Tuesday, April 23, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា រំលឹករឿងរ៉ាវកាលពីរាត្រីមួយ នៅតែញាក់សាច់

តន់ ច័ន្ទសីម៉ា រំលឹករឿងរ៉ាវកាលពីរាត្រីមួយ នៅតែញាក់សាច់

តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតារាចម្រៀងស្នូលរបស់ផលិតកម្ម Galaxy Navatra ក្រោយល្បីបទ “គេនោះជាស្រីកាប់ដាវ”, “យល់ច្រឡំថាគេស្រលាញ់យើង” និងបទកំពុងល្បី “ឡានសារ៉ែន” ដែលគ្រាន់តែចេញជា Audio មានអ្នកចូលទស្សនាជាច្រើនលាននាក់។

នៅចំពោះមុខអ្នកកាសែតជាច្រើនស្ថាប័ន កន្លងមក តន់ ច័ន្ទសីម៉ា បានរំលឹកថា មានរឿង១ដែលនាងមិនអាចបំភ្លេចបានអំឡុងពេលនាងជាតារាចម្រៀងពេលរាត្រីនៅហាងវីហ្វ្រេននោះ នាងធ្លាប់ត្រូវបានចោរប្លន់ទូរស័ព្ទនៅពេលយប់ ដែលកាលនោះនាងស្រឡាំងកាំងរកអ្វីវាចាមិនបានឡើយ ព្រោះតក់ស្លុតខ្លាំងពេក។

តារាចម្រៀងសំឡេងក្រអួនក្រអៅរូបនេះ រៀបរាប់ថា “មានយប់១ ខ្ញុំចេញពីច្រៀងនៅហាងវីហ្វ្រេន ហើយជិះម៉ូតូម្នាក់ឯងទៅផ្ទះក៏ឈប់លើកទូរស័ព្ទ ស្រាប់តែចោរមកសម្លុតយកទូរស័ព្ទខ្ញុំតែម្តង។ ពេលនោះ ខ្ញុំភ័យនិងតក់ស្លុតខ្លាំងពេករកតែនិយាយអីក៏មិនចេញដែរ។ ខ្ញុំជាស្រីនៅក្មេងផង មានធ្វើអីកើត ចោរយកទូរស័ព្ទទៅបានដោយសុវត្ថិភាពតែម្តងទៅ ហើយខ្ញុំមានតែស្តាយហ្នឹង”។

អំឡុងពេលដែលច្រៀងនៅហាងវីហ្វ្រេន ២ឆ្នាំកន្លះនោះ តន់ ច័ន្ទសីម៉ា ធ្លាប់រស់នៅបន្ទប់ជួលម្តុំស្តុប DN តម្លៃក្នុង១ខែ ពី៧០ទៅ៨០ដុល្លារ ហើយទៅណាមកណានាងជិះម៉ូតូជាប្រចាំ។ ប៉ុន្តែក្រោយពីមានឱកាសបានចូលច្រៀងនៅផលិតកម្ម Galaxy Navatra ច័ន្ទសីម៉ា បានប្រែប្រួលមុខមាត់ថ្មីស្ទើរតែទាំងស្រុង ដោយនាងក្លាយជាតារាចម្រៀងយុវវ័យម្នាក់ដែលមានបទចម្រៀងផ្ទាល់ខ្លួន ហើយនាងក៏ឈប់ច្រៀងនៅពេលរាត្រីទៀតដែរ តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ម៉្លេះ ដែលនាងបានជម្រាបលាលោកថៅកែវីហ្វ្រេន ទាំងអាល័យ។

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២រូបនេះថា ពេលនេះនាងផ្តោតលើការពង្រឹងបទចម្រៀង រួមទាំងការហាត់ក្បាច់រាំថ្មីៗផង ព្រោះនាងក៏មានត្រៀមចេញបទញាក់ដែរ។ នាងថា សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ នាងក៏បានត្រៀមចេញបទប្រពៃណីខ្មែរផងដែរ ហើយអ្វីដែលនាងសប្បាយចិត្ត គឺបទចម្រៀងដែលផលិតកម្មទម្លាក់ឱ្យនាងច្រៀង គឺត្រូវនឹងសំឡេងរបស់នាងតែម្តង។

ថ្វីត្បិតតែពេលនេះ តន់ ច័ន្ទសីម៉ា ប្រែប្រួលទាំងសំឡេង, រូបសម្រស់ និងជីវភាពព្រមគ្នាក្តី ប៉ុន្តែតារាចម្រៀងវ័យក្មេងរូបនេះមិនដែលបង្ហាញមុខគូស្នេហ៍ឡើយ៕

RELATED ARTICLES