Thursday, April 25, 2024
Homeព័ត៌មានជាតិប្លន់ម៉ូតូមិនបាន ពួកគេធ្វើរឿងអ៊ិចឹងតែម្តង សំណាងប៉ូលិសមកទាន់

ប្លន់ម៉ូតូមិនបាន ពួកគេធ្វើរឿងអ៊ិចឹងតែម្តង សំណាងប៉ូលិសមកទាន់

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូដឹកគ្នាទៅសួរសុខទុក្ខសាច់ញាតិដេកឈឺនៅមន្ទីរពេទ្យ លុះពេលត្រឡប់មកវិញតាមផ្លូវ ក៏ត្រូវក្រុមចោរប្លន់មានគ្នាសរុបប្រមាណ១០នាក់ ប្រដាប់ដោយដំបងនិងខ្សែក្រវាត់បានដេញស្ទាក់វាយប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារជនរងគ្រោះបានដកកូនសោរត់គេចខ្លួន ធ្វើឱ្យក្រុមជនសង្ស័យជាចោរប្លន់ខឹងក៏ព្រួតគ្នាវាយកំទេចម៉ូតូជនរងគ្រោះបណ្តាលឱ្យខូចខាតយ៉ាងដំណំ។

ករណីប្លន់ម៉ូតូមិនបានសម្រេចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅចំណុចស្តុបណូគា តាមបណ្តោយផ្លូវ២៧១ កែងផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមសម្តីយុវជនរងគ្រោះទាំង២នាក់ បានឱ្យដឹងថា នៅមុនកើតហេតុពួកគេទាំង២នាក់ទើបជិះម៉ូតូចេញពីមើលក្រុមគ្រួសារ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី បំណងត្រទ្បប់ទៅផ្ទះនៅខណ្ឌសែនសុខវិញ ដោយជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1O-2527 ជិះឌុបគ្នាតាមផ្លូវ២៧១ ពីត្បូងទៅជើង។

លុះដល់ចំណុចខាងលើ ស្រាប់តែលេចមុខក្រុមជនសង្ស័យប្រមាណជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដំបងនិងខ្សែក្រវាត់ដេញតាមពីក្រោយស្ទាក់វាយ ពេលនោះដោយសារភ័យពេក ទើបពួកគេបានប្រញាប់ដកសោម៉ូតូចេញរួចរត់គេចខ្លួនបាត់ទៅ។

ខណៈនោះធ្វើឱ្យក្រុមជនសង្ស័យខឹងដែលប្លន់ម៉ូតូអត់បាន ក៏ព្រួតគ្នាកាច់ស្លាកលេខ និងវាយកម្ទេចម៉ូតូជនរងគ្រោះ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយគាប់ជួនកម្លាំងល្បាតរបស់សមត្ថកិច្ចមូលដ្ឋានមកដល់ ទើបក្រុមជនសង្ស័យបានផ្អើលរត់គេចបាត់អស់។

ក្រោយកើតហេតុ ម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯយុវជនរងគ្រោះទាំង២នាក់បានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ក្រុមជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES