Thursday, April 18, 2024
Homeតារាខ្មែរបាន មុន្នីល័ក្ខ មិនខ្លាចម៉ៅ ហាជី កេងចំណេញធ្វើរឿងនេះ

បាន មុន្នីល័ក្ខ មិនខ្លាចម៉ៅ ហាជី កេងចំណេញធ្វើរឿងនេះ

បាន មុន្នីល័ក្ខ និងម៉ៅ ហាជី ឆក់បានតំណែងតួឯករឿង “ព្រហ្មលិខិតដុះស្លាប” របស់ទូរទស្សន៍ថោន ដែលបានធ្វើពិធីសែនក្រុងពលីក្នុងស្ទូឌីយូថោន កាលពីថ្ងៃទី១៣ ខែមករា ដោយមានតារាចម្រៀងប្រុសស្រីល្បីៗរបស់ថោន ជាច្រើនដួងបានចូលរួម។

បាន មុន្នីល័ក្ខ និយាយដោយអារម្មណ៍រីករាយថា នេះជាការងារថ្មីមួយសម្រាប់នាងនៅដើមឆ្នាំ២០២០ ហើយបើទោះជានាងដឹងថា ក្នុងរឿងនេះមានឈុតឆាកស្នេហាជាច្រើនជាមួយលោកម៉ៅ ហាជី មែន ប៉ុន្ទែនាងមិនខ្លាចបុរសសង្ហារូបនេះចាប់រំលោភ ឬយកចំណេញពីនាងឡើយ។

មុន្នីល័ក្ខ និយាយបែបអឹមអៀមថា “ខ្ញុំមិនខ្លាចគាត់លេងឈុតស្នេហាជាមួយខ្ញុំហ្នឹងខ្លាំងៗពេកនោះទេ ព្រោះតាមដឹងមានឈុតហ្នឹងច្រើនមែន។ ខ្ញុំពេញចិត្តសម្តែងជាមួយលោកហាជី ដោយសារតែកន្លងមកយើងធ្លាប់បានរួមការងារជាមួយគ្នាជាច្រើនមកហើយ អ៊ីចឹងពួកយើងធ្វើការស៊ីចង្វាក់គ្នាបានល្អ។ សម្រាប់ខ្ញុំស្រលាញ់អាជីពចម្រៀងនិងសម្តែងដូចគ្នាតែម្តង”។

ចំណែកលោកម៉ៅ ហាជី វិញថ្លែងថា “រឿងនេះខ្ញុំលេងជាតួព្រាននារីតែម្តង ប៉ុន្តែមិនបានយកចំណេញលើតួស្រីទេ គឺធ្វើទៅតាមអ្នកដឹកនាំរឿងចង់បានប៉ុណ្ណោះ។ ខ្ញុំនឹងប្រឹងប្រែងសម្តែងរឿងនេះឱ្យបានល្អ ព្រោះអាជីពភាពយន្ត ខ្ញុំស្រលាញ់តាំងពីតូចមកម៉្លេះ”។

ក្រៅពីបាន មុន្នីល័ក្ខ និងម៉ៅ ហាជី រឿង “ព្រហ្មលិខិតដុះស្លាប” មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដួងទៀត ដូចជា លោកសាវិន ហ្វីលីព, សៅ ឧត្តម, ចេន សាយចៃ, កុល ដាវី, រ៉ូលីន, កាតុ, ញឹម ចាន់ថន, ឆ័យលី ដាឡែន, ដា សុម៉ាវត្តី និងតារាមួយចំនួនទៀត។

លោកសោម ដូរ៉េ ដែលជាអ្នកនិពន្ធរឿង “ព្រហ្មលិខិតដុះស្លាប” បានឱ្យដឹងថា “រឿងនេះមាន២៧ភាគ ហើយចំណុចសំខាន់នៃផ្ទៃរឿងទាំងមូល គឺមានបទចម្រៀង 1 Album របស់តារាថោន ដែលបានបញ្ចូលក្នុងរឿងនេះតែម្តង”។

លោកដូរ៉េ បន្តថា “ដោយឡែកសម្លៀកបំពាក់វិញ រឿងនេះប្រើតែ១ឈុតទេ អ៊ីចឹងទស្សនិកជននិងបានប្លែកភ្នែកជាមិនខាន។ រឿង “ព្រហ្មលិខិតដុះស្លាប” អប់រំទៅលើយុវវ័យសម័យថ្មី ហើយ ដាស់តឿនពួកគេកុំឱ្យផ្តេកផ្តួលទៅលើព្រហ្មលិខិតខ្លាំងពេក”។

ចំណែកលោកវ៉ាត លីម៉េង ជាអ្នកដឹកនាំសម្តែងរឿង “ព្រហ្មលិខិតដុះស្លាប” វិញ បានប្រាប់ថា “រឿងនេះចេញថតចាប់ពីថ្ងៃទី១៤ ខែមករា នេះតទៅហើយ ដែលត្រូវការចំណាយពេល២ខែទើបថតចប់។ លោកថា ចំពោះទីតាំងភាគច្រើនគឺនៅភ្នំពេញ ហើយរឿងនេះឆ្លុះបញ្ចាំងកុំឱ្យមនុស្សទាំងឡាយចង់បានទ្រព្យរបស់អ្នកដទៃ ព្រោះវានាំឱ្យវិនាស។

លោកលីម៉េង ឱ្យដឹងដែរថា ភាពយន្តនេះនឹងថតបណ្តើរដាក់បញ្ចាំងបណ្តើរតែម្តង នៅលើកញ្ចក់ ទូរទស្សន៍ថោន៕

RELATED ARTICLES