Thursday, April 25, 2024
Homeតារាខ្មែរព្រះកាយច័ន្ទ ៖ ស៊ូបែកស្លាប់ ប្រសើរជាងបែករស់

ព្រះកាយច័ន្ទ ៖ ស៊ូបែកស្លាប់ ប្រសើរជាងបែករស់

ព្រះកាយច័ន្ទ បានដក់ជាប់អារម្មណ៍ស្នេហាក្នុងរឿង “សម្បថដងស្ទឹង” ថា បើបែកគ្នាទាំងនៅមានជីវិតទាំងសងខាង គឺឈឺចាប់ជាងបែកគ្នាដោយស្លាប់ទៅទៀត។ យ៉ាងណា ការឈឺចាប់របស់ព្រះកាយច័ន្ទ ព្រោះបែកគ្នាទាំងនៅរស់មានជីវិតនោះ គឺនាងបានជួបក្នុងសាច់រឿងប៉ុណ្ណោះ ចំណែករឿងស្នេហាផ្ទាល់ខ្លួននៅក្រៅឆាកវិញ នាងថាមិនទាន់ជួបស៊ីជម្រៅបែបនេះទេ ហើយអ្វីដែលនាងមិនអាចបំភ្លេចបាន គឺការលេងក្នុងឈុតមួយក្នុងរឿង “សម្បថដងស្ទឹង” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលពេលនោះនាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ ស្រាប់តែអតីតសង្សារមកប្រាប់ថា គេនៅតែស្រលាញ់នាងដដែល ពេលនោះហើយដែលការឈឺចាប់គ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ។

ព្រះកាយច័ន្ទ វាចាថា “សម្រាប់រឿងស្នេហារបស់ខ្ញុំ គឺមានតែក្នុងរឿង “សម្បថដងស្ទឹង” ហើយតាមរយៈការលេងរឿងនេះ ខ្ញុំគិតថា បើមនុស្សស្រលាញ់គ្នាហើយ បែកគ្នាទាំងនៅរស់នោះ គឺឈឺចាប់ជាងការបែកស្លាប់ទៅទៀត”។

ប៉ុន្តែនាងថា មិនធ្លាប់មានរឿងស្នេហាស៊ីជម្រៅ ហើយខូចចិត្តដោយសារតែរឿងស្នេហានោះទេ អ៊ីចឹង នេះគ្រាន់តែជាទស្សនៈរបស់នាងគិតក្នុងភាពយន្តតែប៉ុណ្ណោះ។

ព្រះកាយច័ន្ទ ជាតារាសម្តែងមានកុងត្រាជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលនាងទទួលបានប្រាក់ខែជារៀងរាល់ខែ ហើយកន្លងមកនាងធ្លាប់ថតភាពយន្តឱ្យប៉ុស្តិ៍នេះក្នុងតំណែងតួឯក បាន៥រឿងមកហើយ ដូចជារឿង “អ្នកណាសម្រក់ទឹកភ្នែកដើម្បីអូន ?”, “ទណ្ឌកម្មស្នេហ៍”, “ពិសស្នេហ៍”,  “ជញ្ជីងជីវិត” និងរឿង “សម្បថដងស្ទឹង”។

ព្រះកាយច័ន្ទ បន្ថែមថា “ខ្ញុំនៅសល់កុងត្រាជាមួយប៉ុស្តិ៍លេខ៥ រយៈពេល៥ខែទៀត។ បើប៉ុស្តិ៍លេខ៥ ចង់ឱ្យខ្ញុំបន្តកុងត្រាថ្មី ខ្ញុំនឹងពិចារណា ព្រោះរយៈពេលដែលខ្ញុំធ្វើការជាមួយគាត់ យើងទទួលបានបទពិសោធន៍ច្រើនណាស់ ពិសេសគឺគាត់ឱ្យតម្លៃតួតែម្តង”។

ព្រះកាយច័ន្ទ បានបង្ហាញខ្លួនទៅចូលរួមកម្មវិធីជប់លៀងរបស់ប៉ុស្តិ៍លេខ៥ កាលពីល្ងាចថ្ងៃទី១៨ ខែមករា នៅភោជនីយដ្ឋានសមុទ្រព្រិល ដែលជាការធ្វើពិធីផ្គួបបញ្ចូលគ្នា ក្រោយទូរទស្សន៍មួយនេះ ថតចប់រឿង៣ព្រមគ្នា គឺរឿង “ភ្លើងគំនុំ”, “និស្ស័យខ្លុយស្នេហ៍” និងរឿង“សម្បថដងស្ទឹង”ដោយមានតារាទាំង៣រឿងចូលរួមញ៉ាំអាហារជាមួយអ្នកដឹកនាំរឿង និងមិត្តរួមអាជីពយ៉ាងសប្បាយរីករាយ។ នៅរាត្រីនោះដែរ គេឃើញព្រះកាយច័ន្ទ ត្រូវបានឪពុករបស់នាងលោកចែម ចាន់តារា ជូននាងទៅតាមដូចរាល់លើកដែរ ដែលសកម្មភាពបែបនេះ គឺជាការតាមការពារកូនស្រីកុំឱ្យមានប្រុសៗតាមឆក់ស្នេហ៍តាមផ្លូវ។

ព្រះកាយច័ន្ទ បាននិយាយលាយឡំសំណើចថា “មិនមែនប៉ាខ្ញុំខ្លាចគេតាមញ៉ែខ្ញុំតាមផ្លូវទេ តែរឿងគាត់តាមខ្ញុំនេះជាទម្លាប់ទៅហើយ គឺតាំងពីតូចម្លេះ។ សម្រាប់ខ្ញុំបើអត់មានគាត់ទៅជាមួយក៏ពិបាកដែរ ព្រោះអីជាទម្លាប់របស់យើងជាច្រើនឆ្នាំមកហើយ រហូតមកដល់ពេលនេះនៅតែមានបន្ត”។

ព្រះកាយច័ន្ទ ថា ក្រៅពីមមាញឹកអាជីពសិល្បៈ នាងក៏ជាប់បង្ហាត់សិស្សរបស់នាងផ្ទាល់ផងដែរនៅព្រះកាយច័ន្ទក្លឹប ដែលពេលនេះមានកូនសិស្សចំនួន៥០នាក់ហើយ  នាងជាអ្នកមានជំនាញរបាំបុរាណ ដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈ តាំងពីឆ្នាំ២០១២។ ប៉ុន្តែដោយសារតែមានទេពកោសល្យ នាងក៏អាចបង្ហាត់ដើរម៉ូដ, សម្តែង, ច្រៀង និងរាំ។

ព្រះកាយច័ន្ទ ថា នាងមិនទាន់មានគម្រោងចូលរោងការឆាប់ៗទេ ព្រោះមិនទាន់រកបានអ្នកត្រូវចិត្ត ហើយនៅអំឡុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នាងក៏ត្រៀមចេញទៅច្រៀងសម្តែងនៅប្រទេសញូហ្សេឡែនដ៍ ជាលើកទី២ផងដែរ៕

RELATED ARTICLES