Saturday, April 20, 2024
Homeព័ត៌មានជាតិតា៥៩ បាត់ប្រពន្ធក្មេង១៩... បងប្អូនអើយ ឃើញប្រពន្ធខ្ញុំទេ?

តា៥៩ បាត់ប្រពន្ធក្មេង១៩… បងប្អូនអើយ ឃើញប្រពន្ធខ្ញុំទេ?

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានព្យាយាមដើរតាមរកប្រពន្ធក្មេង ដែលបានបាត់ពីផ្ទះមិនដឹងមូលហេតុ ធ្វើឱ្យគាត់ភ័យព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រពន្ធយ៉ាងខ្លាំង ព្រោះ ទើបរៀបការបានប៉ុន្មានឆ្នាំ កំពុងពេញស្រឡាញ់ ស្រាប់តែប្រពន្ធក្មេងខ្ចីញ៉េញបាត់ខ្លួន ក៏នាំម្តាយក្មេកយំសស្រាក់ដើរតាមរកប្រពន្ធគ្រប់ច្រកល្ហកនៅតែមិនបានទទួលដំណឹងអ្វីសោះ ទើបប្រកូកប្រកាសអំពាវនាវដល់មហាជនថា “បាត់ប្រពន្ធខ្ញុំហើយ បងប្អូនអើយឃើញប្រពន្ធខ្ញុំទេ?”។

បុរសដែលបាត់ប្រពន្ធនោះ មានឈ្មោះ រ័ត្ន ណាវី អាយុ៥៩ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ។ ចំណែកនារីវ័យក្មេងជាប្រពន្ធ មានឈ្មោះខុន ដាវិន អាយុ១៩ឆ្នាំ។

តាមសម្តីស្ត្រីជាម្តាយបង្កើតរបស់នារីក្មេងដែលបាត់ខ្លួនដែលបានតាមដើររកកូនស្រីជាមួយកូនប្រសាវ័យចំណាស់នោះ បានរៀបរាប់ទាំងទឹកភ្នែកថា កូនស្រីគាត់បានបាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០ ដោយនៅជាប់ខ្លួនកូនស្រីនោះមានពាក់គ្រឿងអលង្ការមាស ជាងមួយតម្លឹង និងទូរស័ព្ទដៃមួយគ្រឿង។

ស្ត្រីជាម្តាយបានបន្តថា គាត់បារម្ភខ្លាចកូនស្រី (នារីដែលបាត់ខ្លួន) នោះត្រូវចាញ់បោកគេ ឬត្រូវគេចាប់យកទៅ ដូច្នេះគាត់សូមអំពាវនាវដល់មហាជនទាំងឡាយ បើសិនជាបានឃើញកូនស្រីគាត់ ដែលមានភិនភាគដូចក្នុងរូបថតនេះ សូមជួយផ្តល់ដំណឹងដល់គាត់ផង គាត់នឹងជូនសគុណជាទីគាប់ចិត្ត។

ជាមួយនេះ គាត់សូមអង្វរដល់អ្នកដែលបានចាប់កូនស្រីគាត់យកទៅ សូមដោះលែងកូនស្រីគាត់មកវិញ ចំពោះរបស់របរនៅជាប់ខ្លួននាងមានមាសសរុបមួយតម្លឹង និងបីជីនោះ យកទៅចុះ គាត់សុំតែកូនស្រីមកវិញទេ។

ជាមួយនេះ បុរសឈ្មោះរ័ត្ន ណាវី ជាប្តីរបស់នារីដែលបាត់ខ្លួនបានប្រកាសអំពាវនាវដល់បងប្អូនទាំងអស់ បើបានឃើញប្រពន្ធរបស់គាត់ ឈ្មោះខុន ដាវិន ដែលមានភិនភាគដូចរូបថតដែលគាត់បានបង្ហាញតាមសារព័ត៌មាននេះ សូមជួយផ្តល់ដំណឹងដល់គាត់ផង ឬប្រាប់ឱ្យនាងវិលមកផ្ទះវិញ ព្រោះគាត់ជាប្តីបារម្ភពីប្រពន្ធនេះណាស់ ហើយបើទោះជានាងជ្រុលខុសដោយប្រការណាមួយ ក៏គាត់ជាប្តី លើកលែងទោសឱ្យនាងទាំងអស់ សំខាន់ឱ្យតែនាងវិលមកផ្ទះវិញ គឺប្តីរង់ចាំទទួលដោយដៃទាំងទ្វេ។

បុរសជាប្តី បានអំពាវនាវដល់ប្រពន្ធជាទីស្រឡាញ់ថា “សូមអូនវិលត្រឡប់មកផ្ទះវិញ ទោះបីមានកំហុសឆ្គងយ៉ាងណា បងមិនប្រកាន់ទោសអូនទេ ព្រោះអូនជាប្រពន្ធដ៏ល្អរបស់បង បងទន្ទឹងចាំមើលផ្លូវអូនគ្រប់វិនាទី បើអូនបានឃើញហើយ សូមអូនប្រញាប់មកផ្ទះយើងវិញ”៕

RELATED ARTICLES