Friday, April 26, 2024
Homeព័ត៌មានជាតិប្តីទួញយំអង្វរ ដង្ហើយហៅវិលវិញមកអូនៗ អាណិតកូនយើង

ប្តីទួញយំអង្វរ ដង្ហើយហៅវិលវិញមកអូនៗ អាណិតកូនយើង

ភ្នំពេញ ៖ ស្ត្រីម្នាក់មានប្តីមានកូនរួចទៅហើយ បែរជាបែកគំនិតលួចទាក់ទងស្នេហាជាមួយប្រុសស្ទាវ រហូតដល់ត្រូវរ៉ូវគ្នាវេចបង្វេចរត់ចោលប្តីចោលកូនដោយគ្មានស្តាយស្រណោះ ធ្វើឱ្យបុរសជាប្តីអភ័ព្វមិនដាច់ចិត្តខំស្កាត់តាមស្វែងរកសព្វកន្លែងនៅតែមិនឃើញ ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងថែមទាំងទួញយំដង្ហោយហៅប្រពន្ធ “វិលវិញមកអូន បងរង់ចាំ”។

ហេតុការណ៍បុរសអភ័ព្វស្នេហ៍ត្រូវប្រពន្ធរត់តាមប្រុសក្មេង ទួញយំដង្ហោយហៅប្រពន្ធឱ្យវិលវិញនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ ខណ្ឌពោធិ៍សែនជ័យ។

បុរសអភ័ព្វជាប្តីដែលស្ត្រីប្រពន្ធរត់តាមប្រុសស្ទាវនេះ មានឈ្មោះមុំ មឿន អាយុ៣៦ឆ្នាំ មុខរបររកត្រី ស្នាក់នៅផ្ទះជួលជាប់របងវត្តតាំងកសាងខាងជើង ស្ថិតក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិត្នោតទោល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ចំណែកស្ត្រីជាប្រពន្ធជើងល្អដែលរត់ចោលប្តីទៅសម្ងំសាងស្នេហ៍ជាមួយប្រុសក្មេងនោះ មានឈ្មោះមឿន ស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ រីឯយុវជនកំហូចដែលលួចពង្រត់ប្រពន្ធគេនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែត្រូវបុរសជាប្តីអះអាងថា ស្នាក់នៅក្នុងវត្តតាំងកសាងខាងជើង និងបានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយប្រពន្ធខ្លួនមួយរយៈមកហើយ។

តាមសម្តីបុរសជាប្តីអភ័ព្វខាងលើ បានរៀបរាប់ទាំងអួលអាក់ថា ប្តីប្រពន្ធរបស់គាត់បានរៀបការជាមួយគ្នាត្រឹមត្រូវតាំងពីអំឡុងឆ្នាំ២០១១មកម៉្លេះ និងបានរួមរស់អស់រយៈពេល៩ឆ្នាំ បង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងនិស្ស័យ ដោយក្នុងនោះកូនស្រីច្បងអាយុ៦ឆ្នាំ ចំណែកកូនប្រុសពៅទើបនឹងមានអាយុ៤ឆ្នាំប៉ុណ្ណោះ។

បុរសជាប្តីរូបនេះបន្តថា ក្រោយមកក្រុមគ្រួសារបានមកស្នាក់នៅភូមិខាងលើ ជាប់នឹងរបងវត្តតាំងកសាងខាងជើង ដោយប្រពន្ធប្រកបរបរធ្វើការងាររោងចក្រ។ ចំណែកគាត់ជាប្តីគ្មានចំណេះជំនាញអ្វី បានត្រឹមដើររកត្រីយកមកហូបខ្លះ លក់ខ្លះ គ្រាន់ដោះស្រាយជីវភាព ហើយកន្លងមកត្បិតថា ជីវភាពគ្រួសារគាត់លំបាកលំបិនយ៉ាងណាក្តី ក៏ប្តីប្រពន្ធគាត់នៅស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ មិននឹកស្មានដល់សោះថា ប្រពន្ធរបស់គាត់អាចនឹងបែកគំនិតលង់ស្នេហ៍ប្រុសកេμងក្បត់ចិត្តប្តីបែបនេះសោះ។

បុរសជាប្តីបានរៀបរាប់ទាំងទឹកភ្នែកថា តាមអ្វីដែលគាត់បានដឹងប្រពន្ធរបស់គាត់បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយយុវជនម្នាក់ស្នាក់នៅក្នុងវត្តតាំងកសាងនេះ មួយរយៈមកហើយ តែមិនដឹងថាស្នេហាមួយនោះស៊ីជម្រៅដល់កម្រិតណានោះទេ។

ស្រាប់តែនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០កន្លងមក ខណៈដែលគាត់រវល់ចេញទៅរកបាចត្រីបាត់ពីផ្ទះ ស្រាប់តែប្រពន្ធបានលួចវេចបង្វេចចុះចោលផ្ទះចេញទៅបាត់ មិនដឹងទៅណា ចំណែកយុវជន ដែលលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រពន្ធគាត់នោះ ក៏បាត់ខ្លួនស្របជាមួយគ្នានោះដែរ ទើបគាត់ភ្ញាក់ខ្លួនដឹងថា ប្រពន្ធរបស់គាត់បានរត់តាមប្រុសសហាយបាត់ទៅហើយ។

តាមសម្តីស្ត្រីឈ្មោះខឹម មួន អាយុ៦០ឆ្នាំ មុខរបរដើរស៊ីឈ្នួលគេ ត្រូវជាម្តាយបង្កើតរបស់ស្ត្រីដែលរត់ចោលប្តី បានរៀបរាប់ប្រាប់ថា កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០កន្លងមក ខណៈដែលគាត់ជាប់រវល់ទៅពិនិត្យព្យាបាលជំងឺនៅប្រទេសវៀតណាម ស្រាប់តែកូនស្រីបង្កើតរបស់គាត់បានរត់ចេញពីផ្ទះបាត់ចោលកូន ចោលប្តី ហើយបើតាមការសាកសួរ កូនស្រីរបស់គាត់ទៅជាមួយយុវជនម្នាក់ដែលស្នាក់នៅក្នុងវត្តតាំងកសាងខាងជើង មិនដឹងថានាំគ្នារត់ទៅដល់ទីណានោះទេ។

ស្ត្រីជាម្តាយរូបនេះបន្តថា ក្រោយពីដឹងថា បាត់កូនស្រី ទើបគាត់និងកូនប្រសាប្រុសបាននាំគ្នារត់ទៅប្តឹងប៉ូលិសដែរ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងទៅ តែប៉ូលិសមិនទទួលពាក្យបណ្តឹងនោះទេ ទើបនាំគ្នាបន្តដើរស្វែងរកដោយខ្លួនឯង តែរកមិនឃើញ។

ទើបនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ គាត់បាននាំចៅប្រុសស្រីនិងកូនប្រសាមកសុំដាក់ពាក្យបណ្តឹងម្តងទៀត។ ចំណែកកូនប្រសាប្រុសរបស់គាត់តូចចិត្តខ្លាំងណាស់ និងគិតតែពីទួញយំដង្ហោយហៅប្រពន្ធឱ្យវិលត្រឡប់មកវិញ អាណិតប្តី អាណិតកូន៕

RELATED ARTICLES