Friday, March 29, 2024
Homeព័ត៌មានជាតិប្រឹងរត់កង់៣ រកលុយឲ្យប្រពន្ធទុកចូលឆ្នាំចិន ស្រាប់តែខកខាន ដោយសាររឿងនេះ

ប្រឹងរត់កង់៣ រកលុយឲ្យប្រពន្ធទុកចូលឆ្នាំចិន ស្រាប់តែខកខាន ដោយសាររឿងនេះ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ប្រឹងរកប្រាក់ទាំងយប់ទាំងថ្ងៃ ដើម្បីសន្សំទុកផ្ញើឱ្យប្រពន្ធកូននៅឯស្រុក លុះកើតមានអាការមិនសូវស្រួលខ្លួន ក៏ត្រូវអ្នកស្គាល់គ្នាជំរុញឱ្យទៅរកកន្លែងកោសខ្យល់ចេញទៅ តែមិនព្រម ព្រោះខ្លាចអស់លុយកាក់ក៏ចេះតែទ្រាំសម្ងំដេកលង់លក់នៅសំយ៉ាបផ្ទះគេ ស្រាប់តែព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខផ្ទះលេខ82E ខាងកើតសណ្ឋាគារថៃប៉ុនរ៉ុង ប្រមាណ៦០ម៉ែត្រ តាមបណ្តោយផ្លូវ៤០៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

បុរសរងគ្រោះខាងលើ មានឈ្មោះជួន វណ្ណា ហៅចេះ អាយុ៤០ឆ្នាំ មុខរបររត់កង់បី និងដឹកបន្លែឱ្យគេ ស្នាក់នៅលើប៉ាអ៊ីមុខផ្ទះប្រជាពលរដ្ឋ មានស្រុកកំណើតនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះប្រកបរបររត់ម៉ូតូកង់បីដោយមានម៉ូតូកង់បី១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HB-0120 និងប្រឹងរកប្រាក់ទាំងយប់ថ្ងៃ ដើម្បីសន្សំទុកផ្ញើឱ្យប្រពន្ធកូននៅស្រុក ដោយមិនហ៊ានចាយវាយអ្វីផ្តេសផ្តាសនោះទេ ពោលគឺរិះថាំខ្លាំងណាស់ សូម្បីកន្លែងដេកក៏មិនបានទៅជួលបន្ទប់ស្នាក់នៅស្រួលបួលដែរ ជួនដេកលើម៉ូតូកង់បីរបស់ខ្លួន ជួនដេកនៅលើប៉ៅអីមុខសំយ៉ាបផ្ទះប្រជាពលរដ្ឋត្រង់ចំណុចកើតហេតុជារៀងរាល់យប់។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទើបមកពីស្រុកវិញបានប៉ុន្មានថ្ងៃ ក៏ចេះតែត្អូញប្រាប់សន្តិសុខនៅក្បែរនោះថា មិនសូវស្រួលខ្លួន ហើយជនរងគ្រោះខំរកលុយបាន១៤ម៉ឺនរៀល និង៣ដុល្លារសន្សំទុកឱ្យប្រពន្ធ។

ប៉ុន្តែមិនទាន់បានឱ្យប្រពន្ធផង នៅថ្ងៃទី១៨ វេលាម៉ោង៨យប់ ក៏ត្អូញត្អែរប្រាប់ទៀតថា មិនសូវស្រួលខ្លួន លុះអ្នកស្គាល់គ្នាជំរុញឱ្យទៅរកកន្លែងកោសខ្យល់ចេញ តែជនរងគ្រោះមិនព្រមទៅនឹកខ្លាចអស់លុយ ទើបទាញប៉ៅអ៊ីមកសម្ងំដេកលង់លក់ទៅ រហូតមកដល់វេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ទើបសន្តិសុខនៅក្បែរនោះឃើញដេកយូរខុសធម្មតាក៏ចូលមកដាស់ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គនិងគាំងបេះដូង ហើយបានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES