Saturday, April 20, 2024
Homeព័ត៌មានជាតិពេជ្រ ស្រស់ ៖ ព្រះរាជអាជ្ញាឲ្យសមត្ថកិច្ចបញ្ជូនសំណុំរឿងក្មេងទំនើងទាំង៤នាក់ មកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់

ពេជ្រ ស្រស់ ៖ ព្រះរាជអាជ្ញាឲ្យសមត្ថកិច្ចបញ្ជូនសំណុំរឿងក្មេងទំនើងទាំង៤នាក់ មកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់

ភ្នំពេញ ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានសរសេរលិខិតមួយច្បាប់ជូនលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើពិនិត្យការអនុវត្តច្បាប់លើករណីយុវតី៤រូប ដែលប្រើហិង្សាមកលើយុវតី១រូប ដែលបានបញ្ចប់រឿងត្រឹមបង់លុយ២០០០ដុល្លារនោះ។

លោកពេជ្រ ស្រស់ បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុក និងទំព័ររបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ថា ជុំវិញករណីយុវតី៤រូបជាក្រុមជនប្រើហិង្សាមកលើយុវតី១រូប ដោយបញ្ចប់រឿងត្រឹមបង់លុយ គឺលោកបានបំពេញសិទ្ធិចុងក្រោយរបស់លោករួចរាល់ហើយ ដោយលោកបានសរសេរលិខិតមួយច្បាប់ជូនលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអន្តរាគមន៍ឱ្យមានការអនុវត្តច្បាប់ក្នុងប្រព័ន្ធតុលាការ ហើយលទ្ធផលយ៉ាងណានោះ គឺជាភារកិច្ចរបស់អ្នកអនុវត្តច្បាប់។

លិខិតរបស់លោកពេជ្រ ស្រស់ គោរពជូនលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ មានខ្លឹមសារដូចខាងក្រោម ៖

-កម្មវត្ថុ ៖ ជំរុញការអនុវត្តច្បាប់របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើយុវតី៤រូប ដែលបានប្រព្រឹត្តបទល្មើសប្រើហិង្សាទៅលើ យុវតីឈ្មោះស៊្រុន កែវមរកត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

យោង ៖ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

តបតាមកម្មវត្ថុ និងយោងខាងលើនេះ ខ្ញុំបាទសូមជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា ៖ មានយុវតីបួនរូបដែលបានប្រព្រឹត្តបទល្មើសប្រើអំពើហិង្សាលើយុវតីឈ្មោះស៊្រុន កែវមរកត មានអាយុ១៦ឆ្នាំ រៀនថ្នាក់ទី៨ សាលារៀនផ្សារដើមថ្កូវ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

ហើយករណីនេះត្រូវបានបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដែលជាការឆ្លុះបញ្ចាំងអំពីការកើតឡើងនូវនិទ្ទណ្ឌភាពច្បាប់ ហើយក៏ជះនូវឥទ្ធិពលអាក្រក់ដល់សង្គមជាតិទាំងមូល និងបង្កើតឱ្យមានក្មេងទំនើងកាន់តែច្រើនឡើងដោយសារអ្នកអនុវត្តច្បាប់ មិនចាត់វិធានការទៅលើជនល្មើស។

ម៉្យាងវិញទៀត ការសម្រួលរឿងក្តីក្រៅក្របខ័ណ្ឌច្បាប់តាមរយៈបង់លុយបញ្ចប់រឿងយ៉ាងដូច្នេះ នឹងធ្វើឱ្យកើតមានឡើងវប្បធម៌ “វ៉ៃបង់លុយ” ជាហេតុធ្វើឱ្យយុវជនដទៃទៀតយកគំរូតាម ព្រមទាំងធ្វើឱ្យយុវជនរងគ្រោះបន្តទៅទៀតនៅថ្ងៃអនាគត និងសង្គមជាតិធ្លាក់ចុះនូវសីលធម៌ ហើយអំពើហិង្សា នឹងបន្តកើតមានឡើងនៅពាសពេញផ្ទៃប្រទេសកម្ពុជា។

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការគោរពច្បាប់ គឺស្ថាប័នតុលាការ គួរតែអនុវត្តច្បាប់ឱ្យបានស្មើភាព និងឱ្យបានតឹងរ៉ឹងបំផុតលើជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកស្ទួយច្បាប់។

