Thursday, March 28, 2024
Homeព័ត៌មានជាតិទូរស័ព្ទដៃទំនើបអត់ពន្ធ ដាក់តាំងលក់ក្នុងហាង១០កន្លែង សមត្ថកិច្ចដកហូត

ទូរស័ព្ទដៃទំនើបអត់ពន្ធ ដាក់តាំងលក់ក្នុងហាង១០កន្លែង សមត្ថកិច្ចដកហូត

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ក្រុមមន្ត្រីគយចល័តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្មក់ចុះបង្ក្រាបទីតាំងលក់ទូរស័ព្ទដៃជាច្រើនកន្លែង រកឃើញជាង១០កន្លែងតាំងលក់ទូរស័ព្ទអត់ពន្ធរាប់រយគ្រឿងដែលនៅនឹងតូបលក់ជាក់ស្តែង សុទ្ធសឹងទូរស័ព្ទដៃទំនើបច្រើនម៉ាកត្រូវបានដកហូត។

បើតាមការបញ្ជាក់ពីលោកហែម សារូ ប្រធានដឹកនាំក្រុមមន្ត្រីចល័តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅលើទីតាំងជាច្រើនកន្លែង ស្ថិតក្នុងកណ្តាលក្រុងបាត់ដំបង។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការខាងលើនេះ ក្រុមមន្ត្រីជំនាញបានរកឃើញទីតាំងហាងលក់ទូរស័ព្ទដៃ និងបង់រំលស់ទូរស័ព្ទដៃជាង១០កន្លែង ដែលតាំងលក់ទូរស័ព្ទដៃអត់ពន្ធរាប់រយគ្រឿង ត្រូវបានដកហូត។

ទូរស័ព្ទដៃដែលត្រូវបានដកហូតនាថ្ងៃនេះ ជាប្រភេទទូរស័ព្ទដៃស៊េរីថ្មីទំនើបៗ ដែលក្នុងនោះ មានដូចជា ទូរស័ព្ទដៃម៉ាក (HUAWEI)  ទូរស័ព្ទដៃម៉ាក (OPPO) ទូរស័ព្ទដៃម៉ាក (VIVO) និងទូរស័ព្ទដៃម៉ាក (MINI) ដែលទូរស័ព្ទដៃទាំងអស់នេះខាងក្រុមហ៊ុនមានការធ្វេសប្រហែសក្នុងការបិទតែម ហើយឈ្មួញបានលបលួចយកមកចែកចាយនៅលើទីផ្សារនានាដោយអត់បង់ពន្ធ។

លោកហែម សារូ បានបញ្ជាក់បន្ថែមថា ក្រោយធ្វើការបង្ក្រាបដកហូតបានទូរស័ព្ទទាំងអស់នេះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានគយនិងរដ្ឋាករក្រសួង ដែលមានទីតាំងនៅលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីឱ្យខាងក្រុមហ៊ុនចូលខ្លួនទៅសម្របសម្រួលបង់ពន្ធឡើងវិញឱ្យបានត្រឹមត្រូវតាមច្បាប់៕

RELATED ARTICLES