរលើដី ថា... ហើយក៏សម្រេចចិត្តបែបនេះតែម្តង

គាត់សរសេរអក្សរលើដី ថា… ហើយក៏សម្រេចចិត្តបែបនេះតែម្តង

ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់តាំងពីប្រពន្ធចេញទៅរកស៊ីនៅស្រុកឆ្ងាយយូរៗ ទើបត្រឡប់មកផ្ទះម្តង ក៏ចេះតែមានទឹកមុខស្រពាប់ស្រពោន មិនសូវនិយាយស្តីខុសប្លែកធម្មតា សង្ស័យមានចិត្តប្រចណ្ឌ ស្រាប់តែចុងក្រោយបែរជាសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួនដោយបន្សល់ទុកពាក្យបណ្តាំយ៉ាងខ្លីនៅលើដីថា “លាហើយ” ធ្វើឱ្យកូនៗយំសោកបោកខ្លួនរន្ធត់ចិត្តយ៉ាងខ្លាំង។

ករណីចងកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅក្នុងចម្ការចន្ទីររបស់ជនរងគ្រោះ នៅចំណុចត្រពាំងក្រសោមអក ស្ថិតនៅខាងកើត ស្ថិតក្នុងភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពង់ស្វាយ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះផាវ ចាន់ អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះចាន់ សាអែម ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ទើររាល់ថ្ងៃឪពុករបស់ខ្លួនតែងតែទៅមើលចម្ការស្វាយចន្ទីនៅកន្លែងកើតហេតុខាងលើ ជួនយកបាយទៅឱ្យជួនមកហូបបាយផ្ទះវិញ។

លុះមកដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ឪពុកបានចេញពីផ្ទះទៅចម្ការដូចសព្វដង ហើយមិនឃើញមកផ្ទះវិញទេ ទើបនៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃដដែល នាងក៏បានយកបាយទៅឱ្យឪពុក ស្រាប់តែពេលទៅដល់ក៏ប្រទះឃើញឪពុកចងកនៅលើដើមស្វាយចន្ទីរស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយបានយកខ្សែរអង្រឹងពណ៌ខៀវចងកទៅនឹងមែកស្វាយចន្ទីរ។

ជាមួយនេះ សមត្ថកិច្ចក៏បានរកឃើញមានអក្សរសរសេរផ្ទាល់នៅលើដី ដែលមានពាក្យថា “លាហើយ” ទៀតផង។ ចំណែកមូលហេតុសង្ស័យថា ជនរងគ្រោះប្រចណ្ឌប្រពន្ធ ពីព្រោះប្រពន្ធដើររកស៊ីម្នាក់ឯងឆ្ងាយៗឯខេត្តព្រះវិហារ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES