Thursday, April 25, 2024
Homeព័ត៌មានជាតិប្រើកាតប.ប.ស អ្នកជំងឺគ្រុនឈាម ពេទ្យថាចេញស្អូច ប៊ិះអស់ជីវិត

ប្រើកាតប.ប.ស អ្នកជំងឺគ្រុនឈាម ពេទ្យថាចេញស្អូច ប៊ិះអស់ជីវិត

ភ្នំពេញ ៖ កម្មការិនីម្នាក់បានអះអាងថា ខ្លួនបានកើតមានអាការៈជំងឺក្តៅខ្លួនអស់កម្លាំង ស្នាមចេញក្រហមពេញដៃជើងនិងដងខ្លួន ក៏ប្រញាប់ធ្វើដំណើរទៅមន្ទីរសម្រាកព្យាបាលនិងសម្ភពមូលមិត្ត ដើម្បីពិនិត្យព្យាបាល លុះទៅដល់ក្រុមគ្រូពេទ្យពិនិត្យរួច ប្រាប់ថា នាងចេញស្អូច រួចឱ្យថ្នាំទៅលេបនៅផ្ទះ២ទៅ៣ថ្ងៃទៅជាហើយ លុះអាការជំងឺមិនធូរស្រាលចេះតែធ្ងន់ធ្ងរទៅៗ ទើបប្តីបាននាំទៅពេទ្យផ្សេង ជួសឈាមមើល ទើបដឹងថា នាងមានជំងឺគ្រុនឈាមសោះនិងស្ទើរតែហួសពេល គ្រោះថ្នាក់ដល់ជីវិតទៅហើយ។

យោងតាមសម្តីប្តីរបស់កម្មការិនីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ប្រពន្ធគាត់មានអាការក្តៅខ្លួនអស់កម្លាំងហើយចេញស្នាមអុចក្រហមពេញដៃជើង គាត់ក៏ជូនប្រពន្ធទៅពិនិត្យព្យាបាលនៅមន្ទីរសម្រាកនិងសម្ភពមូលមិត្ត ក្រោយទៅដល់គាត់ក៏បានប្រាប់ពីអាការៈប្រពន្ធ ហើយបានបង្ហាញកាតប.ស.ស (បេឡាជាតិរបបសន្តិសុខសង្គម) ក៏ត្រូវខាងបុគ្គលិក ពេទ្យនាំប្រពន្ធគាត់ទៅពិនិត្យជំងឺហើយក៏ចេញថ្នាំពេទ្យឱ្យអ្នកជំងឺញ៉ាំឱ្យទៀងទាត់ ដោយបញ្ជាក់ប្រាប់ថា អ្នកជំងឺកើតស្អូចទៅផ្ទះសម្រាកពីរថ្ងៃទៅជាហើយ។

បុរសជាប្តីបន្តថា ក្រោយចេញពីមន្ទីរសម្រាកព្យាបាលនិងសម្ភពមូលមិត្ត នៅថ្ងៃដដែល ប្រពន្ធគាត់នៅតែមិនបានធូរស្បើយដោយសម្រាកនៅបន្ទប់ជួលរហូតដល់យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មើលទៅប្រពន្ធមានអាការកាន់តែមិនស្រួល ដោយមានកំដៅក្តៅខ្លួនខ្លាំងទៅៗ ទឹកមុខស្លេកស្លាំង និយាយមិនចង់រួច ទើបគាត់ជាប្តីក៏ប្រញាប់ដឹកប្រពន្ធតាមម៉ូតូទៅមន្ទីរពេទ្យឯកជនមួយទៀតក្បែរផ្ទះភ្លាមៗ។

ពេលដឹកប្រពន្ធទៅដល់មន្ទីរពេទ្យក្បែរផ្ទះ លោកគ្រូពេទ្យក៏ចាប់ផ្តើមវាស់កម្តៅនិងយកឈាមទៅពិនិត្យរកឃើញថា ប្រពន្ធគាត់មានជំងឺគ្រុនឈាម សំណាងហើយដែលនាំមកមន្ទីរពេទ្យទាន់ បើសិនទុកនៅតែមួយយប់ទៀតច្បាស់ជាអាចមានបញ្ហារហូតដល់អាយុជីវិតមិនខាន។

បុរសជាស្ត្រីរងគ្រោះបានបញ្ជាក់ថា មន្ទីរសម្រាកព្យាបាលនិងសម្ភពមូលមិត្ត ដែលគាត់នាំប្រពន្ធទៅពិនិត្យព្យាបាលនោះ មានអាសយដ្ឋានអគារលេខ៦៧,៦៩ ផ្លូវលេខ៤២៤ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជាចុងក្រោយបុរសជាប្តីស្ត្រីរងគ្រោះបានស្នើសុំដល់គ្រប់មន្ទីរពេទ្យដែលសហការជាមួយប.ស.ស ជាពិសេសមន្ទីរសម្រាកព្យាបាលនិងសម្ភពមូលមិត្ត មេត្តាយកចិត្តទុកដាក់ជាមួយអ្នកជំងឺផង កុំយកអាយុជីវិតមនុស្សមកលេងសើចបែបនេះ ព្រោះអាយុជីវិតមនុស្សមិនអាចទិញ ឬលក់ដូរតាមទីផ្សារបានទេ។

ជុំវិញករណីខាងលើនេះ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងមន្ទីរសម្រាកព្យាបាល និងសម្ភពមូលមិត្ត បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES