Saturday, April 20, 2024
Homeតារាខ្មែរនាយពែកមី ខកចិត្ត ខ្ញុង មានផ្ទៃពោះ៣ខែ រហូតនិយាយចំៗថា...

នាយពែកមី ខកចិត្ត ខ្ញុង មានផ្ទៃពោះ៣ខែ រហូតនិយាយចំៗថា…

តារាកំប្លែងចែម ចាន់តារា ហៅនាយពែកមី នៅតែហ៊ានចាប់ដៃគូជាមួយអ្នកកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង ដដែល ទាំងកម្មវិធីលេងកំប្លែងនៅ CTN និងច្រៀងកាត់សក់មង្គលការគេផ្សេងៗ បើទោះជាកន្លងមកធ្លាប់លេចឮថា ទំនាក់ទំនងរវាងពែកមី និងប្តីអ្នកនាងខ្ញុង នាយកៃដ ហាក់មិនសូវចុះសម្រុងគ្នាល្អ តាំងពីខ្ញុង រៀបការចោលពែកមី កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ក្តី។

នាយពែកមី បានចាប់ដៃខ្ញុង ច្រៀងកាត់សក់និងលេងកំប្លែងថ្ងៃមង្គលការតារាចម្រៀងម៉ូលីកា និងលោកឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ហើយតាមរយៈការបង្ហាញខ្លួនរួមគ្នាចុងក្រោយនេះ នាយពេកមី ក៏ដឹងច្បាស់ថា ខ្ញុង កំពុងតែមានផ្ទៃពោះ៣ខែទៅហើយ ទើបធ្វើឱ្យនាយខកចិត្តខ្លាំង។

នាយពែកមី និយាយថា “ឯងខំតែទទួលកម្មវិធីគេធំមួយ ថាច្រៀងកាត់សក់ជាមួយគ្នា ឥឡូវវាពោះធំបាត់ទៅហើយ។ ទៅច្រៀងកើតដែរអីហ្នឹង បើទម្រាំដល់ថ្ងៃហ្នុង ពោះកាន់តែធំជាងហ្នឹងទៀតហើយ”។

ចំណែកអ្នកនាងខ្ញុង បានតបនាយពែកមី ថា សុខភាពនាងល្អទេ អ៊ីចឹងគ្មានបញ្ហាឡើយ គឺនៅតែទៅ ច្រៀងសម្តែងបានធម្មតា។

ខ្ញុង ថែមទាំងដាស់តឿននាយពែកមី ផងដែរថា “ហើយខ្ញុំពោះ ធំហ្នឹងធ្វើការមិនកើតទេអី ? ខ្ញុំពោះធំជាមួយប្តីរបស់ខ្ញុំ រៀបការត្រឹមត្រូវ ខ្ញុំមិនបានទៅខូចអីជាមួយអ្នកណា ពពាក់ពពូនគ្នាអត់បានរៀប ការឯណា?”។

ពែកមី-ខ្ញុង ជាដៃគូដ៏ស៊ីចង្វាក់គ្នានៅពេលដែលអ្នកទាំងពីរចាប់ដៃគ្នាទាំងលេងកំប្លែង និងច្រៀងកាត់សក់មង្គលការ ហើយពួកគេតែងតែធ្វើឱ្យអ្នកទស្សនាបានសើចសប្បាយ រីករាយគ្រប់កម្មវិធីទៀតផង។ ប៉ុន្តែនៅក្នុងពិភពសិល្បៈកន្លងមក អ្នកណាក៏បានដឹងដែរថា នាយពែកមី មានស្នេហាជាមួយ ខ្ញុង ហើយនាយខកចិត្តខ្លាំងណាស់នៅពេលដែលខ្ញុង រៀបការជាមួយនាយកៃដ ចោលនាយ ជាក់ ស្តែង ដូចជាថ្ងៃខ្ញុង រៀបមង្គលការនោះ ពែកមី មិនបានទៅចូលរួមអបអរសាទរឡើយ។

ប្រភពបានឱ្យដឹងថា ដោយសារតែការលេចឮថា ខ្ញុង ធ្លាប់មានស្នេហាជាមួយពែកមី បែប នេះហើយ ទើបធ្វើឱ្យទំនាក់ទំនងរវាងនាយពែកមី និងប្តីខ្ញុង គឺនាយកៃដ កាន់តែសោះកក្រោះរហូតមានពេលខ្លះចុះពីឆាកសម្តែងកំប្លែង អ្នកទាំង២មិននិយាយរកគ្នាក៏មានដែរ។

ប៉ុន្តែយ៉ាងណា ពេលនេះ ខ្ញុង មិនខ្វល់ពាក្យចចាមអារ៉ាមឡើយ នាងគិតតែពីប្រឹងរកលុយជាមួយប្តី ហើយថែរក្សាកូនក្នុងពោះឱ្យបានល្អ ហើយនាងនិងនាយកៃដ ក៏មិនពឹងលើអាជីពសិល្បៈមួយមុខទេ គឺមានមុខរបរក្រៅសិល្បៈ ដូចជារកស៊ីពុះដីឡូតិ៍លក់ និងលក់ឡេតាមអនឡាញ ជាដើម។ ថ្មីៗនេះ ខ្ញុង ជួបរឿងខកចិត្តព្រោះត្រូវអាជ្ញាធរចូលទៅឆែកឆេរ និងរឹបអូសឡេរបស់នាងមួយចំនួន ដោយសង្ស័យថា នាងលក់ផលិតផលក្លែងក្លាយខុសច្បាប់ ហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពអតិថិជន។

ខ្ញុង ប្រាប់ថា “ពេលនេះខ្ញុំមានផ្ទៃពោះ៣ខែហើយ តែមិនទាន់ដឹងថា កូនប្រុសឬស្រីទេ ព្រោះនៅថ្ងៃទី៣១ ខែមករា ទើបខ្ញុំទៅពិនិត្យផ្ទៃពោះ។ ចំពោះរឿងប៉ូលិសចូលឆែកឡេខ្ញុំដល់ផ្ទះហ្នុង ដោយសារតែខ្ញុំមានការធ្វេសប្រហែសតែបន្តិចក៏មានបញ្ហា ប៉ុន្តែតាមពិត ផលិតផលរបស់យើងមានច្បាប់ត្រឹមត្រូវ មិនប៉ះពាល់សុខភាពអ្នកប្រើទេ។ ខ្ញុំនឹងធ្វើសន្និសីទកាសែតមួយទាក់ទងរឿងនេះ ក្នុងពេលឆាប់ៗនេះហើយ ព្រោះខ្ញុំខ្លាចប៉ះពាល់ដល់ការរកស៊ីរបស់ខ្ញុំដែរ។ ចំពោះរឿងរកស៊ីលក់ដីឡូតិ៍វិញ ខ្ញុំស្រីអីចឹងពិបាកចុះឡើង អ៊ីចឹងប្តីខ្ញុំគាត់ធ្វើការហ្នឹងច្រើនជាង”។

ក្រៅពីប៉ះស្នេហ៍ខ្ញុង នាយពែកមី ក៏ធ្លាប់លេចឮថា មានទំនាក់ទំនងស្នេហាជាមួយតារាវ័យក្មេងសាច់សខ្ចី ឡុង ថាវរី ដែរ ដោយថែមទាំងល្បីថា នាយបានជះលុយដល់ទៅ៤ម៉ឺនដុល្លារ ស្ទូចយកបេះដូងស្រីក្មេងនោះទៀតផង។

ប៉ុន្តែថាវរី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា កុំថាឡើយដល់ទៅ៤ម៉ឺនដុល្លារ ទោះជា១សេនក៏នាងមិនដែលទទួល ហើយក៏មិនត្រូវការពីនាយពែកមី ដែរ ព្រោះនាងដឹងថា អ្នកកំប្លែងរូបនេះមានប្រពន្ធ និងកូនទៅហើយ អ៊ីចឹងនាងមិនចង់ពាក់ព័ន្ធជាមួយទេ៕

RELATED ARTICLES