Wednesday, April 24, 2024
Homeព័ត៌មានជាតិមកដល់វិញ ឃើញផ្ទះបែបនេះ... បានត្រឹមឈរមើលទាំងអស់សង្ឃឹម

មកដល់វិញ ឃើញផ្ទះបែបនេះ… បានត្រឹមឈរមើលទាំងអស់សង្ឃឹម

ខេត្តបាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ដោយមិនដឹងមូលហេតុ ខណៈម្ចាស់ចាក់សោរចោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល។

លំនៅដ្ឋានដែលទទួលរងការឆាបឆេះខាងលើ ជាប្រភេទផ្ទះតៀម មានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សង់អំពីឈើដំបូលស័ង្កសី ជញ្ជាំងស័ង្កសី ដែលមានម្ចាស់ផ្ទះឈ្មោះវ៉ន វី ភេទប្រុស អាយុ៣១ឆ្នាំ មានបន្ទុកគ្រួសារចំនួន៣នាក់ (ស្រី១នាក់)។

លោកសន និល អធិការស្រុករតនមណ្ឌល បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ខាងសមត្ថកិច្ចមិនបានចុះជួយអន្តរាគមន៍ពន្លត់ទាន់ពេលនោះទេ ដោយសារទទួលបានដំណឹងយឺតយ៉ាងពេក ទម្រាំដឹងគឺអ្វីៗវាហួសពេលអស់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការសាកសួរពិនិត្យ ជុំវញកន្លែងកើតហេតុ និងបានវាយតម្លៃទៅលើទំហំនៃការខូចខាតឃើញថា អគ្គិភ័យខាងលើនេះបានឆេះបំផ្លាញផ្ទះឈើតៀមមួយខ្នងអស់ទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់មួយចំនួន រួមមាន ម៉ូតូកូនទា១គ្រឿង ធុងបាស១គូ អំភ្លី១គ្រឿង ទូរទស្សន៍១គ្រឿង អង់តែនទូរទស្សន៍១ ម៉ាស៊ីនកាត់ឈើខ្នាតតូច១គ្រឿង។

មិនតែប៉ុណ្ណោះ ក៏មានសម្ភារជួសជុលគ្រឿងអេឡិចត្រូនិច សម្ភារជួសជុលម៉ូតូ សៀវភៅស្នាក់នៅ សំបុត្រកំណើត និងសម្ភារក្នុងផ្ទះមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់អស់ប្រហែល១០លានរៀល។ 

យ៉ាងណាក្តី មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ គ្រាន់តែដឹងថា អគ្គិភ័យនេះបានកើតឡើង ខណៈដែលម្ចាស់ផ្ទះមិននៅចាក់សោចោល៕

RELATED ARTICLES