ក្នុងន័យនេះ សូមឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យការអនុវត្តច្បាប់របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនចាត់ការទៅលើយុវតី៤រូប ដែលបានប្រព្រឹត្តបទល្មើសប្រើអំពើហិង្សាលើយុវតីឈ្មោះស៊្រុន កែវមរកត ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្មើភាព តម្លាភាព និងយុត្តិធម៌ ព្រមទាំងទប់ស្កាត់បទល្មើសនានានៅថ្ងៃខាងមុខផងដែរ ហើយជាពិសេស គឺតម្រង់ទិសដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈក្នុងការគោរពច្បាប់នៃប្រទេសកម្ពុជារបស់យើងឱ្យបានខ្ជាប់ខ្ជួនបំផុត គឺដើម្បីធានាបានរបៀបរៀបរយនៅក្នុងសង្គមជាតិខ្មែរទាំងមូល។

សូមឯកឧត្តមរដ្ឋមន្ត្រី ជំរុញការអនុវត្តច្បាប់លើយុវតី៤រូប ជាក្រុមជនល្មើសតាមច្បាប់ចែងជាធរមាន”។

ក្រោយដាក់លិខិតខាងលើនេះរួចហើយ លោកពេជ្រ ស្រស់ ក៏បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ថា “ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លើយមកខ្ញុំមុននេះថា ឯកឧត្តមបានឱ្យតុលាការធ្វើរបាយការណ៍ជូនឯកឧត្តមរួចហើយ ចំពោះករណីយុវតី៤រូបបានប្រើអំពើហិង្សាលើយុវតី១រូប ហើយឯកឧត្តមរដ្ឋមន្ត្រីនឹងប្រាប់មកខ្ញុំអំពីរបាយការណ៍នោះនៅថ្ងៃស្អែក”។

លោកពេជ្រ ស្រស់ ក៏បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា “ខ្ញុំនឹងចាក់បញ្ចាំង Video clip ក្មេងៗអាយុក្រោម១៨ឆ្នាំបានប្រព្រឹត្តបទល្មើស នៅក្នុងអង្គប្រជុំនៅថ្ងៃស្អែក បើមានឱកាសដើម្បីសួរទៅឯកឧត្តមរដ្ឋមន្ត្រីយុត្តិធម៌ តើនៅពេលណាទើបអនុវត្តច្បាប់អនីតិជនបាន…?”។

ដោយឡែកលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនអាចទាក់ទងសុំមតិយោបល់ការឆ្លើយតបបានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា ករណីក្មេងស្រី៤នាក់ព្រួតវាយក្មេងស្រីម្នាក់នៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដោយតម្រូវឱ្យអាណាព្យាបាលនិងសិស្សបង្កហេតុទាំង៤នាក់ សុំទោសទៅអាណាព្យាបាលនិងយុវតីជនរងគ្រោះ ព្រមទាំងសុំទោសជាសាធារណៈចំពោះអ្វីពួកគេបានប្រព្រឹត្តខុសឆ្គង។

ជាមួយគ្នានេះ អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយមានការសម្របសម្រួលចប់សព្វគ្រប់ ក្រុមគ្រួសារសិស្សបង្កហេតុ និងក្រុមគ្រួសាររងគ្រោះទទួលទឹកប្រាក់ចំនួន២០០០ដុល្លារ ដែលជាសំណងរដ្ឋប្បវេណី។

ទោះយ៉ាងណា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០ ឪពុកយុវតីស៊្រុន កែវមរតក ដែលត្រូវក្មេងស្រី៤នាក់ទៀតវាយធ្វើបាបនោះ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា “ក្នុងនាមខ្ញុំជាឪពុកជនរងគ្រោះ មរកត ខ្ញុំស្នើសុំដល់ក្រសួងមានសមត្ថកិច្ចនិងប្រព័ន្ធតុលាការ ជួយបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណងជំងឺចិត្ត២០០០ដុល្លារ វាគ្រាន់តែជំហានដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៍និងរាងកាយ បើសិនរកឃើញថា កូនខ្ញុំមានសភាពធ្ងន់ ខ្ញុំនឹងទាមទារសំណងបន្ថែមទៀតចំពោះមុខតុលាការ”។

អ្វីគួរឱ្យចាប់អារម្មណ៍នោះ យុវតីស៊្រុន កែវមរកត ត្រូវបានម្ចាស់ហាងពេជ្រ ទ្រី ដាណា ឧបត្ថម្ភខ្សែក មួយខ្សែ និងម៉ូតូស្កុបពីមួយគ្រឿង ដើម្បីលើកទឹកចិត្តឱ្យខំប្រឹងរៀន និងឈប់ភ័យខ្លាច។

ដោយឡែក នៅព្រឹកនេះ លោកពេជ្រ ស្រស់ បានបង្ហោះសារបន្ថែមថា ” ដំណឹងអនុវត្តច្បាប់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអត្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូបនោះហើយ ដោយព្រះរាជអាជ្ញាកំពុងឲ្យប៉ូលីសបញ្ជូនសំណុំរឿង
មកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់”៕

កុលបុត្រ

RELATED ARTICLES